អភិបាលខេត្តកំពត និងជាក្មួយប្រសាររបស់លោកនាយករដ្ឋមន្ត្រី បានណែនាំទៅនាយកសាលានៅក្នុងខេត្តនេះទាំងអស់ឱ្យទិញរូបថតលោក ហ៊ុន សែន ដាក់បំពាក់នៅតាមសាលារៀន ដើម្បីបង្ហាញការដឹងគុណមេដឹកនាំរូបនេះចំពោះការរំដោះទឹកដីកន្លងមក។
ក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យ អ្នករត់ម៉ូតូឌុប ឬអ្នករត់រថយន្តឈ្នួល និងគ្រូបង្រៀន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ អភិបាលខេត្តកំពត និងជាក្មួយប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ លោក ម៉ៅ ធនិន ថ្លែងថា នាយកសាលាទាំងបឋម និងមត្តេយ្យ ត្រូវទិញរូបលោកនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ ដាក់បំពាក់នៅតាមអគារសាលារៀន ដើម្បីប្រាប់កូនសិស្សនៅតាមសាលាឱ្យបានដឹងរឿងរំដោះទឹកដី។
លោកថា៖ «នៅតាមអគាររបស់យើង លោកនាយកមកទេ លោកនាយកមកតែមួយទេ បាទ! ទៅវិញ ទិញរូបសម្ដេចយើង សម្ដេចតេជោ ព្រះករុណាដាក់ទៅ ។ រៃរ៉ាប់ប្រាប់ សម្ដេច ណែទឹកដីយើង ពីមុនមកវាស្មើសូន្យ ក្រោមសូន្យ យើងបានក្រោយរំដោះឆ្នាំ១៩៧៩ តែបើប្អូនមិនបានកើតមុនថ្ងៃ ៧៩ ទេ កើតក្រោយឆ្នាំ៧៩ លោកយាយលោកតាប្រាប់មក ថាអ៊ីចឹង។ ពីមុនមកអត់មានទេ ឥឡូវហ្នឹង យើងមានអ៊ីចឹង ដោយសារ អ្នកហ្នឹង ដោយសារ សម្ដេច សំខាន់ណាស់ ពាក្យមួយម៉ាត់នេះ គឺថា បានន័យគ្រប់គ្រាន់ នៅក្នុងចំណែកការប្អូនៗបានសងគុណនូវទឹកដីកំណើត សងគុណតម្លៃសន្តិភាព ហើយមានតម្លៃពិតប្រាកដក្នុងនាមបញ្ញវន្ត»។
លោក ម៉ៅ ធនិន បន្តថា លោកគ្រូ-អ្នកគ្រូទាំងអស់គួរប្រាប់ទៅកាន់កូនសិស្សដែលកំពុងបង្រៀន ដើម្បីបង្ហាញពីភាពកត្តញ្ញូ និងជាការរម្លឹកគុណ ដែលមេដឹកនាំរូបនេះ បានកសាង។
លោកងថា៖ «នៅសាលាតើយើងដែលមាននិយាយពាក្យនេះ ហើយយើងចង្អុលទៅកាន់ដំបូលសាលាទេ ថាសាលានេះ អ្នកណាជាអ្នកធ្វើមានដែលប្រាប់ទេ សម្ដេចតេជោជាអ្នកធ្វើ សាលារាប់ម៉ឺនដំបូលសាលាទូទាំងប្រទេស យើងដែលមានប្រាប់ទេ មើលអ្នកណាបានប្រាប់ទះដៃ។ នៅមានកម្រិត យកពាក្យបងទៅគិតនេះ ហើយជាមនសិការដែលយើងចូលរួមការកសាង ការពារនូវសន្តិភាព សងគុណនៅសន្តិភាព និងទឹកដីកំណើតរបស់យើង…»។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត លោក តាក ហាប់ ចាត់ទុកការណែនាំនេះ មិនខុសនោះទេ ប៉ុន្តែការដាក់ឬមិនដាក់អាស្រ័យលើនាយកសាលានីមួយៗ។ លោកបន្តថា ចំពោះការប្រាប់ឱ្យលោកគ្រូ -អ្នកគ្រូណែនាំទៅសិស្សឱ្យដឹងគុណ និងស្រឡាញ់ថ្នាក់ដឹកនាំនោះក៏មិនមានអ្វីខុសដែរ ដោយថា កូនសិស្សត្រូវតែស្រឡាញ់ថ្នាក់នាំបែបនេះហើយ។
លោកថា៖ «មានអីបើគាត់ដាក់មានអី ប៉ុន្តែ យើងមិនទាន់មានការណែនាំពីក្រសួងអប់រំ ។ គាត់ដាក់មិនខុស ព្រោះអីសាលាខ្លះដាក់ សាលាខ្លះក៏អត់ ព្រោះយើងក៏មិនថាអីដែរ»។
វីអូឌីមិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានទេ នៅថ្ងៃអង្គារនេះ។
ទោះជាយ៉ាងនេះក្តី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ចាត់ទុកការសម្រេចរបស់អភិបាលខេត្តកំពតរូបនេះថា ជាការបង្ខិតបង្ខំ និងមិនបានគោរពដល់ព្រះមហាក្សត្រ។ លោកស្រីបន្តថា ការកសាងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។
លោកស្រីថា៖ «អ៊ីចឹងនេះ ជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរហើយ បើសិនជាដាក់រូប ព្រះមហាក្សត្រ ដោយយោងទៅលើប្រទេសយើងមានស្ដេច នេះបានចំជាល្អ។ បើសិនជាដាក់រូបនាយករដ្ឋមន្ត្រីនេះ មិនមែនជាប្រទេសដែលមានស្ដេចគ្រប់គ្រងទេ»។
លោកស្រីថា៖ «នាយករដ្ឋមន្ត្រី គ្រាន់តែជាអ្នកដឹកនាំប្រទេស តាមរយៈការបោះឆ្នោត ប៉ុន្តែប្រទេសមានសេ្ដច ត្រូវតែយកសេ្ដច ជាទីមួយ គោរពស្ដេច ព្រះមហាក្សត្រហ្នឹងហើយ ដែលជាគោលការណ៍នៃប្រទេសកម្ពុជាយើង។ បើសិនជាប្រទេសដែលអត់មានស្ដេច គេត្រូវដាក់រូបនាយករដ្ឋមន្ត្រី»។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ យល់ថា អាជ្ញាធរខេត្តគួរតែពិនិត្យមើលអំពី បាវចនាជាតិ របស់ប្រទេសដែលមាន «ជាតិ សាសនា និងព្រះមហាក្សត្រ»មុននឹងណែនាំទៅកាន់នាយកសាលាឱ្យដាក់រូបនាយករដ្ឋមន្ត្រីនៅតាមអគារសាលានោះ។ លោកចាត់ទុកការណែនាំរបស់អភិបាលខេត្តកំពតនេះថា ជាការជ្រៀជ្រែកការងាររបស់ក្រសួងអប់រំ ខណៈការបញ្ជ្រាបគុណតម្លៃរបស់ថ្នាក់ដឹកនាំ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល និងក្រសួងសាម៉ីដែលជាអ្នកធ្វើការងារនេះ។
លោកថា៖ «អ្វីដែលសំខាន់ យើងគួរមើលទៅលើរដ្ឋធម្មនុញ្ញរបស់យើង តើគេតម្រូវឱ្យយើងធ្វើបែបហ្នឹងអត់ ទី២ យើងមើលពីការដឹងគុណ ពីព្រោះជាទូទៅការដឹងគុណជារឿងមួយ នៅក្នុងសង្គមយើង ដែលយើងយកចិត្តទុកដាក់មែនទែន ហើយយើងក៏អបអរដែរ ក៏ប៉ុន្តែការដឹងគុណ មិនមែនយករូបហ្នឹង ទៅដាក់នៅតាមសាលារៀន ដែលខុសពីបទដ្ឋានជាពិសេសការដាក់រូបទាំងអស់ហ្នឹង យើងត្រូវមើលក្រសួងអប់រំដែលជាស្ថាប័នសាមី ថាតើស្ថាប័នសាមីមានឯកសារ ឬបទដ្ឋានគិតយុត្តណាទៀត ដើម្បីគាំទ្រ ការដាក់តាំងរូបនាយករដ្ឋមន្ត្រី ដើម្បីដឹងគុណ ព្រោះយើងដឹងហើយថាការដឹងគុណមានវិធីសាស្ត្រច្រើនណាស់ត្រូវធ្វើ»។
លោកបណ្ឌិត សេក សុជាតិ បន្តថា ការណែនាំរបស់អភិបាលខេត្តកំពត ដោយតម្រូវឱ្យនាយកសាលាដាក់រូបនាយករដ្ឋមន្ត្រីនៅតាមអគារសាលា និងប្រាប់ទៅកាន់កូនសិស្សត្រូវដឹងគុណអ្នកកសាងអគារបែបនេះ វាជាការដើរខុសពីគោលការណ៍របស់ក្រសួងអប់រំ និងខុសពីវិជ្ជាជីវៈរបស់គ្រូបង្រៀនផងដែរ បើសិនជាការណែនាំនេះ មិនមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ៕