ភូមា​ហាម​ឃាត់​សង្ឃ​មួយ​អង្គ​មិន​ឲ្យ​សម្ដែង​ធម៌​ប្រឆាំង​នឹង​ក្រុម​ជន​ជាតិ​ភាគ​តិច​មូស្លីម

ព្រះ​សង្ឃ​ភូមា​ព្រះនាម វីរៈធូ(រូបភាពពី​ទីភ្នាក់ងារ​ AFP)

ព្រះ​សង្ឃ​ភូមា​មួយ​អង្គ​ដែល​ល្បី​ល្បាញ​ខាង​ទេសនា​ប្រឆាំង​នឹង​​ជន​មូស្លីម ត្រូវ​បាន​គណៈ​គ្រប់​គ្រង​សង្ឃ​​​ប្រទេស​នេះ ហាម​ឃាត់​មិន​ឲ្យ​សម្ដែង​ធម៌​ទេសនា​រយៈ​ពេល​មួយ​ឆ្នាំ ដែល​នេះ​ប្រៀប​បី​ដូច​ទៅ​នឹង​ការ​ទះ​កំផ្លៀង​នៅ​លើ​បុរស​ម្នាក់ ដែល​តែង​តែ​ជំរុញ​ឲ្យ​មាន​ភាព​តាន​តឹង​ផ្នែក​សាសនា​នៅ​ក្នុង​ប្រទេស​។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា សង្ឃ​ព្រះ​នាម វីរៈធូ បាន​ដឹកនាំ​ការ​អំពាវ​នាវ​ឲ្យ​រឹត​បន្តឹង​ទៅ​លើ​ប្រជាជន​មូស្លីម​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​ថ្លែង​ព្រមាន​ថា សាសនា​ឥស្លាម​អាច​នឹង​ដណ្ដើម​កាន់​កាប់​ប្រទេស​​កាន់​ពុទ្ធសាសនា​មួយ​នេះ។

ភូមា​កំពុង​តែ​រុំ​ព័ទ្ធ​ទៅ​ដោយ​ភាព​តាន​តឹង​ផ្នែក​សាសនា ដែល​តែង​តែ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ម្ដង​ហើយ​ម្ដង​ទៀត។ ចលា​ចល​ក៏​បណ្ដាល​មក​ពី​ការ​ថ្លែង​ប្រឆាំង​នឹង​ជន​មូស្លីម ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​សង្ឃ​ជ្រុល​និយមរបស់​ព្រះ​តេជ​គុណ វីរៈធូ ផង​ដែរ។

រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី កំពុង​ស្ថិត​ក្រោម​សម្ពាធ​អន្តរជាតិ ឲ្យ​បក​ស្រាយ​ពី​ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ឃីន អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ឃាតកម្ម​កាល​ពី​ខែ​កុម្ភៈ​ទៅ​លើ​លោក កូ នី មេធាវី​មូស្លីម​ដ៏​គួរ​ឲ្យ​គោរព និង​ជា​សម្ព័ន្ធ​មិត្ត​យូរ​អង្វែង​របស់​អ្នកស្រី ស៊ូជី នោះ ក៏​បាន​ជំរុញ​ឲ្យ​មាន​ភាព​តាន​តឹង​បន្ថែម​ទៀត​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