បទយកការណ៍៖ អ្នកស្រី វ៉ាត លីដា ខិតខំ​អប់រំ​អ្នកភូមិ​ពី​ការ​បង្ការ​មេរោគ​របេង​កុំ​ឱ្យ​គ្រោះថ្នាក់​ដូច​គ្រួសារ​គាត់

អ្នកស្រី វ៉ាត លីដា កំពុងឈរក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

«ខ្ញុំចង់ឱ្យសហគមន៍យើងទាំងអស់! ទាំងមូលហ្នឹង! កុំឱ្យមានជំងឺរបេងហ្នឹង! តកូនតចៅទៅមុខទៀត។ ចង់ឱ្យបញ្ឈប់ក្នុងពេលឆាប់ៗ»

នេះជាការលើកឡើងរបស់អតីតអ្នកកើតជំងឺរបេងមួយរូប ដែលបានចំណាយពេលវេលាប្រចាំថ្ងៃរបស់​ខ្លួន ដើម្បីធ្វើការងារដោយផ្ទាល់ជាមួយអ្នកកំពុងព្យាបាល​ជំងឺ​របេង បើទោះបី​ជា​គាត់ដឹង​ថា គាត់ត្រូវប្រឈមខ្លាំងក្នុងការឆ្លងក៏ដោយ ក៏រូបគាត់​​ស្ម័គ្រចិត្តអប់រំអ្នកភូមិពីវិធីបង្ការខ្លួន ក្នុងគោលបំណងចង់បញ្ឈប់ការរាលដាលនៃជំងឺឆ្លងតាមផ្លូវដង្ហើមមួយនេះ។

មានវ័យ៣៤ឆ្នាំ​ អ្នក​ស្រី វ៉ាត លីដា រស់នៅ​​ភូមិ​ពាម​ប្រជុំ ឃុំព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល គឺ​ជាពលរដ្ឋម្នាក់​ក្នុងចំណោមប្រជា​ជនរាប់​ពាន់​នាក់​ទៀត​ដែលធ្លាប់រងគ្រោះដោយសារជំងឺ​របេង ដែល​ជំងឺនេះបាន​វាយប្រហារ​ទាំងសុខភាពរាងកាយ ផ្លូវចិត្ត និងជីវភាពរបស់​គាត់។

បុរសម្នាក់កំពុងបើកម៉ូតូនៅមុខមណ្ឌលសុខភាពព្រែកអំបិល ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
បុរសម្នាក់កំពុងបើកម៉ូតូនៅមុខមណ្ឌលសុខភាពព្រែកអំបិល ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អ្នកស្រី​និយាយ​ថា៖ «ធ្លាប់ឆ្លង​កាត់​មក ​វា​ពិបាក។ យើងធ្លាប់​រកលុយបាន ពេល​សម្រាកព្យាបាល​ យើង​ធ្វើអី​អត់​កើត។ យើងត្រូវការថ្នមខ្លួន តែសួតយើងមានបញ្ហា។ យើងធ្វើការ​ធ្ងន់​ វា​អាច​ធ្លាក់​ឈាម»

អ្នកស្រីបន្តថា៖ «បាក់ទឹកចិត្តខ្លួនយើង។ បើពីមុនមានដែរ អ្នករើសអើង! គេថា​ តែទៅជិត ខ្លាចឆ្លងមកគេ»

ព្រោះតែធ្លាប់​រង​ទុក្ខលំបាក​ដោយសារជំងឺរបេង ទើប​ក្រោយ​​ពេល​ដែលបានព្យាបាលជាសះស្បើយ​រួច​មក អ្នកស្រី វ៉ាត លីដា បាន​ស្ម័គ្រចិត្តធ្វើការងារ​ជាមួយ​អង្គការក្នុងស្រុកមួយ ដើម្បីផ្សព្វ​​ផ្សាយ​​អប់រំ​​អ្នក​ភូមិ​នូវ​ចំណេះដឹងស្ដីពីជំងឺ​របេង​ជា​បន្តបន្ទាប់ជិត១០ឆ្នាំមកហើយ។ រហូតមក​ដល់​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២១​ គាត់ត្រូវបានក្រុមការងារបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធានបណ្ដាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងនៃអង្គការខាណា (KHANA) ប្រចាំ​នៅ​ក្នុង​ស្រុក​ស្អាង ខេត្តកណ្ដាល​។

