នគរបាលរដ្ឋ New Mexico កាលពីថ្ងៃអង្គារ បានចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យបឋមក្នុងការបាញ់សម្លាប់បុរសមូស្លីមចំនួន៤នាក់ នៅទីក្រុង Albuquerque ចាប់តាំងពីខែវិច្ឆិកា ដែលជាការលបបាញ់ប្រហារជាបន្តបន្ទាប់ ដែលបានធ្វើឱ្យសហគមន៍អ៊ីស្លាមនៅទីក្រុងនេះមានការភ័យខ្លាច។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។
ប្រភពដដែលបន្តថា នគរបាលទទួលបានតម្រុយពីសាធារណជនក្នុងការជួយអ្នកស៊ើបអង្កេតស្វែងរករថយន្តដែលពួកគេជឿថាត្រូវបានប្រើប្រាស់ក្នុងករណីឃាតកម្មយ៉ាងហោចណាស់មួយករណី និងនាំទៅរកការតាមចាប់ខ្លួនជនសង្ស័យដែលមានឈ្មោះថា ម៉ូហាម៉ាត់ ស៊ីអ៊ីដ (Muhammad Syed) អាយុ៥១ឆ្នាំ ជាអ្នករស់នៅទីក្រុង Albuquerque ។
លោក Syed ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាតចំនួនពីរករណី។ ជនរងគ្រោះទីមួយឈ្មោះ អាហ្វថាប ហ៊ូសៀន (Aftab Hussein) អាយុ៤១ឆ្នាំ ត្រូវបានសម្លាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ និងទីពីរឈ្មោះ ម៉ូហាម៉េត អាហ្វហ្សាអាល់ ហ៊ូសាអ៊ីន (Muhammed Afzaal Hussain) អាយុ២៧ឆ្នាំ ត្រូវបានសម្លាប់នៅថ្ងៃទី១ ខែសីហា។
ទោះយ៉ាងណា លោក Syed ត្រូវបានចាត់ទុកថាជាជនសង្ស័យក្នុងឃាតកម្មទាំង៤ករណី។ នេះបើតាមស្នងការនគរបាលក្រុង Albuquerque លោក ហារ៉ូល មេឌីណា (Harold Medina) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។
ជនរងគ្រោះចុងក្រោយឈ្មោះ ណេយីម ហ៊ូសាអ៊ីន (Nayeem Hussain) អាយុ២៥ឆ្នាំ ជាអ្នកបើករថយន្តដឹកទំនិញ ដែលបានទទួលសញ្ជាតិអាមេរិកនៅថ្ងៃទី៨ ខែកក្កដា ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីបានចូលរួមក្នុងការបញ្ចុះសពបុរស២នាក់ដែលម្នាក់ត្រូវបានសម្លាប់កាលពីខែកក្កដា និងម្នាក់ទៀតនៅខែសីហា ហើយទាំងពីរនាក់នេះជាជនជាតិប៉ាគីស្ថាន។
ជនរងគ្រោះដំបូងគេមានឈ្មោះថា ម៉ូហាម៉ាត់ អាម៉ាឌី (Mohammad Ahmadi) អាយុ៦២ឆ្នាំ មានដើមកំណើតនៅអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលកំពុងជក់បារីនៅខាងក្រៅហាងលក់គ្រឿងទេស និងហាងកាហ្វេដែលគាត់បានបើកជាមួយបងប្រុសរបស់គាត់ នៅភាគអាគ្នេយ៍នៃទីក្រុង Albuquerque។
នគរបាលបាននិយាយថា ឃាតកម្មទាំងពីរករណីដែលឈ្មោះ Syed ត្រូវបានចោទប្រកាន់ដំបូង ដោយផ្អែកលើសំបកគ្រាប់កាំភ្លើងដែលបានរកឃើញនៅកន្លែងកើតហេតុនៃឃាតកម្មទាំងពីរករណី។
យោងតាមនគរបាល ក្រុមអ្នកស៊ើបអង្កេតបានឆែកឆេរផ្ទះរបស់ឈ្មោះ Syed នៅភាគអាគ្នេយ៍នៃទីក្រុង Albuquerque កាលពីថ្ងៃចន្ទ ខណៈគាត់បើករថយន្តចេញពីផ្ទះ ហើយអ្នកស៊ើបអង្កេតមានការសង្ស័យចំពោះរថយន្តរបស់គាត់។
នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីការដកហូតអាវុធមួយចំនួនពីផ្ទះរបស់ជនសង្ស័យ អ្នកស៊ើបអង្កេតបានរកឃើញភស្តុតាងដែលបង្ហាញថា ជនល្មើសស្គាល់ជនរងគ្រោះ និងមានជម្លោះបុគ្គលដែលឈានដល់ការបាញ់ប្រហារ។
អាជ្ញាធរទីក្រុង Albuquerque និងអាជ្ញាធររដ្ឋ New Mexico បានធ្វើការដើម្បីឱ្យនគរបាលទៅឃ្លាំមើលបន្ថែមនៅតាមវិហារអ៊ីស្លាមក្នុងអំឡុងពេលពិធីសាសនា ខណៈការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Albuquerque ដែលមានពលរដ្ឋម៉ូស្លីមរហូតដល់៥ ០០០នាក់ក្នុងចំណោមប្រជាជនសរុប ៥៦៥ ០០០នាក់។
ការលបបាញ់ប្រហារទៅលើបុរសជនជាតិប៉ាគីស្ថាន ឬអាហ្វហ្គានីស្ថាន បានធ្វើឱ្យសហគមន៍មូស្លីមនៅទីក្រុង Albuquerque មានការភ័យខ្លាច។ ក្រុមគ្រួសារនានាបានលាក់ខ្លួននៅក្នុងផ្ទះរបស់ពួកគេ ហើយនិស្សិតប៉ាគីស្ថានមួយចំនួននៅសាកលវិទ្យាល័យ New Mexico បានចាកចេញពីទីក្រុងដោយភ័យខ្លាច។
អ៊ីមធីអាស ហ៊ូសាអ៊ីន (Imtiaz Hussain) ដែលប្អូនប្រុសរបស់គាត់ធ្វើការជានាយកផែនការទីក្រុង ហើយត្រូវបានសម្លាប់កាលពីថ្ងៃទី១ ខែសីហា បាននិយាយថា ព័ត៌មានអំពីការចាប់ខ្លួនជនសង្ស័យបានធ្វើឱ្យសហគមន៍មូស្លីមមានភាពកក់ក្តៅឡើងវិញ។
លោកបន្តថា៖ «កូនៗរបស់ខ្ញុំសួរខ្ញុំថា “តើយើងអាចអង្គុយនៅរានហាលរបស់យើងបានទេឥលូវនេះ?”។ ខ្ញុំឆ្លើយថា “បាន”។ ហើយគេសួរទៀតថា “តើយើងអាចចេញទៅលេងនៅខាងក្រៅបានទេឥលូនេះ?”។ ខ្ញុំឆ្លើយថា “បាន”»។
ជនរងគ្រោះចុងក្រោយបង្អស់ទាំង៣នាក់បានចូលរួមពិធីសាសនានៅមជ្ឈមណ្ឌលអ៊ីស្លាម ក្នុងរដ្ឋ New Mexico ដែលជាវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងទីក្រុង Albuquerque។ ពួកគេត្រូវបានបាញ់ប្រហារនៅជិត Central Avenue នៅភាគអាគ្នេយ៍ទីក្រុង Albuquerque ។
អភិបាលក្រុង Albuquerque លោក ធីម ខេលឡឺ (Tim Keller) បានថ្លែងអំណរគុណចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរក្នុងតំបន់ រដ្ឋ និងសហព័ន្ធចំពោះករណីនេះ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងសង្ឃឹមថា វិធានការទាន់ពេលវេលានឹងនាំមកនូវសុវត្ថិភាពបន្ថែមទៀតសម្រាប់មនុស្សជាច្រើនដែលកំពុងមានការភ័យខ្លាចពីការបាញ់ប្រហារនេះ»។
ជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ គឺពាក់ព័ន្ធនឹងឧក្រិដ្ឋប្រឆាំងវណ្ណៈ។
លោក អ៊ីមធីអាស ហ៊ូសាអ៊ីន (Imtiaz Hussain) បាននិយាយថា៖ «ឃាតកមានចិត្តដែលពោរពេញដោយការរើសអើងជាតិសាសន៍»៕