អង្គការមិនមែនរដ្ឋាភិបាល មើលឃើញថា ការវិនិយោគនៅតំបន់ភ្នំតាម៉ៅ បានធ្វើឡើងដោយខ្វះតម្លាភាព និងហាក់មិនបានសិក្សាឱ្យបានស៊ីជម្រៅពីផលប៉ះពាល់បរិស្ថាននិងសង្គម តាំងពីដើមទីរហូតដល់សម្រេចលុបគម្រោងនៃការអភិវឌ្ឍវិញ ខណៈពលរដ្ឋដែលរស់នៅជុំវិញភ្នំតាម៉ៅ ក៏ឯកភាពដែរថា នេះជាការវិនិយោគដែលខ្វះការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធនានា ហើយយន្តការនៃការអភិវឌ្ឍនេះទៀតសោធ អនុវត្តទៅមិនដើរលើគោលការណ៍និងនីតិវិធីមួយចំនួនដូចមានបញ្ញត្តិនៅច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិថែមទៀតផង។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក វណ្ណ សុផាត លើកឡើងថា ជាធម្មតា នៅក្នុងផែនការវិនិយោគនីមួយៗទាមទារជាចម្បង និងខ្វះមិនបាន គឺត្រូវសិក្សាជាចាំបាច់នូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម។
លោកបន្តថា ការអនុវត្តគម្រោងនេះ គឺត្រូវធ្វើទៅតាមដំណាក់កាលៗ ហើយលទ្ធផលដែលសម្រេចបានពីការសិក្សាស្រាវជ្រាវនេះ ត្រូវផ្ដល់ជូនទៅពលរដ្ឋវិញ អំពីលទ្ធផលដែលបានឆ្លងកាត់ការពិគ្រោះយោបល់ អំពីបញ្ហា និងភាពប្រឈម រួមទាំងដំណោះស្រាយ។ ប៉ុន្តែការអភិវឌ្ឍនៅភ្នំតាម៉ៅនេះ លោកសង្កេតឃើញថា ការវិនិយោគហាក់មិនបានឆ្លងកាត់គ្រប់ដំណាក់កាល និងស្របតាមនីតិវិធីដូចមានចែងនៅក្នុងច្បាប់នោះទេ។
លោកបន្តថា៖ «អ៊ីចឹងបានថាគាត់អត់បានប្រកាសជាសាធារណៈថា គម្រោងហ្នឹងបានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពីពេលណាមក ហើយប្រជាពលរដ្ឋគ្រប់រូប រួមទាំងសង្គមស៊ីវិលផង ក៏មានសិទ្ធិស្នើសុំទៅក្រសួងបរិស្ថាន ដើម្បីមើលពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមហ្នឹង ថាតើលទ្ធផលចេញមកយ៉ាងម៉េច។ យើងសួរថាតើយើងជ្រើសរើសសំណាកហ្នឹងបានសុំសួរយោបល់ពីពលរដ្ឋជុំវិញភ្នំតាម៉ៅនោះ ហើយនិងអ្នកពាក់ព័ន្ធណាខ្លះទៀត»។
បើតាមលោក វណ្ណ សុផាត រាល់គម្រោងវិនិយោគ ដែលទាមទារឱ្យមានការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាននិងសង្គមនេះ គឺជាត្រីវិស័យមួយដែលជួយតម្រង់ទិសឱ្យការអភិវឌ្ឍមួយផ្ដល់នូវផលចំណេញដល់គ្រប់តួអង្គដែលពាក់ព័ន្ធ មិនបង្កើតឱ្យមានការឈឺចាប់ និងមហន្តរាយដល់សង្គម និងបរិស្ថានទេ។
