មន្ត្រី​សង្គមស៊ីវិល​និង​សហគមន៍​បារម្ភ​ចំពោះ​ការកំណត់​ព្រំប្រទល់​ថ្មី​តំបន់​ការពារ​ធម្មជាតិ

បង្គោលព្រំដីដែលបោះបំពានដីតំបន់ការពារកែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីសង្គមស៊ីវិល​ដែលធ្វើការខាងព្រៃឈើ និង​ប្រជាសហគមន៍ បានបង្ហាញការព្រួយបារម្ភ​ចំពោះកា​រ​កំណត់​ព្រំ​ប្រទល់​ថ្មី​នៃតំបន់​ការ​ពារ​ធម្មជាតិ​ក្រោម​បញ្ជា​រ​បស់រដ្ឋាភិ​បាល។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលបាន​អនុញ្ញាតឱ្យមានការកំណត់ព្រំប្រទល់ថ្មី នៅតំបន់ការពារធម្មជាតិ​ក្នុងខេត្ត​ចំនួន​១៥ រួម​មាន ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងតាកែវ ដើម្បីជួយ​​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជាក់​ស្តែងបាន​កាន់​កាប់​ស្រប​ច្បាប់។

ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង​នៅខេត្តមណ្ឌលគិរី អ្នកស្រី ផ្លឹក ភីរុំ មានប្រសាសន៍​នៅថ្ងៃទី១៥ ខែមិថុនា​នេះ​​ថា អ្នកស្រីសាទរ​ចំពោះរដ្ឋា​ភិ​បាល​ដែល​មាន​គោលបំណងពិតប្រាកដក្នុងការកាត់ឆ្វៀល​ដី​ពលរដ្ឋ​ចេញពីតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគេ​បានកាន់​កាប់​ស្រប​ច្បាប់ ប៉ុន្តែ​ការ​ងារ​នេះ អ្នកស្រី​ទាម​ទារ​ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ​ប្រជាពលរដ្ឋ និងអង្គការសង្គម​ស៊ីវិល​ផង​ដែរ ដើម្បី​ធានាកុំឱ្យមានការបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋ និងដីព្រៃឈើក្នុងតំបន់ការពារ​ ដោយ​សារមន្ត្រី​ខិលខូ​ច​គប់គិត​គ្នា។

តំណាង​ជនជាតិដើមភាគតិច​រូប​នេះ ឱ្យដឹង​ថា ក្នុងខេត្តមណ្ឌលគិរី មានច្រើនករណីដែល​អ្នកមានលុយមានអំណាចទន្ទ្រានយកដី​ព្រៃ​សហគម​ន៍​ជនជាតិដើមភាគតិច និងដីព្រៃតំបន់ការពារ ប៉ុន្តែមិនត្រូវបាន​ចាត់​ការ​ដោយ​អាជ្ញាធរនិង​តុលាការឡើយ ក្រោយជនជាតិដើមភាគតិចប្ដឹងផ្ដល់។

អ្នកស្រីបន្ថែមថា៖ «ប្រសិនជាការកាត់ឆ្វៀលនោះមិនបានឯកភាព មិនបានចូលរួម និងមិនបានពិគ្រោះយោបល់ឱ្យបានពេញ​លេញ​ពីបង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ទេ វាអាច​មាន​បញ្ហា​ដែរ ព្រោះនៅ​ខេត្តមណ្ឌលគិរី ​អ្នក​ដែល​រំលោភ​បំពាន​ដីព្រៃរបស់​ជនជាតិ​ដើម​ភាគ​តិច​ភាគ​ច្រើន​ជា​អ្នក​មាន​លុយ​មាន​អំណាច»

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និង​តស៊ូ​មតិ​ នៃ​សមាគម​បណ្ដាញ​យុវជ​ន​កម្ពុជា លោក ហេង គឹមហុង មាន​ប្រសាសន៍​ថា លោក​គាំទ្រចំពោះការកាត់ឆ្វៀលដី​ជូនពលរដ្ឋដែល​បានអាស្រ័យផលជាក់ស្តែង និងរស់នៅយូរចាប់ពី១០ទៅ២០ឆ្នាំឡើងទៅ ប៉ុន្តែ​លោក​បារម្ភ​ពី​បញ្ហាពុករលួយរវាងមន្ត្រីចុះអនុវត្ត និងជនខិលខូចមួយ​ចំនួន ជាពិសេស​អ្នក​មាន​លុយ​មាន​អំណាចដែល​ចង់​បាន​ដីក្នុងតំបន់ការពារ​មកធ្វើជាកម្មសិទ្ធិគប់គិតគ្នាក្នុងឱកាសនេះ។

មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកព្រៃឈើរូបនេះបាន​ស្នើដល់រដ្ឋាភិបាលចាត់​វិធាន​ការនិង​យន្តការ​ច្បាស់​លាស់​ក្នុងការ​តាម​​ដាន​មន្ត្រីថ្នាក់ក្រោម​អនុវត្ត​ការ​ងារ ដើម្បីចៀសវាងមាន​ការគប់គិតគ្នា​ប្រព្រឹត្តអំពើពុករលួយ ធ្វើឱ្យបាត់បង់ផលប្រយោជន៍​ បាត់​បង់ដីតំបន់​ការ​ពារ​ធម្មជាតិ និង​ត្រូវ​​ធានាថាពលរដ្ឋទទួលបានការកាត់ឆ្វៀល​ដីតំបន់ការពារពិតប្រាកដ។

លោកបន្ថែមថា៖ «នៅពេលអាជ្ញាធរមិនមានយន្តការច្បាស់លាស់ក្នុងការធ្វើរឿងនេះទេ វា​អាចនឹង​ធ្វើឱ្យ​កើតមានបញ្ហាអំពើពុក​រលួយ ឬ​ក៏អាចជាការផ្តល់ឱកាសឱ្យក្រុមជនខិលខូច​ដែល​តែងតែទន្ទ្រានដីតំបន់​ការពារធម្មជាតិ ដែលតែងទៅកាប់បំផ្លាញឬទៅយកតំបន់ការពារធម្មជាតិ​ជាកម្មសិទ្ធិហ្នឹង មានឱកាសក្នុងការបង្ហាញភស្តុតាង​ថា​តំបន់ហ្នឹង​ខ្លួនកាន់កាប់ ហើយទទួលបានកម្មសិទ្ធិដែរ ចំណុចនេះខ្ញុំមិនគាំទ្រទេ»

ប្រធាន​​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែល​សកម្ម​ចុះ​ល្បាត​ព្រៃ​តំបន់​ការពារធម្មជាតិក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា ក្រោយ​ការចុះល្បាត លោកបានរកឃើញការកាត់ឆ្វៀល​ដី​ព្រៃ​ដោយ​ខុសប្រក្រតីពីតំបន់​ការ​ពារ​ធម្មជាតិ​ជាច្រើន​ករណី​ទៅ​ឱ្យ​ជន​ខិល​ខូច ជាពិសេសអ្នកមាន​លុយនិងអំណាច។

លោកបន្ត​ថា លោក​បាន​រក​ឃើញ​ការ​កាត់​ដីព្រៃពីតំបន់ការពារធម្មជាតិ​​ជាង១០ករណី ហើយលោក​បានត្រៀមប្ដឹងករណីទាំងនោះទៅរដ្ឋាភិបាលផងដែរ។ លោកថា ករណី​រដ្ឋាភិបាលអនុញ្ញាតឱ្យមានការកាត់ឆ្វៀល​ដី​ចេញ​ពីតំបន់ការពារធម្មជាតិជូន​ពលរដ្ឋលើក​នេះ នឹងផ្តល់ឱកាសឱ្យជនខិលខូចទទួល​បានដីពីតំបន់ការពារទាំងនោះធ្វើកម្មសិទ្ធិកាន់តែច្រើន ប្រសិនបើរដ្ឋាភិបាលមិនមានយន្តការតាមដានការអនុវត្តការងាររបស់មន្ត្រីអនុវត្តឱ្យបានច្បាស់លាស់និងតឹងរ៉ឹង។

លោកបន្ថែមថា៖ «ក្រោយពីការ​អង្កេតរបស់ខ្ញុំ ឃើញថា មានមួយចំនួនធំបានកាត់ឆ្វៀលដីព្រៃដែលជាតំបន់ការពារធម្មជាតិរបស់​ក្រសួង​បរិស្ថាន ​ជូន​ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋទាំងនោះ​គ្រាន់​តែ​ជា​ខែល​មួយសម្រាប់ឱ្យឈ្មួញរៀបចំដី​រដ្ឋលក់​តែប៉ុណ្ណោះ។ ករណីនេះ រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើង​វិ​ញ​រយៈពេល៣ឆ្នាំក្រោយ បើរកឃើញថាដីតំបន់ការពារត្រូវបានកាត់ឆ្វៀល​លក់​ ត្រូវ​ដក​ហូត​មក​ជូន​រដ្ឋ​វិញ ហើយ​ត្រូវ​ដក​តួនាទី​មន្ត្រី​ចុះអ​នុ​វត្ត​កាត់ឆ្វៀលដីនោះ បញ្ឈរជើង​ ដើម្បីព្រមានដល់មន្ត្រីផ្សេង​ទៀតដែល​បាន​កាត់​ដី​រដ្ឋ​លក់»

អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងអនុវត្តតាមបទបញ្ជារដ្ឋាភិបាលឱ្យ​បាន​ម៉ឺងម៉ាត់ និងមិនឱ្យ​មានការ​គប់គិត ឬកេងចំណេញណាមួយជុំវិញការ​កាត់ឆ្វៀល​ដីជូនពលរដ្ឋ និងការ​កំណត់ព្រំប្រទល់ដីតំបន់​ការ​ពារ​ធម្មជាតិ​នោះទេ។ លោកសុំកុំឱ្យ​ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ព្រួយបារម្ភជុំវិញបញ្ហានេះ។

លោកបន្ថែម​ថា៖ «ប្រសាសន៍សម្ដេច [ហ៊ុន សែន] គាត់បានបញ្ជាក់ច្បាស់ហើយ ពាក្យខ្មែរគេថា “កុំឱ្យកន្ទេលធំ បន្លំដេក” យើង​នឹង​ធ្វើកិច្ចការងារនេះឱ្យបានម៉ឺងម៉ាត់ យើងធ្វើកន្លែងណា​ដែលប្រជាពលរដ្ឋអាស្រ័យ​ផលពិតប្រាកដ។ យើងមានយន្តការ​ចាស់​រួចហើយ ដែលសម្តេចមានប្រសាសន៍លើកមុន រឿងដីតំបន់៣! ហើយយើងនឹងបន្តធ្វើកិច្ចការនេះតាមប្រសាសន៍សម្តេច​ថ្មីនេះ»។

ក្នុងលិខិត​របស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្រ្ដី ចុះថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា តំបន់ការពារធម្មជាតិ​ដែលរដ្ឋាភិបាលអនុញ្ញាត​ឱ្យមានការកែសម្រួលព្រំប្រទល់នោះ រួមមាន​ តំបន់ស​ហគមន៍​ដែលជា​ដី​ភូមិ​ករ ឬ​ដី​ស្រែ​ចម្ការ​ចាស់​របស់​ប្រជាពលរដ្ឋ តំបន់ប្រើប្រាស់ដោយចីរភាព ជាដីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តំបន់អភិរក្ស និងតំបន់ស្នូលដែលជាដីព្រៃឈើ ជម្រកសត្វព្រៃ និងសេវាប្រព័ន្ធអេកូឡូស៊ី។

រដ្ឋាភិបាលបានបញ្ជាទៅអភិបាលខេត្តដែលជាប់ពាក់ព័ន្ធ ត្រូវដឹកនាំធ្វើការកំណត់អត្តសញ្ញាណ​ក្បាល​ដី និង​អត្ត​សញ្ញាណអ្នកកាន់​កាប់​ក្បាល​ដី​ជាក់​ស្ដែង​ក្នុងតំ​បន់​នីមួយៗឱ្យបានច្បាស់លាស់ ដើម្បី​ឱ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់ដី ស្នើសុំ​ចុះបញ្ជី និង​ចេញបណ្ណកម្មសិទ្ធិ ស្របតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងបទប្បញ្ញត្តិ-លិខិតបទដ្ឋានគតិយុត្តជា​ធរមាន។

លិខិតដដែល​ក៏បានណែនាំដល់អាជ្ញាធរឱ្យរក្សាទុក និងចុះបញ្ជីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះទីតាំងមូលដ្ឋានកងទ័ព តំបន់​ប្រវត្តិ​សាស្ត្រយោធា និង​តំបន់​ការ​ពារ​សន្ដិសុខ​ព្រំដែន ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ដោយមានក្រសួងបរិស្ថាន​ជាអាជ្ញាធរកាន់កាប់ដីរដ្ឋ ដោយមិនអនុញ្ញាតផ្ដល់កម្មសិទ្ធិជូនបុគ្គលឯកជនឡើយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