ពលរដ្ឋជាង៣០គ្រួសារនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានចោទក្រុមហ៊ុនរបស់លោកឧកញ៉ា សូរ ងួន ថាកំពុងធ្វើសកម្មភាពរំលោភដីធ្លីរបស់ពួកគេដែលបានកាន់កាប់ជាង២០ឆ្នាំ។
លោក ក្រុង រិទ្ធីយ៉ា រស់នៅភូមិទួលដូនតី ឃុំត្រពាំងភ្លាំង ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ដីពលរដ្ឋជាង៣០ហិកតារបស់អ្នកភូមិ៣៦គ្រួសារ មានជម្លោះជាមួយក្រុមហ៊ុន សូរងួន តាំងពីឆ្នាំ២០២១ ខណៈដីនោះ អ្នកភូមិបានចូលទៅកាន់កាប់តាំងពីមុនសម័យសមាហរណកម្ម ដោយដីពលរដ្ឋមួយចំនួនទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ទៀតផង។
លោក ក្រុង រិទ្ធីយ៉ា ដែលអះអាងថាមានដីជាង៤ហិកតាពេញដោយដំណាំហូបផ្លែ បានឱ្យដឹងថា កន្លងមក ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយលើដីប្រជាពលរដ្ឋអស់៦គ្រួសារហើយ ដោយមិនបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋឡើយ។
លោកបន្ថែមថា៖ «ក្រុមបងប្អូនខ្ញុំនៅហ្នឹង គាត់ម៉េចសុខចិត្ត បើពួកគាត់រស់នៅនិងកាន់កាប់នៅហ្នឹងតាំងពីលោក សូរ ងួន មិនដឹងនៅណាផង។ បើលោក សូរ ងួន ចេញមកយកដីពលរដ្ឋតាំងពីសម័យប៉ុលពត សូរងួន មិនបាននៅរស់ដល់ឥលូវនេះទេ។ ប៉ុន្តែឥលូវនេះដោយសារប្រទេសជាតិយើងសុខសាន្ត ស្រាប់តែមានអ្នកមានលុយ ពួកសេដ្ឋីអស់ហ្នឹងមកធ្វើរំលោភយកដីពួកយើង យើងជាប្រជាពលរដ្ឋ យើងមានការឈឺចាប់ណាស់»។
បើតាមលោក ក្រុង រិទ្ធីយ៉ា ដំណោះស្រាយដែលរូបលោក ក៏ដូចជាពលរដ្ឋផ្សេងទៀតចង់បាន គឺទាមទារឱ្យមានការកាត់ឆ្វៀលដីពួកគាត់ចេញពីដីក្រុមហ៊ុន និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ទាំងអស់គ្នានៅតំបន់នោះ។
អនុភូមិទួលដូនតី លោក ឯម ជីម មានប្រសាសន៍ថា ពលរដ្ឋ៣៦គ្រួសារនោះបានចូលទៅរស់នៅនិងបង្កបង្កើនផលលើដីជម្លោះនោះតាំងពីឆ្នាំ១៩៩៧ បន្ទាប់ពីសមាហរណកម្ម មុនក្រុមហ៊ុន សូរងូន ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
អនុភូមិរូបនេះបន្តថា ពាក់ព័ន្ធជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុននេះ ខាងអាជ្ញាធរឃុំកំពុងចុះស្រង់ស្ថិតិនិងធ្វើរបាយការណ៍ជាក់លាក់ដាក់ទៅថ្នាក់ស្រុកនិងខេត្តពិចារណាក្នុងការដោះស្រាយ។
លោកបន្ថែមថា៖ «ខ្ញុំធ្លាប់បានរាយការណ៍ប្រាប់អភិបាលរងខេត្តដែរថា ប្រវត្តិដីនេះ គឺពលរដ្ឋបានមកពីសម័យសមាហរណកម្មនយោបាយឈ្នះៗរបស់ប្រមុខដឹកនាំយើង។ អ៊ីចឹងបានជាពួកគាត់នៅរស់រានមានជីវិតហ្នឹង ហើយគាត់បានមករស់នៅមុខក្រុមហ៊ុន ហើយកាលជំនាន់ហ្នឹង និសិត្សចុះវាស់វែងនោះ គេមិនបានបំពេញឯកសារជូនពួកគាត់គ្រប់គ្នាទេ»។
អភិបាលខេត្តកំពតថ្មី លោក ម៉ៅ ធនិន មានប្រសាសន៍ថា លោកកំពុងឱ្យមន្ត្រីចុះស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់។
លោកបន្ថែមថា៖ «ខ្ញុំនឹងធ្វើការងារនេះ។ ខ្ញុំបានប្រាប់ទៅអភិបាលស្រុកហើយឱ្យផ្អាកសកម្មភាពទាំងសងខាងសិន ដើម្បីយើងបញ្ជាក់ប្លង់សិន»។
វីអូឌី មិនអាចរកការឆ្លើយពីតំណាងក្រុមហ៊ុន សូរងូន ដែលរងការចោទបានទេ នៅថ្ងៃសុក្រនេះ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន១៧ ០៣៣គ្រួសារ បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លីដែលមានទំហំជាង៥០ ០០០ហិកតា (៥២ ៦០១,៨៧ហិកតា)។
សមាគមមួយនេះបញ្ជាក់ថា ការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋដែលលេចធ្លោជាងគេនាពេលនោះ គឺបុគ្គលមានអំណាចចំនួន៦៦ករណី និងបុគ្គលអ្នកមានទ្រព្យចំនួន២៧ករណី៕