គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថានឹងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី១០ ខែមិថុនា ឱ្យដឹងថា គ.ជ.ប ទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
គ.ជ.ប ថាបន្ទាប់ពីបានទទួលសម្ភារនិងឯកសារខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ទាំងអស់ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹកតទៅ នៅទីស្តីការ គ.ជ.ប។
គ.ជ.ប ក៏បានអញ្ជើញគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិផង ចូលរួមសង្កេតមើលនិងយកព័ត៌មាននៅថ្ងៃពិនិត្យនិងផ្ទៀងផ្ទាត់នោះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែងសម្រាប់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១ ៦២២ នៅក្នុងឃុំសង្កាត់សរុបចំនួន១ ៦៥២នៅទូទាំងប្រទេស៕