ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងតំបន់អង្គរ ក្នុងខេត្តសៀមរាបនៅតែបារម្ភពីការបណ្តេញចេញទាំងបង្ខំ បើទោះបីជារដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា ពុំមានការរុះរើ និងឱ្យពួកគេដោះដូរលំនៅឋានទៅកន្លែងថ្មី។
ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ ក្រោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបជាមួយប្រជាពលរដ្ឋរាប់រយនាក់ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រនេះ។ ក្នុងជំនួបនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា មិនបង្ខំឱ្យប្រជាពលរដ្ឋនៅឃុំព្រះដាក់ រុះរើ និងដោះដូរលំនៅឋានទៅទីតាំងថ្មីនោះទេ ប៉ុន្តែពលរដ្ឋនៅឃុំនេះ ត្រូវគោរពតាមលក្ខខណ្ឌចំនួនរបស់រដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មានប្រសាសន៍ក្នុងជំនួបជាមួយប្រជាពលរដ្ឋនៅព្រឹកមិញនេះថា រដ្ឋាភិបាលមិនបង្ខំឱ្យពលរដ្ឋរស់នៅក្នុងភូមិចំនួន៦ នៃឃុំព្រះដាក់ រុះរើសំណង់ និងដោះដូរលំនៅឋានទៅនៅតំបន់អភិវឌ្ឍន៍រុនតាឯកនោះទេ ប៉ុន្តែដីធ្លីរបស់ពលរដ្ឋទាំងនោះ គឺអាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធិជូនបានឡើយ ហើយពលរដ្ឋមិនអាចសាងសង់សំណង់ថ្មីៗ និងលក់ដូរដីធ្លីរបស់ពួកគេទៅឱ្យពលរដ្ឋចំណូលថ្មីបានឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។
រដ្ឋមន្ត្រីរូបនេះ បន្តថា បើសិនពលរដ្ឋមិនគោរពតាមលក្ខខណ្ឌ នឹងមិនអាចទប់ស្កាត់បញ្ហាទាំងនេះបានទេ នឹងធ្វើឱ្យប៉ះពាល់ដល់ការការពារតំបន់អង្គរ ហើយប្រាសាទបុរាណរបស់ខ្មែរមួយនេះ អាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ លោកថា រដ្ឋាភិបាលកំពុងស្តារបារាយណ៍ខាងកើតអង្គរ ដើម្បីជួយទ្រទ្រង់ប្រាសាទអង្គរវត្ត និងផ្តល់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។
លោកបន្តថា៖ «អត់មានកម្មសិទ្ធិទេណា គេអត់ឱ្យទេណា បងប្អូន។ មានការគ្រប់គ្រង ហើយដាក់នៅក្នុងការតព្វកិច្ចរបស់យើងមុននឹងចុះចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។ មិនមែនយកដី មិនមែនយកបារាយណ៍ខាងកើតមកចែកពុះជាឡូត៍ហើយដាក់កម្មសិទ្ធិទេ អត់ទេណាបងប្អូន កន្លែងនេះច្បាស់ណា? ច្បាស់ណា? អត់មានទេណា តតំណទៅទៀត អត់មានទេ។ មិនទេ មិនបានជាដាច់ខាត ហ៊ានតែដាក់ចូល ហ៊ានតែចែកគ្នា គេខ្វែងបញ្ជីចេញពីបេតិកភណ្ឌពិភពលោក ហើយពេលនោះកុំនិយាយទេសចរ អត់មានទេទេសចរ»។
យ៉ាងណា លោក ជា សុផារ៉ា ក៏ទទូចដល់ប្រជាពលរដ្ឋឱ្យស្ម័គ្រចិត្តដោះដូរទៅនៅទីតាំងថ្មីនៅតំបន់រុនតាឯក និងកន្លែងផ្សេងទៀតដែលរៀបចំដោយរដ្ឋាភិបាល ហើយលោកបានព្រមានអាជ្ញាធរភូមិឃុំ មិនឱ្យធ្វើឯកសារទិញលក់ដីជូនពលរដ្ឋផងដែរ។
ពលរដ្ឋរស់នៅឃុំព្រះដាក់ លោក យើម គង់ មានប្រសាសន៍ថា លោកសប្បាយចិត្ត និងពេញចិត្តចំពោះការសម្រេចរបស់រដ្ឋាភិបាល ដែលមិនបង្ខំឱ្យពលរដ្ឋនៅឃុំមួយនេះរុះរើ និងដោះដូរទៅទីតាំងថ្មី ប៉ុន្តែលោកនៅតែព្រួយបារម្ភខ្លាចរដ្ឋាភិបាលប្តូរចិត្តនៅថ្ងៃណាមួយដោយឱ្យពួកគាត់ចេញពីលំនៅឋានវិញ។
លោកបន្ថែមថា៖ «គាត់ថា អត់ឱ្យចាកចេញមែន ប៉ុន្តែយើងបារម្ភខ្លាចអាជ្ញាធរជាតិអប្សរា គាត់មកគាស់កកាយឱ្យប្រជាពលរដ្ឋក្តៅក្រហាយពីគ្រួសារមួយទៅគ្រួសារមួយ ពីតំបន់មួយទៅតំបន់មួយដូចមុនទៀត។ ពួកយើងខ្ញុំជាអ្នកចូលថ្មីខ្ញុំឯកភាពតើ ប៉ុន្តែយើងរស់នៅនេះច្រើនជំនាន់ហើយ»។
