ក្រុម​អ្នក​ជំនាញ​ថា​​ការ​បញ្ចប់​វិបត្តិ​អន្ទាក់​និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ផ្តើម​ចេញ​ពី​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន​

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បង្ហាញអន្ទាក់សត្វព្រៃ អំឡុងពេល​សន្និសីទ​សារព័ត៌មានឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

ក្រុមអ្នកជំនាញបរិស្ថានបានលើកឡើងថា ដើម្បី​ឈានទៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា គឺត្រូវ​ចាប់ផ្តើមចេញពីការអនុវត្តច្បាប់ឱ្យបានតឹងរឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន និងទាមទារការ​ចូលរួមរបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងសេចក្តីប្រកាសរួមមួយរបស់ស្ថាប័ន​រាជរដ្ឋាភិបាល​ និងអង្គការអន្តរជាតិជាដៃគូ ក្នុងវិស័យបរិស្ថាន ស្តីពីការបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃ ដែលធ្វើឡើងនៅខេត្តក្រចេះ នាថ្ងៃទី១៨ ខែមិថុនានេះ  ក្រុមអ្នកជំនាញបរិស្ថាន ​បានប្តេជ្ញាចិត្តរួមគ្នាថា នឹងចាត់វិធានការចាំបាច់នានា ដើម្បីឈានទៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជាឱ្យខាងតែបាន។

ក្នុងសេចក្តីប្រកាសព័ត៌មានរួមនោះ ក៏បានស្រង់ប្រសាសន៍របស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដោយ​ជំរុញលើកទឹកចិត្តឱ្យមានសកម្មភាពរួមគ្នាបន្ថែមទៀត ក្នុងយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងលុបបំបាត់ឱ្យបាននូវការបរបាញ់គ្រប់ទម្រង់ដែលច្បាប់ហាមឃាត់ និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់។

លើសពីនេះ លោក អំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវនិយាយថា ​ទេចំពោះការទិញ លក់ ឬបរិភោគសាច់សត្វព្រៃ។  ​ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួម​ការពារសត្វព្រៃ និងធនធានធម្មជាតិកម្ពុជា ដើម្បីគាំទ្រការចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋាន ឱ្យប្រសើរឡើងថែមទៀត ជាពិសេសតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងសម្រាប់ជាប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា និងសកលលោក។

ក្នុងសេចក្តីប្រកាសព័ត៌មានរួម ដែលមាន ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC បានរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២២នេះ ដោយបញ្ឍប់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស និងការពារ​សត្វព្រៃនៅកម្ពុជាឱ្យមានចំនួនសម្បូរឡើងវិញ។

លើសពីនេះ យុទ្ធនាការនោះ ក៏មានគោលបំណងសំខាន់ៗមួយចំនួន ពិសេសការកាត់បន្ថយតម្រូវការសាច់សត្វព្រៃ និង​សហការរួមគ្នាជាមួយអាជ្ញាធរអនុវត្តច្បាប់ថ្នាក់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ ព្រមទាំងការជួញដូរសត្វព្រៃផងដែរ។

ប្រធានបច្ចេកទេសជាន់ខ្ពស់ នៃអង្គការអភិរក្សអន្តរជាតិ(CI)  លោក សេង ប៊ុនរ៉ា ​មានប្រសាសន៍ថា ​កត្តាប្រឈមនៃការប្រើប្រាស់អន្ទាក់ ដើម្បីចាប់សត្វព្រៃនៅក្នុងព្រៃនៃប្រទេសកម្ពុជាបច្ចុប្បន្ន វានឹងប្រែក្លាយទៅជាព្រៃដែលលែងមានវត្តមានសត្វព្រៃតទៅទៀត។ លោកបន្តថា មធ្យោបាយតែមួយគត់ដែលអាចស្រោចស្រង់វត្តមានសត្វព្រៃវិញបាន​ គឺទាល់តែលែងមានតម្រូវការ និងការជួញដូរសត្វព្រៃ។

