តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក៧នាក់ផ្សេងទៀត ដាក់ពន្ធនាគារចន្លោះពី៦ឆ្នាំទៅ៩ឆ្នាំ ពាក់ព័ន្ធនឹងបទចោទ ប្លន់អ្នកលក់ឡេតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ដោយប្រដាប់អាវុធ។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង និងបក្ខពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងសំណុំរឿងប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញមួយរូប ឈ្មោះ អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងខណ្ឌពោធិ៍សែនជ័យ។ ក្រុមចោរបានលួចខ្សែកពេជ្រចំនួន៣ខ្សែ ដែលមានតម្លៃសរុបប្រមាណ២លានដុល្លារ។
ពេលប្រកាសសាលក្រមលើសំណុំរឿងនេះ នៅព្រឹកថ្ងៃអង្គារម្សិលមិញ លោក វិល្លាម គ័ង (William Guang) ត្រូវបានតុលាការផ្តន្ទាទោសពីបទ «លួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងក្លែងបន្លំឯកសារសាធារណៈ» ឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ខណៈលោកជាមេខ្លោងនៃប្រតិបត្តិការនេះ។ នៅពេលចាប់ខ្លួន លោក គ័ង ជាប្រធានគណបក្សខ្មែរក្រោក។
ចំណែកបក្ខពួក៧នាក់ផ្សេងទៀតក៏ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំផងដែរ ក្នុងនោះឈ្មោះ អោ រ៉ាម៉ន, សុវណ្ណ រ៉ានុត, នេត ផៃមុនី និង ជួប សុភក្ត្រា ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ពីបទ «លួច និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ប៉ុន្តែឈ្មោះ ជួប សុភក្ត្រា ត្រូវបានកាត់ទោសកំបាំងមុខ និងកំពុងគេចខ្លួន, ឈ្មោះ កេត ម៉ាច, ថុន វឌ្ឍនៈបូរ៉ាមី និង សុវណ្ណ ស្រីសូរិយោពណ៌ ត្រូវជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «សមគំនិតក្នុងអំពើលួច និងក្លែងបន្លំឯកសារសាធារណៈ»។ លោក កេត ម៉ាច គឺជាសហការីរបស់លោក គ័ង មកពីគណបក្សខ្មែរក្រោក។
ជាមួយគ្នានេះដែរ តុលាការក៏បានចេញដីកាបង្គាប់ឱ្យពួកគេសងថ្លៃខូចខាតចំនួន៥០០ ០០០ដុល្លារ ដល់អ្នកស្រី អ៊ាន សៀវម៉ី និងសងជំងឺចិត្តចំនួន៥០ ០០០ដុល្លារ។
ក្នុងអំឡុងពេលសវនាការជំនុំជម្រះកាលពីខែមិថុនា ចុងចោទមួយចំនួនហាក់ដូចជាផ្លាស់ប្ដូរសក្ខីកម្មរបស់ពួកគេ ដោយទម្លាក់កំហុសករណីប្លន់នេះទៅលើឈ្មោះ សុភក្ត្រា ដែលធ្វើឱ្យចៅក្រមសង្ស័យពីចេតនារបស់ពួកគេ។
ចៅក្រមបានសួរថា៖ «អ្នកផ្លាស់ប្តូរសក្ខីកម្មដើម្បីការពារគាត់មែនទេ [សំដៅលើលោក គ័ង]?»
ក្នុងសវនាការ ឈ្មោះ រ៉ានុត បាននិយាយថា សុភក្ត្រា បានរៀបចំផែនការប្លន់ ហើយគាត់ជាអ្នកទទួលខុសត្រូវក្នុងការកាត់ផ្តាច់ប្រព័ន្ធ Wi-Fi ខណៈបក្ខពួកម្នាក់ទៀតឡើងទៅលើផ្ទះ និងបង្ហាញឯកសារដល់ជនរងគ្រោះនៅពេលនាងបើកទ្វារ។
ឈ្មោះ រ៉ានុត បាននិយាយនៅក្នុងសវនាការកាលពីដើមខែមិថុនាថា ពួកគេបានចងមនុស្ស៥ទៅ៦នាក់នៅក្នុងផ្ទះ និងបានប្រើដំបងឆក់ទៅលើមនុស្សម្នាក់ផងដែរ៕
បកប្រែ និងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Small-Time Politician William Guang, Associates Convicted for Borey Robbery