ស្រដៀងគ្នានឹងការលើកឡើងនេះដែរ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ នៃក្រសួងបរិស្ថាន មាត្រា៦ ចែងថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវអនុវត្តរាល់គម្រោង និងសកម្មភាពរបស់ឯកជនឬសាធារណៈ ហើយត្រូវបានពិនិត្យនិងវាយតម្លៃដោយក្រសួងបរិស្ថាន មុននឹងដាក់ជូនរដ្ឋាភិបាលសម្រេច។ ការវាយតម្លៃនេះក៏ត្រូវបានអនុវត្តដែរ ចំពោះសកម្មភាពដែលមានស្រាប់ និងកំពុងដំណើរការ ហើយដែលមិនទាន់បានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅឡើយ។
រស់នៅភូមិភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ អ្នកស្រី ពាម សុខុម លើកឡើងថា វាគឺជារឿងដែលចម្លែក នៅពេលអ្នកភូមិឃើញគ្រឿងចក្រចូលឈូសឆាយដីព្រៃនៅភ្នំតាម៉ៅ។ អ្នកស្រីបន្តថា ពួកគាត់មិនដែលបានទទួលដំណឹងណាមួយទាល់តែសោះពីអាជ្ញាធរ អំពីផែនការឈូសឆាយដីព្រៃនៅតំបន់អភិរក្ស ដែលសម្បូរទៅដោយជីវចម្រុះ និងសត្វព្រៃគ្រប់ប្រភេទនេះ។
បើតាមអ្នកស្រី សុខុម មិនត្រឹមតែពលរដ្ឋទេ ដែលពុំដែលបានទទួលព័ត៌មានជុំវិញការវិនិយោគនេះ សូម្បីមន្រ្តីរដ្ឋបាលព្រៃឈើនៅក្នុងមូលដ្ឋាន ក៏គ្មានបានទទួលដំណឹងណាមួយដូចគ្នានឹងប្រជាពលរដ្ឋដែរ។
អ្នកស្រីបន្តថា៖ «មានប្រាប់ណា! គេអត់ប្រាប់ទេ! គេអត់មានបានជម្រាបប្រជាពលរដ្ឋទេ មានតែបិទ។ អត់ដឹងទេ! សូម្បីតែមេព្រៃដែលចាំនៅហ្នឹងក៏អត់ដឹងដែរ។ គេប្រាប់តែថ្នាក់លើៗ និងអ្នកធំៗហ្នឹង»។
មិនខុសគ្នាទេ ព្រះគ្រូចៅអធិការវត្តថ្មអន្ទង ព្រះតេជព្រះគុណ សុត ផល្លី មានសង្ឃដីកាថា អាជ្ញាធរ ឬភាគីក្រុមហ៊ុន មិនដែលបានផ្តល់ព័ត៌មានអំពីផែនការវិនិយោគនេះឱ្យពុទ្ធបរិស័ទ និងព្រះសង្ឃដែលរស់នៅជុំវិញបរិវេណភ្នំតាម៉ៅបានដឹងនោះទេ។ ព្រះតេជព្រះគុណបន្តថា សុខៗស្រាប់តែឃើញគ្រឿងចក្រចូលឈូសឆាយព្រៃយកតែម្តង ដែលការនេះបង្កឱ្យមានការភ្ញាក់ផ្អើលទាំងមនុស្ស និងសត្វនៅក្នុងតំបន់ភ្នំតាម៉ៅ។
ព្រះអង្គមានសង្ឃដីកាថា៖ «លោកអត់មានដឹងអីទេ លោកនៅតែមួយកន្លែង និងព្រៃៗអ៊ីចឹងហ្នឹង ឃើញតែគេជជែកគ្នាពេញតែព្រៃក្បែរវត្តហ្នឹង។ អត់មានដឹងអីសោះ ស្រាប់តែដូចលោតឆ័ត្រមកតែម្តង។ ឃើញតែសត្វវាផ្អើលពេញតែហ្នឹង ហើយវារត់ទៅអស់ទៅ យូរៗវាលរហោឋានអ៊ីចឹងទៅ គ្មានដឹងអីទេ»។
បើគេពិនិត្យទៅលើគម្រោង ទាំងសេចក្ដីបំភ្លឺរបស់ក្រសួងកសិកម្ម និងសេចក្ដីជូនដំណឹងស្តីពីការស្នើកម្លាំងការពារ ដើម្បីបើកផ្លូវឱ្យមានការឈូសឆាយឯណេះវិញ គឺគ្មានប្រការណាមួយដែលបង្ហាញពីការសិក្សាជាមុន ពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ដូចមានបញ្ញត្តិនៅក្នុងច្បាប់ស្តីពីបរិស្ថានទេ។
