នាយក​រដ្ឋមន្ត្រី​ថា​ការ​ដំឡើង​បៀវត្ស​មន្ត្រី​រាជការ​និង​កងកម្លាំង​នឹង​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ២០២៣

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការដំឡើងប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការនិងកង​កម្លាំងប្រដាប់អាវុធ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣ មិន​មែន​នៅក្នុងឆ្នាំ២០២២នេះទេ។

តាម​រយៈ​សារនៅលើបណ្ដាញ​សង្គមហ្វេស​ប៊ុកនៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កាលពីថ្ងៃម្សិលមិញ លោកបានប្រកាសពីការដំឡើងប្រាក់បៀវត្សជូន​មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់អំពីពេលវេលា ដែលបង្ក​ឱ្យ​មានការ​ភ័ន្តច្រឡំ។

លោកបានគូសបញ្ជាក់ថា៖  «ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្សនឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ខែ​មករា ឆ្នាំ២០២៣»។

ក្នុងពិធីប្រគល់សញ្ញាប័ត្រ និងបើកវគ្គសិក្សាថ្មីនៅសាលាភូមិន្ទរដ្ឋបាល នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ថា រដ្ឋាភិបាលនឹង​​ដំឡើង​​ប្រាក់​បៀវត្ស​ជូន​​មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឡើងវិញ ក្រោយខកខានដំឡើង​រយៈពេល២ឆ្នាំមកហើយ ដោយសារវិបត្តិកូវីដ-១៩។ លោកបន្តថា ការដំឡើងនេះមិនគិត​ជា​ភាគ​រយ​ទេ គឺ​ដំឡើង​តាម​របៀប ដោយនឹងដំឡើងប្រាក់បៀវ​ត្សច្រើន​ដល់អ្នកដែលមាន​ប្រាក់​បៀវត្ស​តិច និងដំឡើងតិចសម្រាប់អ្នក​ដែលមានប្រាក់បៀវត្សខ្ពស់។

លោក​បានឱ្យដឹងទៀត​ថា ការដំឡើងប្រាក់បៀវត្សសម្រាប់​គ្រូបង្រៀន និងគ្រូពេទ្យ​ ទាបបំផុតឱ្យ​​​បាន១,៥លាន​រៀល ដែល​កន្លង​ទៅ ​ប្រាក់បៀវត្សពួកគាត់​មានចំនួន១,៣លា​ន​រៀល​ និង​ប្រាក់បៀវត្ស​សម្រាប់មន្រ្តីផ្នែកផ្សេង​​ទៀតនឹង​ឡើងដល់១,​៤លានរៀល ខណៈកន្លងទៅ​ មានចំនួន១,២លាន​រៀល។

លោកបានបន្តទៀតថា នៅពេលដំឡើងបៀវត្ស ក៏ត្រូវដំឡើងពិដាននៃប្រាក់បៀវត្សដែលត្រូ​វ​ជាប់​ពន្ធផងដែរ ដែលមានន័យ​ថា អ្នក​ដែលមានប្រាក់បៀវត្សក្រោម១,៥លានរៀល ​គឺមិនជាប់​ពន្ធនោះទេ។ លោកបានបញ្ជាក់ថែមទៀតថា ការធ្វើបែបនេះ គឺចៀសវាងអ្នកមានប្រាក់បៀវត្សទាបជាងគេជាប់ពន្ធ ហើយការដែលធ្វើបែបនេះ គឺ​គិតទាំងវិស័យរដ្ឋ និងវិស័យឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