មេធាវីការពារក្ដីឱ្យអតីតស្ថាបនិកគណបក្សបេះដូងជាតិ បានដាក់បណ្ដឹងឧទ្ធរណ៍រួចរាល់ហើយ តវ៉ាការឃុំខ្លួន ដើម្បីស្នើតុលាការថ្នាក់កណ្ដាលនេះដោះលែងកូនក្ដីរបស់ខ្លួនឱ្យមានសេរីភាពវិញ។
លោក ជូង ជូងី ដែលជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ បានប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា ក្រោយពីបានជួបកូនក្ដីនៅក្នុងពន្ធនាគាររួចមក លោកបានដាក់បណ្ដឹងឧទ្ធរណ៍រួចហើយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីស្នើដល់តុលាការដោះលែងកូនក្ដីរបស់លោកឱ្យមានសេរីភាពវិញ។ លោកបន្តថា ក្រឡាបញ្ជី នៃសាលាដំបូងរាជធានីភ្នំពេញ ទើបឆ្លើយតបមកលោកនៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា បណ្ដឹងនេះ តុលាការនឹងបញ្ជូនទៅឧទ្ធរណ៍ឆាប់ៗនេះ ក្រោយពីពិនិត្យរួចរាល់។
បើតាមលោកមេធាវី ជូង ជូងី យល់ឃើញថា នេះជាភាពយឺតយ៉ាវមួយរបស់តុលាការក្រុងភ្នំពេញ ដែលមកដល់ពេលនេះ មានរយៈពេលជិត១អាទិត្យទៅហើយ តែបណ្ដឹងរបស់លោក តុលាការនៅមិនទាន់បានចាត់ការនៅឡើយ។
លោកបន្តថា៖ «ព្រឹកមិញនេះ ខ្ញុំបានជួបក្រឡាបញ្ជីដែលកាន់រឿងហ្នឹងហើយ ខ្ញុំសុំឱ្យគាត់ឆាប់បញ្ជូនទៅឧទ្ធរណ៍ ហើយគាត់ឆ្លើយតបថា គាត់កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅ។ ហើយខ្ញុំដូចជាចាប់អារម្មណ៍ហាក់ដូចជាយឺតយ៉ាវ ព្រោះថ្ងៃនេះ គឺជាថ្ងៃព្រហស្បតិ៍ទៅហើយ គឺជិត១សប្ដាហ៍ទៅហើយ គាត់អត់ទាន់បញ្ជូនទៅ! ព្រោះរឿងហ្នឹងបណ្ដឹងត្រូវបញ្ជូនទៅភ្លាមៗ ហើយចាត់ការភ្លាមៗ ពាក់ព័ន្ធការឃុំខ្លួនអ៊ីចឹង»។
លោក សៀម ភ្លុក ត្រូវបានតុលាការចោទប្រកាន់ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសភ្លាមៗនៅថ្ងៃដដែលនោះ។ នេះបើតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា។
តុលាការកំពូល កាលពីខែធ្នូ ឆ្នាំ២០២១ បើកសវនាការលើបណ្ដឹងទាស់របស់លោក សៀម ភ្លុក ប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលបដិសេធមិនចុះបញ្ជីឱ្យគណបក្សថ្មីថ្មោងមួយនេះក្លាយជាគណបក្សស្របច្បាប់។ ទន្ទឹមនឹងនេះ តុលាការកំពូលក៏បានតម្កល់សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃដែលច្រានចោលការចុះបញ្ជីនេះ ទុកជាបានការ។
វីអូឌី មិនអាចស្នើសុំការបញ្ជាក់ជុំវិញរឿងនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។
លោក សៀម ភ្លុក ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ ដើម្បីបង្កើតគណបក្សបេះដូងជាតិ កាលពីខែមិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
