ក្រុមប្រឹក្សាធម្មនុញ្ញ បើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដើម្បីធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិមានដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកបដោយនិរន្តរភាព និងធានាស្ថិរភាពនយោបាយរបស់ប្រទេសគ្រប់កាលៈទេសៈ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ លោក តាំង រតនា មានប្រសាសន៍នៅថ្ងៃអង្គារនេះថា យោងតាមសំណើ រដ្ឋាភិបាលបានស្នើសុំធ្វើវិសោធនកម្មមាត្រាចំនួន៦ ក្នុងរដ្ឋធម្មនុញ្ញ និងមាត្រាចំនួន២ ក្នុងច្បាប់ធម្មនុញ្ញបន្ថែម។ លោកបន្តថា មាត្រាទាំងនោះរួមមាន មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី ខណៈមាត្រាចំនួន២ក្នុងច្បាប់ធម្មនុញ្ញបន្ថែម រួមមាន មាត្រា៣ថ្មី និងមាត្រា៤ថ្មី។
លោក តាំង រតនា បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងតាមរយៈកិច្ចប្រជុំដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
លោកបញ្ជាក់ថា នៅព្រឹកស្អែកនេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ ហើយចំពោះព័ត៌មានលម្អិត មន្ត្រីជំនាញនឹងជម្រាបជូនតាមរយៈការធ្វើសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំពេញអង្គនេះ។
លោកថា៖ «រង់ចាំការប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញស្អែកសិន បានអាចដឹងខ្លឹមសារ ហើយចំពោះខ្លឹមសារយ៉ាងណានោះ យើងនឹងប្រកាសព័ត៌មាននៅថ្ងៃស្អែក»។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បង្ហាញជាទស្សនៈថា នៅដំណាក់កាលនេះ រដ្ឋាភិបាលមិនគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយឯកបក្សនោះទេ ដែលការធ្វើបែបនេះផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងធ្វើឱ្យមានបញ្ហាប្រឈមនៅពេលក្រោយ។
លោកមានប្រសាសន៍ថា៖ «យើងមានការសោកស្ដាយ ដែលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជារឿងធំ វាប៉ះពាល់ដល់ស្ថាប័នធំៗរបស់ជាតិទាំងមូល ហើយមិនគួរធ្វើនៅពេលដែលសំឡេងនៅក្នុងរដ្ឋសភាជាតិ គឺមានតែមួយគណបក្ស មិនមានសំឡេងតំណាងឱ្យគណបក្សប្រឆាំងណាមួយទាល់តែសោះនៅក្នុងរដ្ឋសភាជាតិ។ អ៊ីចឹងវាអាចបង្កឱ្យមានភាពមិនល្អនៅពេលក្រោយ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនអត្ថាធិប្បាយជុំវិញការស្នើសុំធ្វើវិសោធនកម្មច្បាប់កំពូលទាំង២នេះទេ។
តែយ៉ាងណា លោកថា៖ «នៅក្នុងច្បាប់បានកំណត់ថា រដ្ឋាភិបាលមានសិទ្ធិស្នើសុំវិសោធនកម្មច្បាប់ ហើយរដ្ឋសភាអនុវត្តតាមច្បាប់ មិនមានអ្វីខុសនោះទេ»។
អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា រដ្ឋាភិបាលមិនមានអ្វីចាំបាច់ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះទេ ពីព្រោះច្បាប់កំពូលរបស់ជាតិដែលបង្កើតឡើងតាំងពីសម័យអន្តរកាលឆ្នាំ១៩៩៣នេះ បានឆ្លុះបញ្ចាំងពីឆន្ទៈនិងស្មារតីប្រជាពលរដ្ឋពិតប្រាកដទៅហើយ។
ករណីនះ លោកថា បើរដ្ឋាភិបាល និងរដ្ឋសភា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះ នឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីនិងខ្លឹមសារដើម ខណៈការធ្វើវិសោធនកម្មនោះធ្វើឡើងដោយឯកបក្ស។
លោកមានប្រសាសន៍ថា៖ «ច្បាប់ហ្នឹងវាបង្កើតជាបញ្ហា ហើយច្បាប់អត់មាននីត្យានុកូលភាព គឺអត់មានកម្លាំងសីលធម៌ និងកម្លាំងច្បាប់ អត់មានទម្ងន់»។
គួរបញ្ជាក់ថា គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