កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថា ពួកគេមិនព្រមទទួលយកសំណង ៣ចំណុច ដែលដោះស្រាយដោយក្រសួងការងារនោះទេ ដោយថា ការដោះស្រាយនេះនៅមិនទាន់ត្រឹមត្រូវតាមផ្លូវច្បាប់។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដោះស្រាយសំណង ៣ចំណុច ជូនកម្មករបម្រើការងារនៅរោងចក្រ ឃែនធើរេន ដែលថៅកែរត់ចោល ក្រោយមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងការងារនឹងប្រើប្រាស់ថវិកាបុរេប្រទានរបស់រដ្ឋាភិបាល ដើម្បីទូទាត់ប្រាក់ចំនួន៣ចំណុចជូនកម្មករ រួមមាន ប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក ប្រាក់បំណាច់ជួសឱ្យការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ រួមទាំងប្រាក់រំលឹកអតីតភាពការងារដែលនៅសល់មុនឆ្នាំ២០១៩។
ប៉ុន្តែក្រុមកម្មករ អះអាងថា ការទូទាត់សំណងជូនពួកគាត់ត្រឹម៣ចំណុចនេះ គឺមិនត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ហើយពួកគាត់នឹងមិនព្រមទទួលយកនោះទេ។
ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា ករណីក្រសួងការងារដោះស្រាយ ដោយទូទាត់ឱ្យកម្មករត្រឹម៣ចំណុចនេះ គឺរូបអ្នកស្រី និងកម្មករផ្សេងទៀតមិនអាចទទួលយកបានឡើយ។ អ្នកស្រីថា ការដោះស្រាយរបៀបនេះ បានធ្វើឱ្យពួកគាត់ខាតបង់ផលប្រយោជន៍ដ៏ច្រើនលើសលុប។
អ្នកស្រីអះអាងថា ថៅកែរោងចក្រ ឃែនធើរេន បានបិទទ្វារអាជីវកម្មដោយមិនបានជូនដំណឹងត្រឹមត្រូវតាមផ្លូវច្បាប់ដល់កម្មករឡើយ និងបានបើករោងចក្រនៅសាខាផ្សេងថែមទៀត។
អ្នកស្រី សាន់ សុផា បន្ថែមថា៖ «ធម្មតាការបិទអាគារ ឬប្តូរទីតាំងត្រូវជូនដំណឹង ហើយរោងចក្រនេះវាមិនមែនក្ស័យធុនទេ វាបិទអានេះវាទៅផ្គត់ផ្គង់នៅរោងចក្រមួយទៀត ដែលម៉ោងនេះ រោងចក្រមួយទៀត វាកំពុងប្រកាសជ្រើសរើស [កម្មករ] ជាង២០០នាក់ទៀត។ អីចឹងខ្ញុំមិនសប្បាយចិត្តនឹងទទួលយកការដោះស្រាយរបស់ក្រសួងនេះ បើក្រសួងការងារឱ្យខ្ញុំទៅយកសំណងត្រឹម៣ចំណុចនេះ គឺខ្ញុំមិនទៅយកទេ ហើយពួកខ្ញុំនឹងហែរក្បួនទៅរកសម្តេចឱ្យជួយដោះស្រាយម្តងទៀត»។
កម្មករផ្នែកជាងម៉ាស៊ីនដេរ លោក ឈិម ឃន បម្រើការងារនៅរោងចក្រ ឃែនធើរេន រយៈពេល១៨ឆ្នាំ និយាយថា រូបលោក និងកម្មករផ្សេងទៀត មិនអាចទទួលយកដំណោះស្រាយត្រឹមសំណង ៣ចំណុចនេះទេ ដោយទាមទារឱ្យមានសំណងតាមច្បាប់ស្តីពីការងារ។ លោកបន្តថា កម្មករកំពុងរងទុក្ខលំបាកដោយខ្វះលុយសម្រាប់ចំណាយប្រចាំថ្ងៃ បង់បន្ទប់ជួលទឹកភ្លើង និងបង់សង់ធនាគារជាដើម។ មួយទៀតនោះ កម្មករបានបោះតង់លើចិញ្ចើមផ្លូវដេកយាមមុខរោងចក្រហាលភ្លៀង ហាលខ្យល់ជិត៤ខែហើយ ដើម្បីរងចាំដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។