របាយការណ៍ដដែលបង្ហាញថា លោក ស ខេង បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវស្រាវជ្រាវរកបុគ្គលដែលមានចេតនាទុច្ចរិត ក្នុងការផ្ដិតមេដៃជំនួស និងការក្លែងអត្តសញ្ញាណបុគ្គល ជាដើម។
ចំណែកលោក សៀម ភ្លុក ធ្លាប់ប្រាប់វីអូឌីថា បើស្ថិតក្នុងមន្ទិលសង្ស័យស្នាមមេដៃក្លែងក្លាយ និងស្នាមមេដៃខូចគុណភាព ឬមានស្នាមមេដៃស្ទួនមែន ក្រសួងមហាផ្ទៃអាចមានសិទ្ធិបដិសេធឬទាត់ចោលបាន ដោយមិនត្រូវចាត់ទុកស្នាមមេដៃទាំងនោះ ប្រែក្លាយទៅជាបទល្មើសព្រហ្មទណ្ឌនោះទេ។
អ្នកសម្របសម្រួលគម្រោងបង្កើនការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក រស់ សារ៉ាត់ លើកឡើងថា នឹងធ្វើឱ្យប៉ះពាល់ទៅលើសិទ្ធិសេរីភាពរបស់ពួកគេ ជាពិសេសសិទ្ធិទទួលបានការជំនុំជម្រះដោយឆាប់រហ័ស និងសេរីភាពនៃការដើរហើរ ជាដើម។
បើតាមលោក រស់ សារ៉ាត់ បើទោះជាជនសង្ស័យចេញពីប្រភពណាមួយក៏ដោយ តុលាការក្នុងនាមជាអ្នកផ្ដល់នូវយុត្តិធម៌សង្គម ត្រូវអនុវត្តនូវគោលការណ៍ នីតិវិធី និងគតិយុត្តដទៃទៀត ដើម្បីធានាថា ជនសង្ស័យ ឬជនជាប់ចោទ អាចនឹងទទួលបាននូវយុត្តិធម៌ដោយស្មើភាពគ្នានៅចំពោះមុខច្បាប់។
លោកបន្តថា៖ «ជនជាប់ចោទ គាត់មាននិន្នាការមកពីគណបក្សណាក៏ដោយ មិនថាប្រឆាំង ឬមកពីគណបក្សប្រជាជនកម្ពុជាក៏ដោយ តុលាការត្រូវតែផ្ដល់យុត្តិធម៌ដល់គាត់ ដើម្បីធានាថា ប្រទេសកម្ពុជាយើងគឺជាប្រទេសដែលមាននីតិរដ្ឋពិតប្រាកដ»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។
ដោយឡែក ច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា៩ ចែងថា ប្រជាពលរដ្ឋខ្មែរចំនួនយ៉ាងតិច៨០នាក់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ ហើយដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា មានសិទ្ធិផ្ដើមបង្កើតគណបក្សនយោបាយមួយបាន ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរវិញថាបានទទួលសេចក្ដីជូនដំណឹងនេះ ក្នុងរយៈពេលយ៉ាងយូរ១៥ថ្ងៃ។ បើហួសការកំណត់១៥ថ្ងៃនេះ ត្រូវចាត់ទុកថាបានទទួលសេចក្ដីជូនដំណឹងនេះហើយ៕
កែតម្រូវ៖ «អ្នកសម្របសម្រួលគម្រោងបង្កើនការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក រស់ សារ៉ាត់ ចាត់ទុកការឃុំខ្លួនជនណាម្នាក់ ប្រាកដណាស់ថានឹងធ្វើឱ្យប៉ះពាល់ទៅលើសិទ្ធិសេរីភាពរបស់ពួកគេ ជាពិសេសសិទ្ធិទទួលបានការជំនុំជម្រះដោយឆាប់រហ័ស និងសេរីភាពនៃការដើរហើរ ជាដើម។» ទៅជា «អ្នកសម្របសម្រួលគម្រោងបង្កើនការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក រស់ សារ៉ាត់ លើកឡើងថា នឹងធ្វើឱ្យប៉ះពាល់ទៅលើសិទ្ធិសេរីភាពរបស់ពួកគេ ជាពិសេសសិទ្ធិទទួលបានការជំនុំជម្រះដោយឆាប់រហ័ស និងសេរីភាពនៃការដើរហើរ ជាដើម។»