លើសពីនេះទៅទៀត បើពិនិត្យទៅលើលិខិតបើកផ្លូវ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បង្ហាញថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន «ខ្មែរ ហ្វេស មីល» ទទួលបានសិទ្ធិឈូសឆាយព្រៃនៅតំបន់ភ្នំតាម៉ៅទំហំ៨០០ហិកតា គឺមិនបានបង្ហាញពីលទ្ធផលនៃរបាយការណ៍សិក្សាស្រាវជ្រាវពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមទេ។ ដោយឡែក ការរកឃើញដោយសារព័ត៌មាន Southeast Asia Globe កាលពីពេលថ្មីៗនេះ តាមរយៈផ្កាយរណប បង្ហាញថា ក្រុមហ៊ុនឯកជនចំនួន៣ ជាប់ពាក់ព័ន្ធការទទួលបានដីព្រៃប្រមាណ១ ៥០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ពីរដ្ឋាភិបាលនោះ រួមមាន ក្រុមហ៊ុន «បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development)» ក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group)» និងក្រុមហ៊ុន «ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៏ ស៊ីធី ឯ.ក (China Poipet Satellite City)»។ ជាលទ្ធផលនៃការរកឃើញនេះ ក៏មិនបានភ្ជាប់ជាមួយនូវរបាយការណ៍នៃការវាយតម្លៃក្នុងការអនុវត្តគម្រោងរបស់ខ្លួនដែរ។
វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាននៅឡើយទេ។
របាយការណ៍របស់សារព័ត៌មានដដែល ឱ្យដឹងបន្ថែមថា លោក ឡេង ភត្រា ដែលគេស្គាល់ជាទូទៅថា ជាឧកញ៉ា ឡេង ណាវ៉ាត្រា គឺជានាយកក្រុមហ៊ុនអចលនទ្រព្យ «ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៍ ស៊ីធី» ហើយក៏ដូចជាម្ចាស់ក្រុមហ៊ុន Galaxy Navatra Group និង Galaxy Navatra Investment ដែរ។
លោក ឡេង ណាវ៉ាត្រា ដែលប្រើឈ្មោះជាម្ចាស់ក្រុមហ៊ុន «ឆាយណា ប៉ោយប៉ែត» កាលពីថ្ងៃទី២៨ ខែកក្កដា បានដាក់ស្នើលិខិតមួយច្បាប់ទៅអភិបាលខេត្តតាកែវ ដើម្បីសុំកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ជួយការពារពីផែនការឈូសឆាយដីព្រៃ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ក្នុងទំហំដីជាង៥០០ហិកតា នៅភ្នំតាម៉ៅ។ ប៉ុន្តែលិខិតដែលភ្ជាប់ជាមួយការស្នើសុំកងកម្លាំងនេះ ក៏គេរកមិនឃើញពីរបាយការណ៍នៃការសិក្សាពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដែរ។
លោក យឹម សុវណ្ណ ជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ធ្លាប់បានរិះគន់ពីការធ្វើច្បាប់នៅក្នុងរដ្ឋសភា អំឡុងពេលលោកនៅជាសមាជិកសភាថា ដោយសារការអនុវត្តច្បាប់មិនបានត្រឹមត្រូវ ទើបធ្វើឱ្យធនធានធម្មជាតិត្រូវបានបំផ្លាញ ហើយអ្នកដែលចំណេញគឺជាឈ្មួញទុច្ចរិត ជ្រកក្រោមផ្លាកអភិវឌ្ឍន៍។