អ្នកស្រី វ៉ាត លីដា ជាកូនទី៥ ក្នុងចំណោមបងប្អូន៨នាក់ ហើយបានបញ្ចប់​ការសិក្សាត្រឹមថ្នាក់ទី៧ប៉ុណ្ណោះ ដោយ​សារ​តែ​ជីវភាព​គ្រួសារ​គាត់​លំបាក​ ទើបគាត់ឈប់រៀន ហើយទៅធ្វើការរោង​ចក្រ។ នៅក្នុងគ្រួសារ ក្រៅពីអ្នកស្រី វ៉ាត លីដា គឺ​សមាជិក​២នាក់ទៀត​ក៏​ធ្លាប់​កើត​ដែរ​ គឺបង​ស្រីរបស់​គាត់និង​ឪពុក ទើប​នាំ​ឱ្យអ្នកភូមិរើសអើងទាំងគ្រួសារ។​

ស្រ្តីវ័យ៣៤ឆ្នាំរូបនេះ រៀបរាប់ថា ក្នុង​នា​ម​ជាប្រធានបណ្ដាញអ្នករងផលប៉ះពាល់ដោយ​សារជំងឺ​របេង អ្នកស្រី​ត្រូវសហការជាមួយគ្រូពេទ្យនៅតាម​មណ្ឌល​សុខ​ភាព​ទាំង​១២ ដែល​មាននៅ​ក្នុង​ស្រុកស្អាង ដើម្បីតាមដានបញ្ហាប្រឈមរបស់អ្នកជំងឺរបេងដែលជួបប្រទះ និងបានលើក​ទឹកចិត្តពួកគេឱ្យខិតខំព្យាបាលដើម្បីឈានទៅរកការជាសះស្បើយ។

អ្នកស្រីថា៖ «អ្នកខ្លះគាត់ [អ្នកជំងឺបេង] ជួបប្រទះ ដូចថាធ្លាប់រកលុយបាន បែរជាអត់មានសមត្ថភាពរកលុយ អង្គុយចាំសុំលុយគេចាយ។ ហើយខ្ញុំលួងលោមថា ខំទៅ ទ្រាំទៅ បើព្យាយាមហូបថ្នាំតែ៣​​ខែទៅ៦ខែ យើងអាចជាដូចដើម»

អ្នកស្រីប្រាប់ថា ការ​ងារ​របស់​គាត់មិនមានពេលវេលាជាក់លាក់ណាមួយនោះទេ ប៉ុន្តែ​រវល់ច្រើន ជាពិសេសថ្ងៃសៅរ៍ និងអាទិត្យ ជាពេលដែលមានមនុស្សនៅតាមផ្ទះច្រើន ដូច្នេះ​គាត់ត្រូវ​ទៅតាមភូមិ ដើម្បីអប់រំដល់ពលរដ្ឋបន្ថែមពីជំងឺរបេង។ ទោះជាពេលខ្លះគាត់ថាចុះតាម​ភូមិ​ម្ដងៗ អ្នកភូមិខ្លះមិនសូវរាក់ទាក់ក៏ដោយ តែគាត់នៅតែព្យាយាមដើម្បីជំរុញឱ្យអ្នកភូមិ​ទៅធ្វើតេស្តនៅមណ្ឌលសុខភាព កុំលាក់ទុក បើសិនជាមានអាការសង្យ័យ។

អ្នកស្រីនិយាយថា៖ «អ្នកខ្លះគាត់ទំនេរតែថ្ងៃអាទិត្យ បើយើងចុះផ្សព្វផ្សាយថ្ងៃអាទិត្យ ១០នាក់ អាចឮ ៨នាក់! បើក្រៅពីថ្ងៃអាទិត្យ អ្នកខ្លះគេទៅធ្វើការអស់។ អ៊ីចឹង​ព្យាយាម ឱ្យតែចាំបាច់គឺទៅហើយ»។

