ប្រទេសសិង្ហបុរីបានអនុញ្ញាតឱ្យអតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ស្នាក់នៅក្នុងប្រទេសរបស់ខ្លួនរយៈពេល១៤ថ្ងៃបន្តទៀត។ នេះបើយោងតាមបណ្ដាញសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃពុធនេះ។
ប្រភពពីរផ្សេងគ្នានៅទីក្រុងកូឡុំបូ (Colombo) និងនៅប្រទេសសិង្ហបុរីដែលដឹងអំពីបញ្ហានេះ បានប្រាប់ Reuters ថា ឥលូវនេះ លោក Rajapaksa អាចស្នាក់នៅក្នុងប្រទេសសិង្ហបុរី រហូតដល់ថ្ងៃទី១១ ខែសីហា។
ទោះជាយ៉ាងណា គេនៅមិនទាន់អាចសុំការបញ្ជាក់ពីអាជ្ញាធរអន្តោប្រវេសន៍ និងត្រួតពិនិត្យនៅក្នុងប្រទេសសិង្ហបុរី អំពីការពន្យារការស្នាក់នៅរបស់អតីតប្រធានាធិបតីស្រីលង្កានេះនៅឡើយទេ។
គួរបញ្ជាក់ថា លោក Rajapaksa បានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា មួយថ្ងៃបន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសដែលកំពុងមានវិបត្តិ តាមប្រទេសម៉ាល់ឌីវ និងបន្ទាប់ពីការបះបោរទ្រង់ទ្រាយធំដែលបានបង្ខំឱ្យលោកលាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសដែនកោះមួយនេះ។
នៅពេលនោះ រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា លោកមិនបានទទួលសិទ្ធិជ្រកកោនទេ ហើយលោកកំពុងនៅក្នុងប្រទេសសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចឯកជនប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា លោក បាន់ឌូឡា ហ្គុនវ៉ាឌិនណា (Bandula Gunwardena) បានថ្លែងកាលពីថ្ងៃអង្គារថា៖ «ខ្ញុំជឿថា គាត់អាចពិចារណាត្រលប់មកប្រទេសស្រីលង្កាវិញ ប៉ុន្តែមិនមានគោលជំហរនយោបាយ ឬគោលជំហរណាមួយច្បាស់លាស់ឡើយ»។
នាយករដ្ឋមន្ត្រី ៦អាណត្តិ លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានឡើងកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភា ដែលប្រព្រឹត្តទៅក្រោយពីលោក Rajapaksa បានភៀសខ្លួនចេញពីប្រទេស ហើយបានលាលែងពីតំណែង។
ប្រទេសស្រីលង្កាដែលមានប្រជាជនចំនួន២២លាននាក់បានធ្លាក់ដុនដាបដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែ ដោយខ្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារចាំបាច់ផ្សេងទៀត ខណៈទុនបម្រុងដែលត្រូវការសម្រាប់ការនាំចូលសំខាន់ៗបានធ្លាក់ចុះដល់កម្រិតទាបបំផុត៕