ក្រុមភរិយារបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ឬក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណ១០នាក់ បាននាំគ្នាដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំង ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ លើកលែងទោស និងដោះលែងស្វាមី និងសាច់ញាតិរបស់ខ្លួនដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពវិញ។
ក្នុងញត្តិថ្វាយព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី តាមរយៈក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមស្ត្រីថ្ងៃសុក្រ បានលើកឡើងថា ស្វាមី ឪពុក និងសាច់ញាតិរបស់ពួកគេ កំពុងជាប់ពន្ធនាគារដោយសាររឿងនយោបាយយ៉ាងអយុត្តិធម៌។ ញត្តិដដែលបន្តថា អាជ្ញាធរបានចាប់គ្រួសារពួកគេតាមតែអំពើចិត្ត និងមានការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលការចោទនេះ ពួកគេថាជារឿងប្រតិដ្ឋមួលបង្កាច់ចាប់កំហុសដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងច្បាស់លាស់ឡើយ។
សមាជិកក្រុមស្ត្រីថ្ងៃសុក្រ អ្នកស្រី អ៊ុក ចន្ធី ប្រាប់វីអូឌីនៅកន្លែងដាក់ញត្តិថា ស្វាមីរបស់អ្នកស្រី គឺលោក យឹម សារ៉េត ជាអតីតក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិ នៅឃុំចន្ទ្រា ស្រុករមាសហែក ខេត្តស្វាយរៀង។ អ្នកស្រីថា ស្វាមីរបស់អ្នកស្រី និងអតីតសកម្មជនបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយផ្សេងទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៥ទៅ៧ឆ្នាំយ៉ាងអយុត្តិធម៌ ដោយគ្រាន់តែពួកគេជាអ្នកនយោបាយ និងជួបជុំគ្នាបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញនោះ។
អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងហើយ ពួកខ្ញុំមិនដឹងទៅពឹងអ្នកណា មានតែព្រះមហាក្សត្រហ្នឹងហើយដែលជាម្លប់ដល់កូនចៅ។ កូនចៅមានទុក្ខលំបាក អត់មានស្ថាប័នណាជួយបានឡើយ មានតែស្ថាប័នព្រះមហាក្សត្រ ដូច្នេះទើបពួកខ្ញុំមករកព្រះអង្គជួយលើកលែងទោសដល់ពួកគាត់»។
ភរិយាលោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ គឺអ្នកស្រី ព្រំ ចាន់ថា បានឱ្យដឹងថា ស្វាមីរបស់អ្នកស្រីជាអតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំយ៉ាងអយុត្តិធម៌។
អ្នកស្រីបន្តថា ការដែលពួកគាត់ទៅស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ តាមរយៈក្រសួងព្រះបរមរាជវាំងនេះ ដោយសារតែពួកគាត់អស់ជំនឿលើអាជ្ញាធរពាក់ព័ន្ធ និងប្រព័ន្ធតុលាការ។ អ្នកស្រីមានជំនឿថា ព្រះមហាក្សត្រនឹងអាចជួយពួកគាត់បាន ខណៈព្រះអង្គក៏ធ្លាប់បានឡាយព្រះហស្តលេខាលើកលែងទោសដល់អ្នកទោសជាច្រើនមកហើយនោះ។
បើតាមអ្នកស្រី ព្រំ ចាន់ថា រហូតមកដល់ពេលនេះ សកម្មជនជាង៤០នាក់ហើយរបស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ត្រូវបានតុលាការចោទប្រកាន់និងចាប់ឃុំខ្លួន។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនអាចទៅរកឱ្យក្រសួងណាមកជួយពួកខ្ញុំទេ ព្រោះក្រសួងទាំងនោះជាបក្ខពួករបស់បក្សកាន់អំណាចទាំងអស់ ដល់អ៊ីចឹងវាអត់មានយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់ពួកខ្ញុំទេ។ អ៊ីចឹងពួកខ្ញុំត្រូវតែរត់រកព្រះមហាក្សត្រឱ្យជួយដល់ពួកខ្ញុំ ព្រោះជាឪពុកម្តាយ។ អ៊ីចឹង មានតែព្រះមហាក្សត្រទេ ដែលអាចជួយពួកខ្ញុំបាន ឬក៏លើកលែងទោសបាន»។
ជុំវិញការប្រមូលផ្តុំដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រ នៅព្រឹកមិញនេះ មន្ត្រីក្រសួងព្រះបរមរាជវាំងបានអនុញ្ញាតឱ្យតំណាងពលរដ្ឋ២នាក់ចូលទៅដាក់ញត្តិដល់ក្នុងក្រសួង។ បើតាមតំណាងពលរដ្ឋ មន្ត្រីក្រសួងបានទទួលញត្តិ ប៉ុន្តែមិនបានសន្យាអ្វីនោះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដើរដាក់ញតិ្តរបស់ក្រុមស្រ្តីថ្ងៃសុក្រ នៅតាមស្ថានទូតនានាកន្លងមក និងស្ថាប័នព្រះមហាក្សត្រនៅថ្ងៃនេះ គឺមិនមែនជាកំហុសរបស់ពួកគេនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់រឿងនេះ គឺការអនុវត្តវិធានការច្បាប់ខ្វះតម្លាភាព និងក្រោមរូបភាពនយោបាយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា អ្នកជាប់ឃុំទាំងនោះអាចមានការដោះលែងបាន លុះត្រាតែមានការសម្របសម្រួលផ្នែកនយោបាយណាមួយរវាងអ្នកនយោបាយបក្សប្រឆាំង និងបក្សកាន់អំណាច។
លោកបន្ថែមថា៖ «រឿងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ឬក៏សកម្មជនគណបក្សប្រឆាំង ការចោទប្រកាន់ ការឃុំខ្លួនភាគច្រើនហ្នឹង ទាក់ទងរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ អ៊ីចឹងជាដំណោះស្រាយរួម ត្រូវស្វែងរកកិច្ចចរចាផ្នែកនយោបាយ ឬសន្ទនាផ្ទៃក្នុងនយោបាយ ដើម្បីបញ្ចប់វិបត្តិនយោបាយដែលនៅសេសសល់ ហើយរួមគ្នាកសាងជាតិមាតុភូមិ ដើម្បីអនុវត្តទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។
កាលពីពេលកន្លងមក ក្រុមស្ត្រីថ្ងៃសុក្រ ធ្លាប់បាននាំគ្នារកកិច្ចអន្តរាគមន៍ពីស្ថានទូតប្រទេសលោកសេរីមួយចំនួនប្រចាំនៅកម្ពុជា ដើម្បីស្នើឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា និងតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ និងដោះលែងស្វាមីនិងសាច់ញាតិរបស់ពួកគេឱ្យមានសេរីភាពវិញ។
សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ កាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។
ក្រោយពីមានការកាត់ទោសក្រុមសកម្មជនបក្សប្រឆាំងក្នុងទ្រង់ទ្រាយធំចំនួន៤៣នាក់រួចមក អ្នកជំនាញសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យពិនិត្យឡើងវិញលើករណីនេះ ដោយសម្អាងថា វិធានការនោះមិនបានភ្ជាប់កាតព្វកិច្ចនៃការគោរពសិទ្ធិមនុស្សអន្តរជាតិ និងលំហនយោបាយពហុបក្សឡើយ៕