កំពុង​អង្គុយ​លើកៅអីជ័រ​ក្នុងផ្ទះ ដោយមានកូនអាយុ២ឆ្នាំនៅក្បែរផងនោះ អ្នកស្រី វ៉ាត លីដា បាន​រំឭកប្រវត្តិ​នៃ​ការកើតជំងឺរបេងរបស់គាត់ថា កាលពីជិត១០ឆ្នាំ​មុន គាត់មិនបានដឹងថាក្នុងខ្លួន​គាត់​មានជំងឺរបេងនោះទេ ដោយពេលនោះ ក្នុងរាងកាយរ​បស់​គាត់មានអាការ​ខ្សោយកម្លាំង ក្អកញឹកញាប់ បែកញើសស្អិតនៅពេលយប់ និងឆាប់ហត់​​នៅពេលដែលធ្វើការងារធ្ងន់ ហើយក៏បានវិវត្តទៅជាធ្ងន់ធ្ងរ រហូតធ្វើការងារប្រចាំថ្ងៃលែងកើត។

ដោយសារតែគិត​ថាជាជំងឺធម្មតា ទើបគាត់​បានទៅទិញថ្នាំលេបនៅតាមពេទ្យឯកជន មិនបាន​ទៅពិនិត្យសុខភាពត្រឹមត្រូវនោះទេ រហូតមានថ្ងៃមួយ អ្នកភូមិម្នាក់ដែលធ្លាប់ធ្វើការនៅក្នុងសាលាឃុំពីមុន​មក បានឱ្យឯកសារ​មួយ​ទៅ​គាត់ ដើម្បី​ឱ្យទៅថតសួត និង​ធ្វើតេស្តកំហាក​នៅមណ្ឌល​សុខភាព ទើប​ពេទ្យ​ប្រាប់ថា​ គាត់បានកើតជំងឺរបេងហើយ។ ពេលនោះគាត់ត្រូវព្យាបាល​រយៈ​ពេល៦ខែ​ ទើប​បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ ដោយ​ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជ​បញ្ជាពេទ្យ​ជារៀងរាល់ថ្ងៃ ទោះបីជាប្រសិទ្ធភាពថ្នាំបានធ្វើទុក្ខក្នុង​រាងកាយខ្លះក៏ដោយ និងត្រូវរស់នៅ​តាម​ទម្លាប់ថ្មី ដោយត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសារ ទាំងការហូបចុក និងការគេង។

បទពិសោធន៍ជីវិតដ៏លំបាកមួយនេះបានជំរុញឱ្យ​អ្នកស្រី វ៉ាត លីដា សម្រេចចិត្តធ្វើការងារសង្គម​មួយ​នេះ ទាំង​គ្មាន​ប្រាក់​ខែ និង​ហត់នឿយ ព្រោះមិនចង់ឱ្យវាបន្តកើតមានលើអ្នកជំនាន់ក្រោយ​បន្ត។

អ្នកស្រី វ៉ាត លីដា មានកូន​ចំនួន​២នាក់ ក្នុងនោះ​កូនប្រុសច្បង​កំពុង​សិក្សានៅថ្នាក់ទី៨ និងកូនប្រុសទី២​ មានអាយុទើប២ឆ្នាំ។

ជាស្រ្តីមេផ្ទះផង អ្នកស្រី វ៉ាត លីដា ក៏មានមុខរបរលក់មីឆា និងកាហ្វេនៅផ្ទះដែរ តែ​មិន​សូវបាន​លក់​ជាប់​ជា​ប្រចាំ​នោះទេ ព្រោះពេលខ្លះគាត់ត្រូវចូលរួមការបណ្ដុះបណ្ដាលដែលអង្គការតម្រូវចូលរួម​ ដោយ​​ឆ្លង​ខេត្តជាច្រើនថ្ងៃ។ ចំណែកកូនៗវិញ ត្រូវទុកឱ្យប្ដីមើល និងពេលខ្លះយកទៅផ្ញើ​ឪពុក​ម្ដាយ​របស់​គាត់​ជួយ​មើលដែរ។