លោកបន្តថា៖ «ប្រទេសកម្ពុជាមិនខ្វះដីទេ ចំនួន១៨១ ០៣៥គីឡូម៉ែត្រក្រឡា។ នៅទីក្រុងភ្នំពេញ ដីប៉ែកខាងត្បូង ប៉ែកខាងជើង ប៉ែកខាងលិច និងប៉ែកខាងកើត ដីអាចនៅអភិវឌ្ឍបានទាំងអស់ មិនអត់ដីដូចនៅសិង្ហបុរីទេ។ មិនចាំបាច់ដាក់ដីបំពេញសមុទ្រ មិនចាំបាច់ចាក់ដីបំពេញបឹង ដើម្បីអភិវឌ្ឍដូចនៅសិង្ហបុរីទេ។ នៅសិង្ហបុរី គេខ្វះដី គេទិញដីដាក់បំពេញសមុទ្រ ប៉ុន្តែនៅប្រទេសកម្ពុជាមិនខ្វះទេ។ ហើយបើអភិវឌ្ឍន៍ត្រឹមត្រូវ ខ្ញុំជឿថាសប្បាយទាំងអស់គ្នា ទាំងអ្នកក្រុង និងអ្នកស្រែ។ បើយើងយកគម្រោងហ្នឹងទៅអភិវឌ្ឍ ដាក់ទៅខាងដីស្រែដែលគ្មានបឹងទៅ ប្រជាពលរដ្ឋគាត់លក់ទៅក៏បានចំណេញ ហើយក្រុមហ៊ុន ដែលអភិវឌ្ឍន៍ទៅក៏បានចំណេញ »។
ក្រោយពីមានប្រតិកម្មពីមហាជន និងពលរដ្ឋនៅលើបណ្ដាញសង្គម បានបង្ខំចិត្តឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចលុបចោលរាល់គម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅទាំងអស់។ ការនិរាករដ៏ប្រញាប់ប្រញាល់ កាលពីថ្ងៃទី៧ ខែសីហា តាមរយៈទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នេះ ក៏ទទួលបានការសាទរដែរពីអ្នកដែលព្រួយបារម្ភចំពោះវាសនាភ្នំតាម៉ៅ និងជីវិតសត្វគ្រប់ប្រភេទ នៅលើតំបន់ភ្នំមួយនេះ។
ទន្ទឹមនឹងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីនេះ ពួកគេក៏ដាក់ការព្រួយបារម្ភដែរថា ការនិរាករវិនិយោគនៅភ្នំតាម៉ៅនៅពេលនេះ អាចមានជោគវាសនាដូចបឹងតាមោកដែរ។ រដ្ឋាភិបាលក៏ធ្លាប់និរាករ ឬលុបចោលគម្រោងវិនិយោគនៅបឹងតាមោកជាយក្រុងភ្នំពេញដែរ កាលពីឆ្នាំ២០២០កន្លងទៅ។ ប៉ុន្តែមិនយូរប៉ុន្មាន ដីបឹងតាមោកនេះក៏ត្រូវបានរដ្ឋាភិបាលធ្វើជាអនុបយោគកាត់ឱ្យឯកជនឡើងវិញ។
បើតាមលោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា អ្វីដែលជាមេរៀនដែលរដ្ឋាភិបាលគួររៀនសូត្របានពីការសម្រេចចិត្តដោយមិនផ្អែកលើគោលការណ៍ច្បាប់និងនីតិវិធីនេះ គឺជាគ្រោះថ្នាក់មួយសម្រាប់ជីវិតនយោបាយ។
មិនតែប៉ុណ្ណោះ រដ្ឋធម្មនុញ្ញបានកំណត់ហើយថា ពលរដ្ឋគឺជាម្ចាស់នៃអំណាច ហើយអ្វីៗសម្រេចនៅលើពលរដ្ឋ។
ក្នុងន័យនេះ លោកថា ប្រសិនបើការសម្រេចចិត្តមួយដែលមិនបានពិនិត្យឱ្យដិតដល់ទេ វាមិនខុសពីការសម្លាប់ឆ្នាំងបាយរបស់ខ្លួននោះឡើយ៕