ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីបន្តពិនិត្យ និងព្យាបាលព្រះរាជសុខភាពតាមការណាត់ជួបរបស់ក្រុមគ្រូពេទ្យចិន។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពតាមការណាត់ជួបរបស់ក្រុមគ្រូពេទ្យចិន។
កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលតាម រយៈព្រះរាជសារជូនប្រជារាស្ត្រខ្មែរថា ព្រះអង្គនឹងព្រះអវត្តមានពីកម្ពុជាទៅប្រទេសចិន ចាប់ពីថ្ងៃទី២១ ខែសីហានេះតទៅ។ ក្នុងកំឡុងពេលនៃព្រះអវត្តមាននេះ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ ក្នុងព្រះរាជដំណើរយាងទៅពិនិត្យព្រះរាជសុខភាព កាលលើកទីមួយនោះ ព្រះអង្គទាំងទ្វេ បានគង់ប្រថាប់នៅក្រុងប៉េកាំង អស់រយៈពេលជាងមួយខែ។
ប៉ុន្តែការយាងចាកចេញទៅពិនិត្យព្រះរាជសុខភាពលើកនេះ មិនទាន់មានការជូនព័ត៌មានថា ព្រះអង្គ និងព្រះវររាជមាតាជាតិខ្មែរនឹងយាងត្រឡប់មកកម្ពុជាវិញនៅពេលណានោះទេ៕