ឪពុករបស់អ្នកស្រី វ៉ាត លីដា គឺលោក មូល វ៉ាត ថ្លែងថា លោកគាំទ្រឱ្យអ្នកស្រី វ៉ាត លីដា ធ្វើការ​ងារ​ស្ម័គ្រ​ចិត្ត​មួយ​នេះ ដោយថា បាន​ចូល​រួមជំរុញឱ្យពលរដ្ឋ​ចេះការពារខ្លួនពីការឆ្លងជំងឺរបេង កុំឱ្យរងគ្រោះដូចក្រុមគ្រួសារបស់គាត់។

លោក មូល វ៉ាត និយាយថា៖ «ខ្ញុំអត់ជំទាស់អីទេ កូនស្ម័គ្រចិត្តធ្វើអ៊ីចឹងទៅ ក៏ជួយបម្រើបងប្អូនយើង ប្រជាពលរដ្ឋយើង ឱ្យប្រុងប្រយ័ត្នការពារខ្លួន»

បុរសវ័យ៧៣​ឆ្នាំរូបនេះ បានឱ្យដឹងថា គាត់​បាន​កើត​ជំងឺ​របេង​ក្នុង​ឆ្នាំ២០០៣ ហើយថាមូលហេតុ​សំខាន់មួយដែលនាំឱ្យគាត់កើតជំងឺនេះ គឺ​គាត់ចូលចិត្តជក់បារី។ លោកបានចំណាយរយៈ​ពេល៩ខែ ទើ​បបានជាសះស្បើយពីជំងឺនេះ ដោយសារតែជំងឺរបស់គាត់ធ្ងន់ធ្ងរ ទើបត្រូវសម្រាក​​​​នៅមន្ទីរពេទ្យ២ខែ និងត្រូវបន្តលេបថ្នាំ៦ខែ។ ក្នុងពេលនោះ គាត់មិនបានទៅប្រកប​របរចិញ្ចឹម​ជីវិ​ត​ដូចរាល់ដងនោះទេ ដោយសារតែធ្វើទុក្ខក្នុងរាងកាយខ្លាំង។

អង្គការសុខភាពពិភពលោក បានចេញផ្សាយរបាយការណ៍ជាសកលមួយនៅឆ្នាំ២០២១ ដោយ​រក​ឃើញ​ថា នៅកម្ពុជា​មានអ្នកកើតជំងឺរបេងចំនួន២៧៤ករណី និងអ្នកស្លាប់ចំនួន២០នាក់ ក្នុង​ចំណោមប្រជាជន១០០ ០០០នាក់។

ចំណែកការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាន​ឱ្យដឹង​ថា នៅទូទាំងពិភពលោក ក្នុងឆ្នាំ​២០១៨ មានអ្នកឆ្លងជំងឺរបេង​ចំនួន១,៧ពាន់លាននាក់ ហើយមានមនុស្សប្រហែល១,៥​លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយ​សារ​រោគ​របេង​នៅ​ទូទាំង​សកល​លោក។

មន្រ្តី​ជំនួយ​ការសហគមន៍​នៃអង្គការខាណា ( KHANA) ប្រចាំនៅស្រុកស្អាង អ្នកស្រី សោម សារ៉េត មានប្រសាសន៍ថា ការបង្កើតឱ្យមានបណ្ដាញអ្នករងផលប៉ះពាល់​ដោយសារជំងឺរបេងនេះឡើង គឺក្នុងគោលបំណងតាមដានពីស្ថានភាពលំបាករបស់អ្នកកើតរោគរបេង។

អ្នកស្រី​បន្តថា៖ «​យើងចង់លើកកម្ពស់​ទៅដល់អ្នកជំងឺរបេងទាំងអស់នៅក្នុងសហគម៍។ យើងចងក្រងជាក្រុម​ឱ្យ​គាត់បញ្ចេញ​មតិ​យោបល់ អ្វី​ដែល​គាត់​មើល​ឃើញ ពីផលប៉ះពាល់ទៅលើអ្នកកើតរបេង»។

