ក្រសួងសុខាភិបាល ឱ្យដឹងថា មានមនុស្សជាង៦០នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈអ្នកជំងឺ២នាក់បានស្លាប់ដោយសារជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៣នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន២នាក់ និងឆ្លងក្នុងសហគមន៍៦១នាក់។ ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៥៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៥ ២៨៥នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣១ ២១៦នាក់ និងអ្នកស្លាប់កើនដល់ចំនួន៣ ០៥៤នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់១៣ ៤៩៩នាក់៕