យុវជនចលនាមាតាធម្មជាតិ ប្ដេជ្ញាចិត្តបន្ដធ្វើជាសកម្មជនបរិស្ថាន ដោយពួកគេចូលរួមជាមួយគ្នាឡើងវិញ ចាប់ផ្ដើមផ្សព្វផ្សាញពីបញ្ហាបរិស្ថានតាមរយៈទំព័រឬផេក «មាតាធម្មជាតិកម្ពុជា (Mother Nature Cambodia)» បន្ទាប់ពីពួកគេបានផ្អាកសកម្មភាពមួយរយៈដោយសារមានរឿងក្ដីក្ដាំនៅតុលាការកន្លងមក។
យុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ បានប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ក្រោយពេលពួកគាត់ចេញពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារសកម្មភាពការពារបរិស្ថាននោះ ពួកគាត់នៅតែបន្ដធ្វើជាសកម្មជនបរិស្ថានដដែល។ លោកបន្តថា សកម្មជនចលនាមាតាធម្មជាតិនៅតែមានទឹកចិត្តស្រឡាញ់ និងចូលរួមការពារបរិស្ថាន ដែលកន្លងមកពួកគាត់ធ្វើការពាក់ព័ន្ធរឿងសំរាម ទឹកស្អុយ និងការពារព្រៃឈើ ជាដើម។
ជាមួយគ្នានេះ លោកថា ពួកគាត់គ្រោងនឹងចេញវីដេអូផ្សព្វផ្សាយលើទំព័រឬផេក «មាតាធម្មជាតិ (Mother Nature Cambodia)» អំពីបញ្ហាបរិស្ថានក្នុងពេលឆាប់ៗខាងមុខនេះ។
លោក លី ចាន់ដារ៉ាវុធ លើកឡើងថា៖ «មាតាធម្មជាតិនៅតែនៅរស់ នៅតែបន្ដធ្វើការងារដើម្បីការពារធនធានធម្មជាតិរបស់កម្ពុជាដដែល ហើយក៏ជាការលើកទឹកចិត្តមួយដល់សកម្មជនផ្សេងទៀតដែលកំពុងតែទទួលរងគំនាបដូចយើង ឱ្យខិតខំតស៊ូក្នុងការធ្វើការងារក្នុងវិស័យនេះ»។
សកម្មជនបរិស្ថានរូបនេះលើកឡើងថា លោកនៅមានការព្រួយបារម្ភចំពោះការចាប់ខ្លួនឡើងវិញ ដោយសារលោកនៅជាប់ពាក្យបណ្ដឹង និងកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់តុលាការនៅឡើយ។
ទោះបីជាយ៉ាងនេះក្តី លោកបញ្ជាក់ថា ការចេញមកធ្វើការរឿងបរិស្ថានឡើងវិញនេះ មិនមែនជាការផ្គើននឹងនរណាម្នាក់នោះឡើយ ហើយក៏មិនមែនចង់ធ្វើឱ្យនរណាម្នាក់ឈឺចាប់នោះដែរ ពោលគឺគ្រាន់តែប្រើប្រាស់សេរីភាពក្នុងការការពារធនធានធម្មជាតិឱ្យគង់វង្សក្នុងនាមជាពលរដ្ឋសកម្មប៉ុណ្ណោះ។
ទំព័រហ្វេសប៊ុកឈ្មោះ ចលនាមាតាធម្មជាតិ (Mother Nature Cambodia) បានផ្អាកការផ្សព្វផ្សាយរបស់ខ្លួនជាងមួយឆ្នាំ បន្ទាប់ពីសមាជិកចលនាមាតាធម្មជាតិមួយចំនួនត្រូវបានចាប់ខ្លួននិងដាក់ពន្ធនាគារកាលពីពេលកន្លងមក។ បើតាមលោក លី ចាន់ដារ៉ាវុធ ក្រុមចលនាមាតាធម្មជាតិ នឹងផ្សាយឡើងវិញលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានវីដេអូជាច្រើនទៀតនាពេលដ៏ខ្លីខាងមុខ។
ប្រភពដដែលនិយាយថា វីដេអូឯកសារដំបូងជាភាសាខ្មែរដែលនឹងចេញផ្សាយអំពីបញ្ហាដែលពលរដ្ឋអារ៉ែងក្រោកឡើងប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនី នឹងបង្ហាញពីសក្ដានុពលតំបន់ធម្មជាតិមួយនេះ។
បើតាមលោក ដារ៉ាវុធ ឱ្យដឹងថា វីដេអូឯកសារនេះនឹងផ្ដល់ចំណេះដឹងដល់ពលរដ្ឋខ្មែរក្នុងការឈ្វេងយល់ពីបញ្ហាធនធានធម្មជាតិ និងមានការចូលរួមអភិរក្សតំបន់នេះកាន់តែច្រើនផងដែរ៕