អ្នកស្រី សោម សារ៉េត បន្ថែមថា ក្រុមបណ្ដាញ​ដែល​កំពុងធ្វើការងារជាមួយអ្នកជំងឺរបេងនៅស្រុក​ស្អាង មា​នចំនួន៥នាក់ ហើយពួកគេតែងតែទៅតាមដានពីបញ្ហាប្រឈមរបស់អ្នកកើតជំងឺរបេងនៅតាមមណ្ឌលសុខភាពទាំង១២ ដែលមាននៅស្រុកស្អាង និងចុះអប់រំអ្នកភូមិក្នុងសហមន៍។

អ្នកស្រីសង្កេតឃើញថា អ្នកកើតជំងឺរបេងក្នុងពេលបច្ចុប្បន្ន​កំពុងជួបប្រទះបញ្ហាមួយ​ចំនួន​ ដូចជា ការរើសអើងពីពលរដ្ឋ ការយកលុយបន្ថែមលើថ្លៃសេវាព្យាបាលពីគ្រូពេទ្យ ពិសេស​គឺពួកគេ​ទទួលរងផលប៉ះពាល់ផ្នែកជីវភាពខ្លាំង ដោយសារតែអ្នកកើតជំងឺភាគច្រើនគឺជាពលរដ្ឋក្រីក្រ។

ករណី​នេះ អ្នកស្រី​បាន​ជំរុញឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់បន្ថែមទៀតចំពោះអ្នកដែលកំពុងព្យាបាលជំងឺរបេង ដោយមិនគិតថ្លៃព្យាបាលបន្ថែមលើអ្នកកើតជំងឺរបេង និងឧបត្ថម្ភស្បៀងអាហារ ថវិកាដល់ពួកគាត់ឡើងវិញក្នុងអំឡុងពេលដែលកំពុងព្យាបាល។

អ្នកស្រី សោម សារ៉េត បន្តថា៖ «ចង់ឱ្យក្រសួងសុខាភិបាលមានករណីលើកលែងចំពោះអ្នកកើតរបេង​ហ្នឹង គឺកុំយក​សេវាតែម្ដង។ ហើយទី២ ចង់ឱ្យរដ្ឋាភិបាលហ្នឹងមានវិធានការឡើងវិញ ព្រោះអី​អ្នក[កើត]របេងកាល​ជំនាន់​មុន​ តាមបង​ដឹង អ្នកព្យាបាល​របេង​មាន [ការឧបត្ថម្ភ] ប្រេងឆា ត្រីខ អង្ករ មានថវិកាក្នុងការផ្គត់ផ្គង់ តែឥលូវនេះគឺអត់មានទេ»។

ប្រធាន​មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា បានឱ្យដឹងថា នៅកម្ពុជាមានមនុស្សប្រមាណមួយភាគបីដែលកំពុងឈឺដោយសារជំងឺរបេង ហើយ​ពួក​គេនៅមិនទាន់ទទួលបានការថែទាំនិងព្យាបាលឱ្យបានទាន់ពេលវេលានោះទេ។ លោក​​បង្ហាញការ​ព្រួយ​បារម្ភ​ថា នេះ​ជា​ហានិភ័យមួយដែលអាចធ្វើឱ្យ​​​ផលប៉ះពាល់​​ដល់​សុខភាព​សាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​។

បុរសម្នាក់ជិះម៉ូតូនៅពីមុខមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
បុរសម្នាក់ជិះម៉ូតូនៅពីមុខមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកបន្ត​ថា ជារៀង​រាល់​ឆ្នាំ មាន​អ្នកជំងឺរបេងប្រមាណ៣០ ០០០នាក់បានទៅ​រកការថែទាំ ធ្វើ​រោគ​វិនិច្ឆយនិងព្យាបាលនៅមជ្ឈមណ្ឌលជាតិមួយនេះ ដោយក្នុងឆ្នាំ​២០១៨​ មាន​អ្នក​ជំងឺរបេង​ចំនួន២៨ ៤៦៤​នាក់ និងក្នុងឆ្នាំ២០១៩ មានចំនួន៣០ ១៤៨នាក់ ចំណែកក្នុងឆ្នាំ២០២០ មានអ្នកជំងឺរបេង​ចំនួន២៩ ២៩៩នាក់ ។

