តុលាការជាន់ខ្ពស់ បានតម្កល់សេចក្ដីសម្រេចផ្ដន្ទាទោសទៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិមួយរូប ទៅតាមការសម្រេចរបស់តុលាការជាន់ទាប ដែលបានកាត់ទោសឱ្យជាប់ពន្ធនាគារ២០ខែ ជុំវិញសំណុំរឿង «ញុះញង់» ក្រោយសកម្មជនបក្សប្រឆាំងរូបនោះចែករំលែកសារលោក សម រង្ស៊ី តាមបណ្ដាញសង្គមកាលពីឆ្នាំ២០២០ រឿងប្រាប់ឱ្យពលរដ្ឋផ្អាកសងបំណុលធនាគារ។
លោក ទុំ ប៊ុនថន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសសាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២០ខែ ឬ១ឆ្នាំ៨ខែ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការផ្ញើសារតាមការអំពាវនាវរបស់លោក សម រង្ស៊ី ក្នុងការប្រាប់ឱ្យពលរដ្ឋផ្អាកសងបំណុលធនាគារបណ្ដោះអាសន្នរហូតដល់ស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល និងមានជីវភាពល្អប្រសើរឡើងវិញ ចាំសងធនាគារ។ ដោយមិនសុខចិត្តចំពោះការសម្រេចនេះ សកម្មជនបក្សប្រឆាំងរូបនេះ តាមរយៈមេធាវី បានសម្រេចប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានសាលាឧទ្ធរណ៍បដិសេធកាលពីខែធ្នូ ឆ្នាំ២០២១ ហើយក៏បានប្ដឹងសាទុក្ខទៅតុលាការកំពូលបន្ថែមទៀត។
តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បានប្រកាសបដិសេធបណ្ដឹងសាទុក្ខរបស់លោក ទុំ ប៊ុនថន ដោយថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កន្លងមក ផ្អែកលើភស្តុតាងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានចាត់ទុកថាមានភាពត្រឹមត្រូវក្នុងការឈានដល់ការផ្ដន្ទាទោសពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
តុលាការកំពូលបាននិយាយថា ជនជាប់ចោទបានអះអាងថា គណនី Facebook របស់គាត់ត្រូវបានគេលួចចូល ប៉ុន្តែមិនមានភស្តុតាងណាមួយដើម្បីគាំទ្រការលើកឡើងនោះទេ។
នៅក្នុងសវនាការរបស់តុលាការកំពូល កាលពីថ្ងៃទី១៣ ខែកក្កដា លោក ប៊ុនថន បានប្រាប់តុលាការថា លោកធ្លាប់បានបញ្ជាក់រួចហើយនៅសាលាឧទ្ធរណ៍ថា លោកគ្មានជំនាញផ្នែកព័ត៌មាននិងបច្ចេកវិទ្យា ហើយក៏គ្មានសមត្ថភាពការពារពីការលួចចូលពីអ្នកដទៃនោះដែរ។
លោកបន្តថា៖ «វាមិនមែនជារបស់ខ្ញុំ [ប៉ុន្តែ] វាត្រូវបានគេប្រើដើម្បីចោទប្រកាន់ខ្ញុំ។ វាអយុត្តិធម៌ណាស់។ ដូច្នេះ ខ្ញុំសុំឱ្យតុលាការកំពូលទម្លាក់បទចោទមកលើរូបខ្ញុំ។ នោះមិនមែនជាគំនិតរបស់ខ្ញុំទេ»។
ក្នុងសំណុំរឿងតែមួយជាមួយអតីតសកម្មជនបក្សសង្គ្រោះជាតិរូបនេះ សហស្ថាបនិកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ ចំណែកព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២០ខែ។
លើសពីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២០នោះ ក៏បានកាត់ទោសអតីតសកម្មជនបក្សសង្រ្គោះជាតិ ចំនួន២នាក់ទៀត រួមមានលោក អ៊ុក ឈុំ និងលោក លាស់ ឆេងឡាយ ឱ្យជាប់ពន្ធនាគារ១៨ខែ ឬ១ឆ្នាំកន្លះផងដែរ។
ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧ លោក ទុំ ប៊ុនថន ក៏ត្រូវជាប់អនុវត្តទោស បន្ទាប់ពីតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងសំណុំរឿងវិលចូលកម្ពុជា ៩ វិច្ឆិកា របស់លោក សម រង្ស៊ី។
យ៉ាងណា សមត្ថកិច្ចបានចាប់ខ្លួន លោក ទុំ ប៊ុនថន ជាថ្មីទៀត នៅមុខផ្ទះរបស់គាត់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ហើយបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ការចាប់ខ្លួនពេលនោះ គឺកើតឡើងបន្ទាប់ពីលោក ទុំ ប៊ុនថន បានវិលត្រលប់ពីប្រទេសថៃ ដើម្បីមករស់នៅជួបជុំគ្រួសារវិញ បានរយៈពេលមួយខែ៕