ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រោយចង្វារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC បាននាំគ្នាដាក់ញត្តិជាថ្មីនៅសាលារាជធានីភ្នំពេញ ស្ថានទូតកាណាដា និងធនាគារពិភពលោក ដើម្បីជំរុញឲ្សស្ថាប័នទាំងនោះជួយដោះស្រាយបញ្ហារបស់ពួកគេ។
នៅព្រឹកថ្ងៃព្រហស្បត៍នេះ ពលរដ្ឋជាង៥០នាក់បាននាំគ្នាធ្វើការតវ៉ា និងដាក់ញត្តិទៅស្ថាប័នទាំង៣ជាថ្មីទៀត ដោយពួកគេអះអាងថា ការតវ៉ា និងការដាក់ញត្តិកន្លងមកច្រើនសារនៅតែពុំទាន់មានដំណោះស្រាយ។
តំណាងពលរដ្ឋមកពីភូមិគរខាងត្បូង សង្កាត់ជ្រោយចង្វារ លោក ជា សុផាត បានឲ្យអ្នកសារព័ត៌មានដឹងថា កន្លងមកសាលារាជធានីបានហៅពួកលោកទៅដោះស្រាយចំនួន២លើកមកហើយ ដោយលោកថា សាលារាជធានីបានផ្តល់ជម្រើសដែលលោកថាពលរដ្ឋមិនអាចទទួលយកបាន។
លោកថា៖ “កន្លងមក សាលាក្រុងបានហៅពួកយើងខ្ញុំដោះស្រាយពីរដងហើយ គឺថាទិញ(តម្លៃ)ប៉ុន្មានឲ្យប៉ុណ្ណឹងវិញ ទិញតម្លៃប៉ុន្មាន យកឯកសារមកសាលាក្រុងឲ្យប៉ុណ្ណឹងវិញ។ មួយទៀតបើមិនអីចឹងទេ គេឲ្យ១៥ដុល្លារក្នុង១(ម៉ែត្រ)ការ៉េ ហើយមួយទៀតបើយកដីឲ្យ១០% … អីចឹង តើការបែងចែករបស់សាលាក្រុងដែលសាលាក្រុងបានបែងចែកនោះមានសមភាពជាមួយសង្គមបរិយាកាស និងមានយុត្តិធម៌សម្រាប់ប្រជាជនដែលរងគ្រោះដែរអត់?”។
លោកបន្តថា ក្រុមប្រជាពលរដ្ឋនឹងធ្វើការតវ៉ាទាល់តែមានដំណោះស្រាយលើករណីនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីកំពុងពិនិត្យ និងដោះស្រាយបញ្ហានេះ។
មន្ត្រីផ្នែកច្បាប់នៃអង្គការ NGOs Forum លោក ណន អូនី ដែលបានតាមដានលើករណីនេះ ប្រាប់អ្នកសារព័ត៌មានថា ដើម្បីដោះស្រាយលើបញ្ហានេះក្រុមហ៊ុនOCIC គួរតែបញ្ឈប់សកម្មភាពរបស់ខ្លួននៅលើដីមានទំនាស់ ហើយធ្វើការដោះស្រាយជាមុន។
លោកថា “ងាកមករកការចរចាបញ្ចប់នូវដំណោះស្រាយជាមួយប្រជាពលរដ្ឋសិន ទើបយើងបន្តអភិវឌ្ឍន៍ទៀត បើសិនយើងនៅតែបន្តធ្វើរបៀបនេះមានន័យថា យើងទុកឲ្យបញ្ហាប្រជាពលរដ្ឋកាន់តែរីកធំឡើងៗ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែឈឺចាប់កាន់តែក្រីក្រកាន់តែបាត់បង់ឪកាសនៅក្នុងការធ្វើការងារបម្រើជូនរដ្ឋ”។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន OCIC បាននៅឡើយទេ។
បើតាមញត្តិរបស់ពលរដ្ឋដែលបានដាក់ជូនស្ថាប័នទាំង៣ ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍសរុប៣៥៩គ្រួសារ លើផ្ទៃដីសរុបទំហំជាង១៨៥ហិកតា៕