ថ្នាក់ដឹកនាំសហជីពមួយចំនួនបានថ្លែងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មករក្នុងវិស័យកាត់ដេររងការរំលោភសិទ្ធិធ្ងន់ធ្ងរជាបន្តបន្ទាប់ ពីថៅកែរោងចក្រ ស្របគ្នានឹងវិធានទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល ដែលធ្វើឱ្យពួកគេត្រូវប្រឈមបញ្ហាជីវភាពគ្រួសារជាខ្លាំង។
ក្នុងពិធីរំលឹកខួប១៦៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងនៅព្រឹកថ្ងៃអាទិត្យនេះថា ចាប់តាំងពីពេលរដ្ឋាភិបាលអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ជាង២ឆ្នាំមកនេះ កម្មករដែលជាសមាជិកជាង១០០០នាក់ ត្រូវបានថៅកែខិលខូចមួយចំនួនបញ្ឈប់ពីការងារ ព្រមទាំងមិនបានទូទាត់សំណងតាមច្បាប់ការងារ ខណៈក្រសួងពាក់ព័ន្ធខកខានជួយអន្តរាគមន៍ ដើម្បីចាប់បង្ខំថៅកែទាំងនោះឱ្យគោរពច្បាប់របស់កម្ពុជា ។
ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលពិនិត្យឡើងវិញជុំវិញបញ្ហានេះ ដើម្បីទប់ស្កាត់ និងកាត់បន្ថយកុំឱ្យថៅកែ បន្តរំលោភបំពានសិទ្ធិធ្ងន់ធ្ងរលើកម្មករ ស្របពេលក្រុមកម្មករជួបបញ្ហាប្រឈមច្រើនក្នុងសេដ្ឋកិច្ចគ្រួសារ។
លោកជំរុញដូចនេះថា៖ «៣ឆ្នាំចុងក្រោយនេះ នៅក្នុងវិស័យការងារមានបញ្ហាខ្លាំងជាងគេ គឺការបញ្ឈប់កម្មករ ចៅកែបិទរោងចក្រ បិទសណ្ឋាគារ បិទភោជនីយដ្ឋានរំលោភសិទ្ធិកម្មករ ដោយអ្នកខ្លះឱ្យចូលធ្វើការវិញ អ្នកខ្លះមិនឱ្យចូលធ្វើការវិញ។ ពួកគាត់គ្មានកិច្ចសន្យាច្បាស់លាស់ ពួកគាត់ត្រូវបានថៅកែបញ្ឈប់ដោយមិនទូទាត់សំណងបានត្រឹមត្រូវតាមច្បាប់។ យើងស្នើទៅរដ្ឋាភិបាល ជាពិសេសក្រសួងការងារពិនិត្យឡើងវិញ »។
លោកបន្ថែមថា៖ «ក្នុងឆ្នាំ២០២២នេះ យើងស្នើទៅរដ្ឋាភិបាលដំឡើងប្រាក់ខែ២៥០ដុល្លារជូនកម្មករ បញ្ចុះតម្លៃជីកសិកម្ម បញ្ចុះការប្រាក់ធនាគារទាប។ បញ្ចុះតម្លៃប្រេងសាំង ហើយកាត់បន្ថយពន្ធនាំចូលប្រេងសាំង អាចធ្វើឱ្យអ្នកវិនិយោគដំណើរការក្រុមហ៊ុនបាន នៅពេលនោះកម្មករក៏មានការងារធ្វើ សេដ្ឋកិច្ចក៏ដំណើរការល្អ»។
អ្វីដែលគួរឱ្យកត់សំគាល់ លោក អាត់ ធន់ បញ្ជាក់ថា ថ្ងៃបុណ្យជាតិក្នុង១ឆ្នាំ មានចំនួន២៨ថ្ងៃ ប៉ុន្តែជាក់ស្តែងនៅក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលបានកាត់ថ្ងៃឈប់សម្រាកបុណ្យជាតិ៧ថ្ងៃ ដែលនៅសល់តែ២១ថ្ងៃតែប៉ុណ្ណោះក្នុង១ឆ្នាំ។ ចំណែកថ្ងៃបុណ្យជាតិចំនួន២ថ្ងៃក្នុង១ឆ្នាំ ចំថ្ងៃអាទិត្យ លោកថា រដ្ឋាភិបាល ក៏លែងលើកថ្ងៃសម្រាកទៀតដែរ មានន័យថា កម្មករត្រូវបាត់បង់ប្រាក់អត្ថប្រយោជន៍ចំនួន ៩ថ្ងៃក្នុង១ឆ្នាំ ដែលគិតជាទឹកប្រាក់ប្រហែលជា ៦០ដុល្លារក្នុង១ឆ្នាំ។
ទោះជាបែបនេះក្តី លោក អាត់ ធន់ អះអាងថា ក្រោយពីប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ក្រុមសហជីពទាំងក្នុងនិងក្រៅប្រព័ន្ធ យកសំណើ
