តំណាងពលរដ្ឋប្រមាណ២០នាក់ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្ដុំគ្នាមុខរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីតាមដានញត្តិ និងជំរុញទៅមន្ត្រីស្ថាប័ននេះពន្លឿនការដោះស្រាយផលប៉ះពាល់ដីធ្លីជូនពួកគេ ដោយសារបារម្ភខ្លាចមានការបណ្ដេញចេញទាំងបង្ខំ។
អ្នកស្រី ហ៊ន ពៅ អះអាងជាតំណាងពលរដ្ឋមកពីសហគមន៍ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ប្រាប់វីអូឌីថា កាលពីចុងឆ្នាំ២០២១ ពួកគាត់បានដាក់សំណើមួយទៅរដ្ឋបាលរាជធានីភ្នំពេញ ឱ្យជួយដោះស្រាយដល់គ្រួសារដែលកំពុងរងផលប៉ះពាល់ទាំងស្រុងនិងផ្នែកខ្លះនៃគម្រោងអភិវឌ្ឍន៍ផ្លូវដែក។
ពលរដ្ឋរូបនេះបន្តថា រហូតមកដល់ពេលនេះ ខាងរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ នៅមិនទាន់បានដោះស្រាយជូនពួកគាត់នៅឡើយ ខណៈផ្ទះពលរដ្ឋនៅខណ្ឌផ្សេងដែលរងផលប៉ះពាល់ដែរត្រូវបានរុះរើ។ បើតាមអ្នកស្រី ហ៊ន ពៅ នៅក្នុងភូមិ២៣នេះ មានពលរដ្ឋ២៦គ្រួសារបានរងផលប៉ះពាល់ ហើយដំណោះស្រាយដែលពួកគាត់ចង់បាន គឺទី១ សុំអភិវឌ្ឍនៅនឹងកន្លែង និងមួយទៀតសុំដោះដូរដីនៅក្នុងខណ្ឌទួលគោកដដែល។
អ្នកស្រីនិយាយថា៖ «បារម្ភខ្លាចគេអភិវឌ្ឍ គេចុះរុះរើ ដោយមិនបានប្រាប់យើងជាមុន។ យើងចង់បានថា យើងចរចាគ្នា ឬដោះស្រាយជាមុនសិន ចាំធ្វើ។ សម្រាប់ពួកខ្ញុំ ចង់អភិវឌ្ឍន៍នៅនឹងកន្លែង ព្រោះកន្លែងហ្នឹងផ្លូវធំ វាមានអាទិភាពច្រើនជាងគេ»។
ពលរដ្ឋម្នាក់ទៀតមកពីសហគមន៍ភូមិ១៦ សង្កាត់បឹងកក់២ លោក គា ភារ៉ា បាននិយាយថា នៅសហគមន៍គាត់មានពលរដ្ឋរងផលប៉ះពាល់តែ៤គ្រួសារប៉ុណ្ណោះ ប៉ុន្តែប៉ះពាល់ទាំងស្រុង។ លោកបន្តថា ការដែលអាជ្ញាធរពន្យារពេល មិនដោះស្រាយជូនពលរដ្ឋនេះ បានធ្វើឱ្យពួកគាត់ជួបការលំបាកជាខ្លាំង ដោយសារផ្ទះសម្បែងចាស់ទ្រុឌទ្រោមមិនអាចជួសជុលថ្មីបាន ហើយម្យ៉ាងទៀតព្រួយបារម្ភខ្លាចមានការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
លោកបន្ថែមថា៖ «ពួកខ្ញុំមកតាមដានញត្តិនេះ ដើម្បីចង់ដឹងថាសាលាក្រុងមានដំណោះស្រាយបែបណា ត្រូវប្ដូរទីតាំងឬបែបណា! ព្រោះពួកខ្ញុំបារម្ភ ដោយសារផ្នែកនៃផ្ទះរបស់ខ្ញុំបានចាស់ទ្រុឌទ្រោម ដល់ពេលជួសជុលធ្វើអីទៅ ស្រាប់តែអាជ្ញាធរមករុះរើ ធ្វើឱ្យយើងខាតបង់លុយកាក់»។
អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ថាកំពុងជាប់រវល់ប្រជុំ ដោយលោកបង្វែរឱ្យទៅសួរអ្នកនាំពាក្យវិញ ប៉ុន្តែ វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអភិបាលខណ្ឌទួលគោក លោក ជា ពិសី បានទេ នៅថ្ងៃនេះ។
បើតាមតំណាងពលរដ្ឋដែលប្រមូលផ្ដុំនៅព្រឹកមិញនេះ គឺខាងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ឱ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់ ដោយថា អាជ្ញាធរកំពុងដំណើរការដោះស្រាយ ហើយប្រសិនមានការអភិវឌ្ឍ ឬមានការឈូសឆាយណាមួយ អាជ្ញាធរនឹងជូនដំណឹងជាមុន។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា កន្លងមក លោកសង្កេតឃើញអាជ្ញាធរមូលដ្ឋានតែងតែមានភាពយឺតយ៉ាវក្នុងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលធ្វើឱ្យពួកគេមានការព្រួយបារម្ភពីការបណ្តេញចេញទាំងបង្ខំ ដូចសហគមន៍ដីធ្លីផ្សេងទៀត។
មន្ត្រីសិទ្ធិមនុស្សរូបនេះជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការដោះស្រាយជូនពលរដ្ឋឱ្យបានសមរម្យ និងអាចទទួលយកបាន ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ។
លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវដោះស្រាយជូនពួកគាត់ជាលក្ខណៈអភិវឌ្ឍន៍នៅនឹងកន្លែងក្ដី ឬមួយក៏ដោះដូរទីតាំងណាដែលសមតុល្យរវាងដីដែលគាត់កំពុងរស់នៅ និងដីដោះដូរថ្មី ឬដោះស្រាយសំណងដែលអាចយកទៅទិញដីឬផ្ទះដែលអាចនៅបាន ស្របទៅតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់រដ្ឋធម្មនុញ្ញដែលពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការរស់នៅលើដី និងមានលំនៅឋានសមរម្យ»។
បើតាមការអះអាងរបស់តំណាងពលរដ្ឋ អ្នកដែលរងផលប៉ះពាល់ពីគម្រោងផ្លូវដែកនេះមានប្រមាណ៧០គ្រួសារ មកពីសហគមន៍ចំនួន៤ រួមមាន សហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍ភូមិ១៧ សហគមន៍ភូមិ២៣ ស្ថិតក្នុងខណ្ឌទួលគោក និងសហគមន៍ភូមិ២ ក្នុងខណ្ឌដូនពេញ៕