មន្រ្តីសិទ្ធិមនុស្សយល់ថា ការថ្លែងសាររបស់ថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទឱ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបលើបុគ្គលឬក្រុមធ្វើបដិវត្តន៍ពណ៌នៅក្នុងកាលៈទេសៈនេះ គឺជារឿងមិនសមហេតុផលនោះទេ។
ការលើកឡើងនេះ បន្ទាប់ពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ប្រើសារគំរាមកម្ទេចក្រុមបុគ្គលដែលលោកចាត់ទុកថា ជាអ្នកជ្រុលនិយម ប្រសិនបើពួកគេបង្កអស្ថិរភាពសង្គមនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។
តែទោះជាយ៉ាងណា មន្រ្តីការពារសិទ្ធិមនុស្ស និងអ្នកវិភាគនយោបាយ យល់ថា កម្ពុជាមិនមានសញ្ញានៃការធ្វើបដិវត្តន៍ពណ៌នោះទេ គឺមានតែប្រជាពលរដ្ឋដែលរិះគន់និងតវ៉ាចំពោះការដឹកនាំមិនល្អរបស់រដ្ឋាភិបាលបច្ចុប្បន្នប៉ុណ្ណោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា នៅក្នុងបរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្នមិនមានបដិវត្ដន៍ពណ៌កើតឡើងទេ ព្រោះរដ្ឋាភិបាលរឹតបន្ដឹងខ្លាំងក្នុងរឿងនេះ តែយ៉ាងណា លោកថា មានតែពលរដ្ឋធ្វើការទាមទារបញ្ហាដីធ្លី និងការឃុំខ្លួនអ្នកនយោបាយ ជាដើម។
លោកថា៖ «ខ្ញុំឃើញនៅក្នុងបរិបទនៃប្រទេសកម្ពុជាយើងនេះ យើងមើលឃើញដែរ ពលរដ្ឋមានការទាមទារទៅដីធ្លី ទៅលើការឃុំខ្លួនអ្នកនយោបាយ យើងអត់ឃើញមានបដិវត្តន៍ពណ៌ឯណាកើតឡើងបានទេ ព្រោះបើយើងមើលឃើញរដ្ឋាភិបាលហាក់រឹតបន្ដឹងខ្លាំងនៅក្នុងរឿងហ្នឹង»។
លោក ស៊ឹង សែនករុណា បង្ហាញនូវការព្រួយបារម្ភចំពោះអ្នកដែលគ្រាន់តែទាមទាររកយុត្តិធម៌សម្រាប់ក្រុមគ្រួសារ រឿងដីធ្លី ឬក៏សកម្មជននយោបាយ តែបែរជាភ្ជាប់ពួកគាត់ទៅនឹងបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលដែរនោះ លោកថា ប្រាកដណាស់ វានឹងធ្វើឱ្យអ្នកទាមទារច្បាស់លាស់រងភាពអយុត្តិធម៌។
មន្រ្តីការពារសិទ្ធិមនុស្សរូបនេះយល់ឃើញថា ការថ្លែងរបស់លោក វង្ស ពិសេន អាចធ្វើឱ្យមន្ត្រីថ្នាក់ក្រោមរបស់លោកយល់មិនច្បាស់ ហើយចាត់វិធានការលើការទាមទារតវ៉ារឿងអយុត្តិធម៌សង្គមផ្សេងៗ ហើយក៏អាចប៉ះពាល់ដល់សិទ្ធិសេរីភាពការតវ៉ាដោយសន្ដិវិធីនៅក្នុងសង្គមប្រជាធិបតេយ្យទៅវិញ។
លោកលើកឡើងថា៖ «យើងក៏ចង់ឃើញថាមានការពិនិត្យឱ្យបានច្បាស់លាស់ជាជាងការបង្ក្រាបហ្នឹង វាមិនមែនជារឿងបដិវត្តន៍ពណ៌ ហើយយើងចេះតែលាបពណ៌ ទៅធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្លួនឯង ឬក៏សកម្មជននយោបាយ ក្នុងខណៈប្រទេសយើងប្រកាន់របបប្រជាធិបតេយ្យ ដែលគេអាចមានសិទ្ធិក្នុងការធ្វើសកម្មភាពណាមួយ ក្នុងករណីទាមទារតវ៉ារកយុត្តិធម៌អ៊ីហ្នឹង ចោទថាបដិវត្តន៍ពណ៌ដែរ អាហ្នឹងមិនមែនជារឿងត្រឹមត្រូវទេ»។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា នៅកម្ពុជាបច្ចុប្បន្នមិនមានចលនាណាមួយដែលពលរដ្ឋចង់បង្កើតជាបដិវត្តន៍ពណ៌នោះទេ។ លោកថា អ្វីដែលរដ្ឋាភិបាលលើកឡើងនេះ គ្រាន់តែជាការព្រួយបារម្ភទៅលើស្រមោលខ្លួនឯងប៉ុណ្ណោះ។