ចំណែក នាយកអង្គការ WWF កម្ពុជា លោក សេង ទៀក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមនោះថា ​ប្រឈមមុខនឹងវិបត្តិអន្ទាក់ ដែលកំពុងបំផ្លាញជីវិតសត្វព្រៃកម្ពុជា ដោយមិនរើសមុខ ពលរដ្ឋគ្រប់រូបមានតួនាទីចូលរួមធានាថា គ្មានការដាក់អន្ទាក់ ក្នុងតំបន់ការពារ តំបន់ព្រៃសហគមន៍ និងក្នុងដែនជម្រកធម្មជាតិផ្សេងៗទៀតដែលមានសត្វព្រៃរស់នៅ ជាពិសេសតាមរយៈការពង្រឹងវិស័យគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការបង្កើនការអនុវត្តច្បាប់។

លោកលើកឡើងថា៖ «ទន្ទឹមគ្នានេះដែរ គេចាំបាច់ត្រូវអនុវត្តវិធានការរួមគ្នាបន្ទាន់ ដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទ ដោយដាក់ចេញនូវបម្រាមចំពោះរាល់ការទិញ លក់ ដឹកជញ្ជូន និងបរិភោគសត្វព្រៃ ដើម្បីបញ្ចប់ការជួញដូរសត្វព្រៃគ្រប់ទម្រង់ និងជួយសង្គ្រោះសត្វព្រៃដែលជាបេតិកភណ្ឌធម្មជាតិកម្ពុជា ឱ្យជៀសផុតពីការផុតពូជ នាពេលអនាគត»។

យុទ្ធនាការអន្ទាក់សូន្យនេះ នឹងប្រព្រឹត្តក្នុងរយៈពេល ៦ខែ ដោយចាប់ផ្តើមពីខែមិថុនានេះតទៅ នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី។

ប្រធានគម្រោងអភិរក្សតំបន់ទន្លេមេគង្គនៃអង្គការ WCS លោក សោម ស៊ីថា ​មានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យនេះ គឺជាការអំពាវនាវមួយដល់សាធារណជនទូទៅ ឱ្យធ្វើការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ដោយបញ្ឈប់ការជួញដូរ និងបរិភោគសាច់សត្វព្រៃនិងសត្វព្រៃ។

លោកបន្តថា យុទ្ធនាការនេះក៏មានសារៈសំខាន់​ ក្នុងការចូលរួមចំណែកលុបបំបាត់សកម្មភាពនេសាទខុសច្បាប់ ដែល​មិនត្រឹមតែគំរាមកំហែងដល់ធនធានមច្ឆាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ប្រភេទសត្វ ដែលកំពុងរងគ្រោះជិតផុតពូជនៅលើពិភពលោកទៀតផង​ ដូចជាប្រភេទ កន្ធាយក្បាលកង្កែប ត្រីផ្សោត និងបបែលយក្សជាដើម។​

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការ Wild Earth Allies Cambodia ​ថ្លែងថា ​ប្រទេសកម្ពុជា ត្រូវគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលសម្បូរធនធានជីវចម្រុះនៅអាស៊ីអាគ្នេយ៍។ លោកបន្តថា តាំងពីអតីតកាល រហូតដល់បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តបានបង្ហាញថា កម្ពុជា ជាទីជម្រកដ៏សំខាន់នៃប្រភេទសកល ដែលកំពុងទទួលការគម្រាមកំហែង រួមមានដំរីអាស៊ី ខ្លា ខ្ទីង ទន្សោង ខ្លាឃ្មុំ ទោច ប្រើស ជាដើម។ ក៏ប៉ុន្តែធនធានជីវជម្រុះរបស់​កម្ពុជាទាំងនេះ កំពុងស្ថិតក្រោម​ការគម្រាមកំហែងនាពេលបច្ចុប្បន្ន ហើយ​អន្ទាក់ក៏ជាកត្តាគំរាមមួយក្នុងចំណោមកត្តា​ធំៗផ្សេងទៀតចំពោះសត្វព្រៃ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