កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺ ២នាក់ បានជាសះស្បើយពីជំងឺនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង ៨នាក់នោះ ជាការឆ្លងវីរុសប្រភេទអូមីក្រុង ក្នុងនោះ មាន ៣នាក់ ជាករណីដែលស្នើសុំវិញ្ញាបនប័ត្រចេញទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថា មានចំនួន ២នាក់ ខណៈមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៧ ៨៩៣នាក់ ក្នុងនោះជាសះស្បើយ ១៣៤ ៧៥៩នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