ក្រសួងសុខាភិបាល ឱ្យដឹងថា មានមនុស្សជាង៦០នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈមិនមានអ្នកជំងឺស្លាប់ដោយសារជំងឺនេះទេ កាលពីថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៤នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ ចំណែក អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៥១នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៥ ២២២នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣១ ១៦១នាក់ និងអ្នកស្លាប់ចំនួន៣ ០៥២នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់១៣ ៤៣៨នាក់៕