រដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ជា​ថ្ងៃ​បោះឆ្នោត​រដ្ឋសភា​អាណត្តិ​ទី៧ ខណៈ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាមទារ​កំណែ​ទម្រង់​ការ​បោះឆ្នោត

លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅមណ្ឌលខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលផ្សព្វផ្សាយនៅថ្ងៃពុធនេះ។

តាមរយៈសេចក្តីសម្រេចនេះ រដ្ឋាភិបាលបានណែនាំឱ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាលើកដំបូងនៅឆ្នាំ១៩៩៣ ក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ឬ អ៊ុនតាក់ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១។ ការបោះឆ្នោត នៅក្នុងអាណត្តិទី១នោះ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចបានទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា និងក្រោយមក បក្សទាំងពីរបានព្រមព្រៀងនយោបាយបង្កើតជារដ្ឋាភិបាលចម្រុះ ដោយមាននាយករដ្ឋមន្រ្តីចំនួន២រូប គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជានាយក រដ្ឋមន្រ្តីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២។ ការបោះឆ្នោតនៅពេលនោះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកជាការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាងគេ សម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។

ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្មានវត្តមានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយចូលរួមនោះទេ។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនោះបានទទួលសំឡេងឆ្នោតច្រើនលើសលុប គឺទទួលបានអាសនៈទាំង១២៥នៅក្នុងរដ្ឋសភា។

ទោះជាយ៉ាងណា សហគមន៍អន្តរជាតិបានចាត់ទុកការបោះឆ្នោតដោយគ្មានវត្តមានបក្សប្រឆាំងនៅពេលនោះ ថាគ្រាន់តែជាការបោះឆ្នោតបង្រ្គប់កិច្ច និងគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