លោក ហ៊ុន សែន ព្រមាន​ឈប់​ផ្តល់​សំណង​ដល់​ពលរដ្ឋ​រស់នៅ​ខុសច្បាប់​ក្នុង​តំបន់អង្គរ បើ​ពួកគេ​ចង់តថ្លៃ​រឿងសំណង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ប្រភពរូបភាព៖ (ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន )

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ឈប់ផ្តល់​សំណង​ដល់ពលរដ្ឋដែល​រស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បើពួកគេ​ជឿតាម​ការញុះញង់​របស់អ្នកនយោបាយ ហើយមិ​នព្រមចាកចេញ ព្រោះតែចង់​នៅតថ្លៃទាមទារ​សំណងខ្ពស់​ជាងអ្វី​ដែលរដ្ឋាភិបាល​បានកំណត់រួចទៅហើយនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ថ្មីៗនេះ លោកបានទទួលព័ត៌មានថា មានមនុស្សមួយ​ចំនួនបាន​ទៅឃោសនាប្រាប់ប្រជាពលរដ្ឋដែល​រស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប កុំអាលចាកចេញ ដើម្បីតថ្លៃ​សំណងឱ្យ​បានច្រើនជាមុន ឬបានដីច្រើនជាងមុនជាដើម។

ករណីនេះ លោកបានផ្តាំទៅប្រជាពលរដ្ឋនៅ​តំបន់រមណីយដ្ឋានអង្គរ កុំជឿតាមការឃោសនាទាំងនោះ ព្រោះរដ្ឋាភិបាល​បានកំណត់ពីសំណង​ទៅឱ្យប្រជា​ពលរដ្ឋ​រួចហើយ ដូច្នេះបើគ្រួសារណាមួយនៅ​តែមិនព្រមទទួលយកសំណង មុនមានការកំណត់ឱសានវាទមកដល់ទេ ហើយនៅបន្តជឿតាម​ការញុះញង់របស់​អ្នកនយោបាយមួយចំនួននោះ នោះរដ្ឋាភិបាលនឹងឈប់ផ្តល់សំណងឱ្យសូម្បីសេន។

លោក ហ៊ុន សែន បានថ្លែងថា៖ «នេះជាពេលវេលា​ដែលរាជរដ្ឋាភិបាលកំពុងថ្នាក់ថ្នម ធ្វើហេដ្ឋារចនាសម្ព័ន្ធជូន ប៉ុន្តែតែដល់ពេលវេលាមួយហើយ មិន​មែន​សុខចិត្តឱ្យអង្គរវត្ត​ត្រូវគេដកចេញពី​បេតិកភណ្ឌពិភពលោកទេ គឺច្បាស់ជាដកគ្រួសារ[ពលរដ្ឋដែលរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ]ហ្នឹង​ចេញហើយ។ កុំឃើញនាយករដ្ឋមន្ត្រីទៅនិយាយ ហើយគិតថា ថ្ងៃក្រោយ​នឹងអាចតថ្លៃបានតម្លៃច្រើនជាងហ្នឹង ដីធំជាងហ្នឹង អត់ទេ! ដីអ្នក​ទាំងអស់​គ្នាអត់​មានកម្មសិទ្ធិទេ»។

លោកនាយករដ្ឋមន្រ្តីបន្តថា៖ «ផ្តាំពីនេះទៅឱ្យច្បាស់ តែដល់ពេលគេ[យូនីស្កូ]ចេញមកហើយ សម្ពាធពីអង្គការយូនីស្កូ ដែល​ទាក់ទង​និងការ​ការពារ​ក្នុង​រមណីយដ្ឋាន​អង្គរត្រូវធ្វើហើយ គឺថាអត់ទេ សូមអញ្ជើញចេញ ដោយមិនបានទទួលសំណងអ្វីទេ ព្រោះសងមុនអត់ព្រមយក…តែយើងអត់​ចង់ដើរ​ដល់ហ្នឹងទេ យើងធ្វើតាមដំណាក់ៗ បងប្អូនយល់ប៉ុណ្ណឹង ហើយកុំចាញ់បោកក្រុមបក្សនយោបាយណាថាធានា អត់ធានាទេ»។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបជុំវិញករណីនេះពីពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ ដែលមិនទាន់បានចាកចេញនៅឡើយ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីថា ហាក់ដូចជា​ចាប់បង្ខំឱ្យពលរដ្ឋ​ទទួលយក​សំណងតាមការសម្រេចរបស់រដ្ឋាភិបាល ដោយធ្វើឡើងផ្ទុយពីច្បាប់ ហើយអាចធ្វើឱ្យមានបញ្ហាប្រឈមកើតមានឡើងនៅថ្ងៃខាងមុខ បើការ​សម្រេច​នោះ មិនផ្តល់យុត្តិធ៌ដល់ប្រជាពលរដ្ឋរងគ្រោះ។

ករណីនេះ លោក អំ សំអាត អំពាវនាវដល់រដ្ឋាភិបាល ធ្វើការដោះស្រាយសំណងសមរម្យជូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ដើម្បីបញ្ជៀសកុំឱ្យ​មានការបណ្តេញ​ចេញដោយបង្ខំ ទើបជាយុទ្ធសាស្ត្រល្អ រវាងពលរដ្ឋនិងរដ្ឋាភិបាល ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «ការចាប់បង្ខំឱ្យចាកចេញ វាស្មើនឹងការបណ្តេញចេញដោយបង្ខំ អីចឹងការបណ្តេញចេញដោយបង្ខំ​ វាប៉ះពាល់ច្រើន​សម្រាប់ជីវភាពរស់នៅរបស់ពួកគាត់ អីចឹងហើយ​បានយើងជាសង្គមស៊ីវិលអំពាវនាវឱ្យបញ្ឈប់បណ្តេញចេញដោយបង្ខំ។ អីចឹងពាក់ព័ន្ធនឹងការដោះស្រាយ​ទៅ​លើប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ដើម្បីឱ្យមានការទទួលយកបានទាំងអស់គ្នា ដើម្បីបញ្ជៀសនូវការបណ្តេញចេញដោយបង្ខំ ជារឿងល្អ ហើយជា​ដំណោះ​ស្រាយមួយសមស្រប»។

រដ្ឋាភិបាល កំពុងអភិវឌ្ឍដីឡូត៍នៅតំបន់រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្តរុះរើចេញ​ពីសំណង់​ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យទៅរស់នៅទីនោះ ដែលគិតមកដល់ដើមខែតុលានេះ មានប្រមាណជិត ៣ ០០០គ្រួសារ។ នេះបើតាមរបាយការណ៍​តួលេខ​ដែលរដ្ឋាភិបាលបានប្រកាសពីចំនួនពលរដ្ឋនៅតំបន់រុនតាឯក ដែលទទួលបានប័ណ្ណក្រីក្រ។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់រុនតាឯកនោះ ក្នុងមួយគ្រួសារ​ទទួលបានដីទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រ។ ក្រៅពីនោះ ក្រុមការងារបាននិងកំពុងសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយបន្ថែមនូវផ្សារ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក អគ្គិសនី សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