ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ស្នើអាជ្ញាធរពន្លឿនការដោះស្រាយ ខណៈពួកគេបារម្ភពីការបណ្ដេញចេញដោយបង្ខំ

ពលរដ្ឋរស់នៅភូមិ១៦ ភូមិ​១៧ ភូមិ២ និងភូមិ​២៣​ ស្ថិត​ក្នុង​សង្កាត់​​បឹង​​កក់២ សង្កាត់ស្រះចក និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងខណ្ឌដូនពេញ ​ប្រមូល​ផ្ដុំតវ៉ា​​នៅ​មុខរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​ទាមទារឱ្យមានដំណោះ​ស្រាយក្រោយរង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ (Chamroeun Thy)

ពលរដ្ឋមួយក្រុម​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅរាជធានីភ្នំពេញ ស្នើជាថ្មីទៀតទៅរដ្ឋបាល​​​រាជធានីភ្នំពេញ ពន្លឿនការ​ដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ខណៈពួកគាត់​បារម្ភពីការបណ្តេញចេញដោយ​បង្ខំ និង​មិន​ទទួល​បានសំណង​​សមរម្យ ដោយ​សារ​អាជ្ញាធរនៅ​តែចង្អុល​បង្ហាញ​ឱ្យ​ពួកគេ​ទទួល​យក​ដី​នៅ​ក្រុម​ហ៊ុន​7NG ស្ថិត​នៅ​ខេត្ត​កណ្ដាល។

ប្រជាពលរដ្ឋ​រស់នៅភូមិ១៦ សង្កាត់ទឹកល្អក់១​ ខណ្ឌទួលគោក ​លោក គា ភារ៉ា ដែល​អះ​អាង​ថា រង​ផល​ប៉ះ​ពាល់​​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅរាជធានីភ្នំពេញ បានឱ្យវីអូឌីដឹងនៅថ្ងៃព្រហស្បតិ៍​នេះ​ថា កាល​ពី​រសៀលថ្ងៃពុធម្សិលមិញ មន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញ បានណាត់ជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ​អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជជែក​គ្នារកដំណោះស្រាយ។ លោកបន្តថា ក្រោយពីជួបជជែក​គ្នា មន្ត្រី​ពាក់​ព័ន្ធ​ទាំង​នោះនៅ​តែ​ប្រាប់​ពួក​គាត់​ឱ្យ​ទទួល​​យក​ដីនៅ​​តំបន់​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​​ 7NG ស្ថិត​​​នៅ​​ខេត្ត​កណ្ដាល និង​តំបន់​គោក​ខ្សាច់ ​ដែលមា​ន​ចម្ងាយ​ប្រមាណ ៥ ទៅ ៦គីឡូម៉ែត្រ ពី​រាជធានីភ្នំពេញ ដោយថា នៅតំបន់នោះកំពុងធ្វើការអភិវឌ្ឍ មានផ្លូវ ទឹក ភ្លើង ផ្សារ និងរោងចក្រ ក្បែរនោះ​ថែមទៀត​ផង។

យ៉ាងណា លោកថា ពួកគាត់​មិន​ព្រមទ​ទួល​យក​ដីនៅ​តំបន់​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​​ 7NG នោះទេ​ ហើយ​ពួកគេនៅតែទទូចទៅអាជ្ញាធរ​ផ្តល់​ដី​នៅក្បែ​រ​ «​វត្តទួល​អស់​លោក» ឬដី​​ក្នុ​ង​​ខណ្ឌ​ទួល​គោក ដែលស្ថិតនៅក្បែរទីប្រជុំជន ដើម្បីឱ្យ​ពួកគាត់​ងាយស្រួល​​រកប្រាក់ទ្រទ្រង់​ជីវភាព​គ្រួសារ និងងាយស្រួលកូនៗទៅសិក្សា ជាដើម។

លោកនិយាយថា៖ «យើងសួរបងប្អូនប៉ុន្មានគ្រួសារហ្នឹង គាត់ចង់បានដីនៅក្បែរ​វត្តទួល​អស់​លោក ដោយ​សារ​ដី​នៅតំបន់​នោះ​ វាមាន​ការ​អភិវឌ្ឍ​ខ្លាំងជាងតំបន់ផ្សេងៗ ពីព្រោះកន្លែង​នោះ ​វា​មាន​សាលា​រៀន មាន​មន្ទីរពេទ្យ ជិតហ្នឹងទាំងអស់! ហើយដូ​ច​នៅ 7NG តំបន់មិនទា​ន់​អភិវឌ្ឍ មានប្រជាពលរដ្ឋជាច្រើនដែលគាត់បានចាកចេញទៅទីនោះ គាត់ថាអត់ទាន់មានទឹក មានភ្លើង ក៏អត់ទាន់​មាន​ការអភិវឌ្ឍ​ទេ»។