យ៉ាងណាក្ដី ចំពោះការស្នើសុំឱ្យមានជាការ​ឧបត្ថម្ភស្បៀងអាហារនិងថវិកាដល់អ្នកជំងឺរបេងឡើងវិញនោះ ត្រូវបានលោក ហួត ចាន់យុដា ពន្យល់ថា ការផ្ដល់ចំណីអាហារនេះ គឺជាកម្មវិធីរបស់អង្គការ​ស្បៀងអាហារពិភពលោក ហើយក៏បានបិទបញ្ចប់យូរឆ្នាំហើយ លើក​លែង​តែការ​ព្យាបាលគឺមិនតម្រូវឱ្យបង់ប្រាក់ទេ។

លោកបន្ថែមថា៖ «សំខាន់បំផុត គឺកម្មវិធីយើងបានផ្ដល់សេវាមានទំនុកចិត្ត ក៏ដូចជាការព្យាបាលដោយមិនបង់ប្រាក់ នេះ​គឺជាការគិតគូរដ៏ធំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិហើយ»

ត្រលប់​មក​រក​អ្នកស្រី​ វ៉ាត លីដា វិញ អ្នកស្រី​​ប្រាប់ថា គាត់ក៏កំពុងរៀបចំហិបមួយ​ចំនួន​ដាក់នៅតាម​វត្តអារាមនានាក្នុងសហគមន៍របស់គាត់ ដើម្បីកៀរគរថវិកាជួយគាំទ្រដល់អ្នកជំងឺរបេងដែលខ្វះខាតខ្លាំង។

ដោយលើកដៃចង្អុលហិបចំនួន៥នៅក្បែរខ្លួន អ្នកស្រីនិយាយថា៖ «នេះយើងស្នើសុំគេដាក់នៅវត្ត ដើម្បីឆាប់បានលុយច្រើន​បន្តិច​ ស្រណុកទិញនេះទិញនោះជូនពួកគាត់ [អ្នកកើតរបេង]។ ចង់និយាយ​ថា ពេល​ដែល​គាត់ឈឺ​ ចាំបាច់​ត្រូវ​ទិញទឹក​ផ្លែ​ឈើ ផ្លែឈើអីក៏ដោយ យើងទិញឱ្យបានដល់ដៃគាត់។ បើពេលគាត់ស្លាប់ ហើយចាំយកលុយទៅចូល​បុណ្យ ក៏អត់ប្រយោជន៍​ដែរ»។

ជាបុគ្គល​ដែល​ធ្លាប់​លំបាក​ដោយ​សារជំងឺរបេង​ក្នុងជីវិតម្ដងរួចទៅហើយនោះ អ្នកស្ រីវ៉ាត លីដា មិន​ចង់​ឱ្យជំងឺនេះកើតមានលើនរណាម្នាក់ទៀតនោះទេ ដោយគាត់មានក្ដីរំពឹងថា ការងាររបស់​គាត់​នឹង​បាន​ចូល​រួម​បញ្ឈប់​ការឆ្លងរាលដាលជំងឺរបេងនៅក្នុងសហគមន៍ ហើយ​គាត់​ប្ដេជ្ញា​ចិត្ត​ថានឹ​ង​បន្តបេសកកម្មរបស់ខ្លួនទៅមុខទៀត ទោះបីជាជួបឧបសគ្គក៏ដោយ។

អ្នកស្រី វ៉ាត លីដា និយាយថា៖ «ខ្ញុំគិតថានឹងបន្តទៅមុខទៀត ដើម្បីឱ្យសហគមន៍​បញ្ឈប់​ជំងឺ​របេង​ឱ្យអស់​ពីប្រទេស​កម្ពុជារបស់យើង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