ទាក់ទិនទៅនឹងការលើកឡើងនូវសារបែបនេះកន្លងមក លោក វណ្ណ ប៊ុនណា យល់ថា ការថ្លែងនេះជាផ្នត់គំនិតបែបផ្ដាច់ការ និងការដឹកនាំបែបហិង្សានិយម ដែលមិនឱ្យលើតម្លៃច្បាប់ក្នុងការដោះស្រាយបញ្ហា។
លោកថា៖ «ដោយសារតែផ្នត់គំនិតមេដឹកនាំកម្ពុជារបស់យើងភាគច្រើនមានទំនោរកើតចេញពីរបបផ្ដាច់ការ អ៊ីចឹងទេគាត់ឃើញអ្នកដែលមានគំនិតផ្ទុយ ឬក៏គំនិតមិនស្រប គាត់តែងតែចាត់ទុកថាជាពួកប្រឆាំង ឬពួកប្រឆាំងផ្កាប់មុខ អ៊ីចឹងហើយពួកគាត់ចាត់វិធានការ»។
លោកបន្ថែមទៀតថា៖ «បង្ហាញពីការដឹកនាំបែបហិង្សានិយម មិនឱ្យតម្លែលើច្បាប់ដែលមានស្រាប់ក្នុងយន្តការក្នុងការដោះស្រាយបញ្ហាតាមប្រព័ន្ធច្បាប់ អ៊ីចឹងទេវាជាការប្រើប្រាស់ហិង្សា របៀបគំរាមកំហែងដល់ប្រជាពលរដ្ឋ ក៏ដូចជាមតិផ្ទុយ»។
លោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា ការដែលពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគាត់បាន នឹងធ្វើឱ្យខ្វះការចូលរួមពីគ្រប់ភាគី ហើយប្រទេសជាតិក៏មិនអាចរីកចម្រើនទៅមុខបានដែរ។ មួយវិញទៀត ការថ្លែងនេះជាគំរូភាពរបស់មេដឹកនាំដែលបង្ហាញតែហិង្សាដល់ប្រជាពលរដ្ឋ ហើយផ្នត់គំនិតនេះដក់ជាប់ជាមួយយុវជននិងប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នត់គំនិតនិងផ្នែកចិត្តសាស្រ្ដប្រជាពលរដ្ឋខ្មែរ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន មិនឆ្លើយតបបន្ថែមពីករណីនេះ នៅថ្ងៃសុក្រនេះទេ។ ទោះជាយ៉ាងណា មន្ត្រីយោធាកំពូលរូបនេះបានថ្លែងក្នុងពិធីប្រារព្ធខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីម្សិលមិញ ដោយឱ្យកងយោធពលខេមរភូមិន្ទទាំងអស់ត្រូវតែបង្ក្រាបបុគ្គលឬក្រុមណាដែលលោកចាត់ទុកថា «បង្កើតបដិវត្តន៍ពណ៌» និងក្រុមជ្រុលនិយមដែលមានចរិតបង្កចលាចលក្នុងសង្គម ក្រោមហេតុផល «ការពារសន្តិភាព និងការពាររាជរដ្ឋាភិបាល»។
លោកថ្លែងថា៖ «ទោះលះបង់ក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទដែលជាឆ្អឹងខ្នងប្រទេសជាតិ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយម ដែលមានចរិតបង្កចលាចលក្នុងសង្គម ដើម្បីការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ»។
គួររម្លឹកថា កាលពីខែឧសភា ឆ្នាំ២០១៧ ពោលគឺប្រមាណមួយខែនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏ធ្លាប់បានប្រើសារគំរាម «វាយបាក់ធ្មេញ» ប្រសិនបើមានការតវ៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឬដែលហ៊ានប្រើពាក្យថា «ដូរដូរ ឬ ហ៊ុន សែន អើយចុះចេញទៅ» ដោយលោកចាត់ទុកថា ពាក្យនេះធ្វើឱ្យមានចលាចលនៅក្នុងសង្គម៕