ប្រជាពលរដ្ឋ​ដែល​រងផលប៉ះពាល់ម្នាក់ទៀត អ្នកស្រី មាស ស្រីភាព រស់នៅភូមិ១៦ សង្កាត់ទឹកល្អក់១ បានឱ្យដឹងថា ពួកគេមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែពួកគាត់ចង់បានសំណងសមរម្យ ដូចពលរដ្ឋដែលរងផលប៉ះពាល់​ដូច​គ្នា ពីព្រោះអ្នកដែលរងផលប៉ះពាល់នៅផ្លូវដែកនោះដូច​គ្នា បែរជាអ្នកខ្លះទទួលបានដីនៅក្បែរ​ «​វត្តទួល​អស់​លោក» ឬដី​​ក្នុ​ង​​ខណ្ឌ​ទួល​គោក ដែលស្ថិតនៅក្បែរទីប្រជុំជន ខណៈពួកគេបែរជាអាជ្ញាធរផ្តល់ឱ្យទៅ​តំបន់​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​​ 7NG ទៅវិញ។

ករណី​នេះ អ្នកស្រីថា បើអាជ្ញាធរនៅតែមិនផ្តល់ដីនៅក្បែរ​ «​វត្តទួល​អស់​លោក» ឬដី​​ក្នុ​ង​​ខណ្ឌ​ទួល​គោក​ទេ នោះពួកគេនៅតែបន្តតវ៉ា​រហូតទទួលបានដំណោះស្រាយសមរម្យ។

អ្នកស្រីនិយាយ​ដូច្នេះថា៖ «ពួ​កខ្ញុំប៉ះពាល់ផ្លូវដែកដូចគ្នា ឱ្យពួកខ្ញុំទៅនៅខាងគោកខ្សាច់ ខាងក្រុមហ៊ុន 7NG! អ៊ីចឹង​វា​ខុស​គ្នាឆ្ងាយ​មែន​ទែន ខ្ញុំអត់ទទួលយកទេ។ បើខ្ញុំសុំថាចង់បាននៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក។ បើអត់បាននៅក្នុងខណ្ឌហ្នឹង ខ្ញុំសុំឱ្យដូចខណ្ឌដែលគេចែកឱ្យអ្នកមុនមកក៏បានដែរ។ បើគេ[អាជ្ញាធរ]មិនព្រម យើងនឹងដាក់ញត្តិម្តងទៀត និងតវ៉ារហូតមានដំ​ណោះ​ស្រាយ​មួយ​សមរម្យដែលខ្ញុំទទួលយកបាន»។

វីអូឌី មិនអាចសុំការបញ្ជាក់ករណីនេះ​ពីអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ នៅថ្ងៃនេះ ។

អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​ នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត សង្កេត​ឃើញ​​ថា អាជ្ញាធរពាក់ព័ន្ធដែលដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋដែលរង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែកនេះ នៅ​មិនទាន់​មាន​តម្លា​ភាពនៅឡើ​យ ដោយ​សារអ្នកខ្លះទទួលបានដីនៅក្នុងរាជធានីភ្នំពេញ និងខ្លះទៀតបែរជាអាជ្ញាធរបង្ខំឱ្យពួកគាត់ទៅយកនៅខេត្តកណ្តាល​ទៅ​វិញ។ ករណីនេះ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការដោះស្រាយដីធ្លីជូនពលរដ្ឋដែលរងផលប៉ះពាល់ ទទួលបានសំណងដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដើម្បីកុំឱ្យមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «យើងដឹងហើយថា កន្លងមក មានការដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ពីសហរដ្ឋអាមេរិក មកដល់​ពេលបច្ចុប្បន្ននេះ ដោយសារតែគេចង់ជំរុញរដ្ឋយើង​ឱ្យធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ រួមទាំងប្រជាពលរដ្ឋដែលរងប៉ះពាល់​ដោយ​សារ​ដីធ្លី​ឱ្យ​បាន​សមរម្យ ឱ្យគោរពសិទ្ធិមនុស្ស ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស។ ប៉ុន្តែបើសិនជាយើង​មិន​បាន​អនុវត្ត ហើយនៅតែព្រងើយកន្តើយអនុសាសន៍របស់គេអ៊ីចឹង​ កិត្តិ​សព្ទ​របស់​រដ្ឋ​យើង នៅតែមានការវាយតម្លៃពីអន្តរជាតិ ថាប្រទេសយើងអន់ថយក្នុ្ងងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។

បើតាមការអះអាងរបស់តំណាងពលរដ្ឋ​ ពលរដ្ឋដែល​រងផលប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​នេះមានប្រមាណ ៧០គ្រួសារ មក​ពី​​សហគមន៍​ចំនួន​​៤ រួ​មមា​ន សហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍ភូមិ​១៧ សហគមន៍ភូមិ២៣​ ស្ថិតក្នុងខណ្ឌទួលគោក និង​សហគមន៍ភូមិ​២ ក្នុងខណ្ឌដូនពេញ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរបានដោះស្រាយដីធ្លីជូនពលរដ្ឋដែលរងផលប៉ះពាល់ជាបណ្តើរ​ខ្លះហើ​យ ខណៈនៅសេសសល់មួយចំនួនទៀតកំពុងបន្តតវ៉ាទាមទារដីធ្លីមកដល់បច្ចុប្បន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