រួមគ្នាដាក់ជូនទៅរដ្ឋសភា រដ្ឋាភិបាល ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួងមហាផ្ទៃ ក្រសួងការងារ និងតុលាការ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះជូនកម្មករ និងកសិករផងដែរ។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេនៅថ្ងៃអាទិត្យនេះ ។
យ៉ាងនេះក្តី នៅថ្ងៃខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតដែលមានខ្លឹមសារថា ទិវាពលកម្មអន្តរជាតិ ១ឧសភានេះ ត្រូវបានរដ្ឋាភិបាលប្រារព្ធតិចក្តី ច្រើនក្តី ជារៀងរាល់ឆ្នាំ ចាប់ពីតាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ទោះបីឆ្នាំនេះកម្ពុជា និងប្រទេសនានានៅក្នុងសកលលោកកំពុងប្រឈមវិបត្តិកូវីដ-១៩ក៏ដោយ ។
ករណីនេះ រដ្ឋាភិបាលអះអាងថា ទោះកម្ពុជាស្ថិតនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩ ប្រភេទថ្មី ក៏រដ្ឋាភិបាលនៅតែខិតខំរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យប៉ះពាល់លើចំនួនការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
សារលិខិតដដែលបន្តថា រដ្ឋាភិបាលក៏បានដាក់អនុសាសន៍១០ចំណុច រួមមាន គ្រប់គ្រងរោចក្រទាំងអស់ ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមា និងបើកប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២នេះចំនួន១៩៤ដុល្លារ ដោយបើក២ដងក្នុងមួយខែ។ លើសពីនេះ កម្មករព្យាបាលជំងឺមិនបង់ប្រាក់ ហើយ កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសំរាលកូន និងផ្តល់ជូនកូន ១នាក់ ចំនួន៤០ម៉ឺនរៀល ព្រមទាំងទទួលបានប្រាក់បន្ថែមពីរដ្ឋាភិបាល ៥លានរៀលទៀតផងដែរ។
បន្ថែមពីនេះ រដ្ឋាភិបាលនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បតិ្តជូលពលករឱ្យបានទទួលរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញជាដើម ។
ក្នុងសារលិខិតដដែលបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានឡើងពី ១៩២ដុល្លារ ដល់១៩៤ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២២ បើបូកទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលចាប់ពី២១១ដុល្លារ ដល់២២២ដុល្លារក្នុង១ខែ ។
ប្រភពដដែលបន្តថា រដ្ឋាភិបាលបានផ្តល់ឱកាសការងារដល់ពលករធ្វើការនៅក្រៅប្រទេសសរុបចំនួន ១ ៣០១ ៦០៩នាក់ ក្នុងនោះប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ ប្រទេសកូរ៉េខាងត្បូង ៤៥ ៨៦៦នាក់។ ដោយឡែកប្រទេសម៉ាឡេស៊ី ចំនួន ២៣ ០២៧នាក់ ហើយជប៉ុន ១១ ៤៥៣នាក់ សិង្ហបុរី ៨២១នាក់ ដែនដីហុងកុង ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន ៤៣នាក់៕