លោក ឈិម ឃន បន្ថែមថា៖ «អីចឹងជួយដោះស្រាយផង ធ្វើម៉េចឱ្យមានដំណោះស្រាយតាមផ្លូវច្បាប់ផង ព្រោះពួកគាត់ភាគច្រើនគឺចាស់ៗ ជួបការលំបាក អត់មានចំណូល ហើយដេកយាមមុខរោងចក្រ ហើយត្រូវចំណាយច្រើនក្នុងមួយថ្ងៃៗ ដោយសារទំនិញទីផ្សារ ដូចជា ប្រេងសាំង និងម្ហូបអាហារឡើងថ្លៃ។ តែខានធ្វើការមួយថ្ងៃ គឺអត់លុយហើយ ចុះទម្រាំអ្នកខ្លះគាត់ជាប់បំណុលធនាគារទៀត គាត់បានលុយពីណាបង់»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានទេពាក់ព័ន្ធករណីនេះ។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលតាមដានករណីនេះ បានបង្ហាញការខកចិត្តចំពោះក្រសួងការងារដែលប្រកាសដោះស្រាយសំណងជូនកម្មករត្រឹម៣ចំណុច ដោយមិនបានពិភាក្សាជាមួយក្រុមកម្មករ ឬតំណាងរបស់ពួកគេ។
មេសហជីពរូបនេះបន្តថា តាមផ្លូវច្បាប់ ពេលរោងចក្របិទទ្វាដោយមិនបានជូនដំណឹងមុនត្រឹមត្រូវ គឺថៅកែត្រូវផ្តល់សំណងចំនួន៥ចំណុចដល់កម្មករ ក្នុងនោះមានប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំដែលនៅសល់។
លោក ប៉ាវ ស៊ីណា ឱ្យដឹងថា តាមការគណនាសំណង៥ចំណុចនោះ មានតម្លៃខ្ទង់៧០ម៉ឺនទៅ៨០ម៉ឺនដុល្លារ ប៉ុន្តែបើក្រសួងការងារដោះស្រាយត្រឹម៣ចំណុច គឺកម្មករទទួលបានអត្ថប្រយោជន៍ខ្ទង់១០ម៉ឺនដុល្លារប៉ុណ្ណោះ។ លោកបានស្នើដល់ក្រសួងការងារ ជួបពិភាក្សាជាមួយតំណាងកម្មករ និងពិចារណាឡើងវិញ ចំពោះការផ្តល់សំណងជូនកម្មករ។
លោក ប៉ាវ ស៊ីណា បន្ថែមថា៖ «ដូច្នេះខ្ញុំគិតថា ការសម្រេចផ្តល់ជូន៣ចំណុចដោយក្រសួងការងារនេះ គួរតែជជែកគ្នាជាមុន ថាតើចំណុចណាគួរផ្តល់ឱ្យកម្មករ ចំណុចណាគួរដកចេញ អាហ្នឹងត្រូវចរចាជាមួយបងប្អូនកម្មករជាមុនសិន។ ការសម្រេចដោយឯកត្តោភាគីភ្លាមៗ និងមិនបានពិភាក្សានឹងធ្វើឱ្យកម្មករមិនសប្បាយចិត្ត ព្រោះថា ផលប្រយោជន៍របស់គាត់ដែលត្រូវទទួលបាន ឬការទាមទាររបស់គាត់ វាមានគម្លាតឆ្ងាយពេកពីអ្វីដែលក្រសួងផ្តល់ឱ្យ ដូច្នេះខ្ញុំគិតថាកម្មករមិនសប្បាយចិត្តទេរហូតមកដល់ម៉ោងនេះ»។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្មករ-កម្មការិនីជិត១០០នាក់ តំណាងឱ្យកម្មករ៣២០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន បាននាំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយ ក្រោយថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់ ហើយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។
ក្នុងញត្តិនោះ កម្មករបានលើកឡើងថា រោងចក្រ ឃែនធើរេន បានបើកដំណើរការតាំងពីឆ្នាំ១៩៩៧ ដែលមានថៅកែធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី ហើយនាយកក្រុមហ៊ុនឈ្មោះ CHHOONG WEI PIAU និងមានចំនួន៣២០នាក់។
ញត្តិដដែលបន្តថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ថ្នាក់ដឹកនាំរោងចក្របានលួចដឹកសម្ភារចេញ ដូចជា ម៉ាស៊ីនភ្លើង ម៉ាស៊ីនដេរថ្មីៗ និងក្រណាត់ ជាដើម ផ្ទេរទៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ខ្វលលីធី តេក្សស្ទីល ជាក្រុមហ៊ុនមានថៅកែតែមួយ ជាមួយក្រុមហ៊ុន ឃែនធើរេន ដែរ៕