ពលរដ្ឋនៅសង្កាត់នគរធំអ្នកស្រី សៅ ដា អះអាងថា ក្នុងជំនួបនៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា បានបញ្ជាក់ប្រាប់អ្នកស្រីថា ពលរដ្ឋដែលរស់នៅយូរឆ្នាំ និងមានដើមកំណើតនៅសង្កាត់នេះ អាចរស់បន្តទៀតបាន ប៉ុន្តែត្រូវគោរពលក្ខខណ្ឌរបស់អាជ្ញាធរជាតិអប្សរា ប៉ុន្តែអ្នកស្រី និងពលរដ្ឋផ្សេងទៀត នៅតែបារម្ភពីការប្រែប្រួស និងមានការបណ្តេញនៅជាថ្ងៃណាមួយម្តងទៀត ខណៈពួកគាត់កំពុងរស់នៅក្នុងតំបន់អង្គរទៅហើយនោះ។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសប្បាយចិត្តពេលលឺគាត់និយាយថា សង្កាត់នគរធំពលរដ្ឋអាចរស់នៅ ហើយប្រជាពលរដ្ឋអាស្រ័យផលប្រកបរបររកស៊ីនៅហ្នឹងបាន ហើយអាចឱ្យកូនចៅបន្តបាន។ លក្ខខណ្ឌរបស់គាត់ គាត់ថា លែងឱ្យមានអ្នកចំណូលចូលមកថ្មី មិនឱ្យមានការលក់ដូរទៅឱ្យឈ្មួញ ហើយបើមានការជួសជុលត្រូវទៅច្បាប់ ដើម្បីជួសជុលត្រូវតាមរចនាសម្ព័ន្ធរបស់គាត់»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តសៀមរាប លោក សួស ណារិន ដែលតាមដានករណីនេះ មានប្រសាសន៍ថា ការបង្ហាញការព្រួយបារម្ភណាមួយរបស់ប្រជាពលរដ្ឋ ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែអាជ្ញាធរបានបញ្ជាក់ច្បាស់ហើយថា មិនមានបង្ខំឱ្យចាកចេញនោះទេ។
លោកបន្ថែមថា៖ «ច្បាប់បោះគេ បើគេលើកឡើងថា មិនមានការបង្ខំ មិនមានការបណ្តេញអីហើយ។ អាហ្នឹងយើងតាមដានឃ្លាំមើលបន្តទៅទៀត។ យើងមិនអាចទៅបដិសេធថា និយាយហ្នឹងមិនពិតអី យើងអត់មានទេ អីចឹងយើងរងចាំមើលទាំងអស់គ្នា។ ខ្ញុំមានតែសំណូមពរឱ្យដំណើរការហ្នឹងបានរលូនដោយគ្មានការប្រើហិង្សា និងគ្មានបណ្តេញបន្តទៅទៀត»។
ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី៦ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល មិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋនៅក្នុងឃុំព្រះដាក់នៅឡើយទេ។ លោកថា អាជ្ញាធរគ្រាន់តែសិក្សាពីការស្តារបារាយណ៍ខាងកើត ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់ ៣០លានម៉ែត្រគូប ដើម្បីទ្រទ្រង់អង្គរ និងអំពីផលប៉ះពាល់លើពលរដ្ឋប៉ុណ្ណោះ។
គួររំលឹកថា រដ្ឋាភិបាលកំពុងរៀងចំតំបន់រមណីយដ្ឋានអង្គរឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលនៅតំបន់ការពារមួយនេះ ស្ម័គ្រចិត្តដោះដូរលំនៅឋានទៅនៅទីតាំងថ្មី ដែលរៀបចំដោយអាជ្ញាធរនៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដោយក្នុង១គ្រួសារទទួលបានដីឡូតិ៍២០ម៉ែត្រគុណ៣០ម៉ែត្រ។
បើតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា រហូតមកដល់ទី៧ ខែតុលានេះ ពលរដ្ឋជាង ៦ ០០០គ្រួសារហើយបានស្ម័គ្រចិត្តដោះដូរ និងទៅចាប់ឆ្នោតយកដីឡូតិ៍នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី។
កាលពីថ្ងៃទី៥ ខែតុលានេះ អាជ្ញាធរឱ្យដឹងថា អ្នកភូមិប្រមាណ ៣ ០០០នាក់ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រមូលផ្តុំតវ៉ាមុខសាលាឃុំទាមទារមិនចាកចេញ ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរចង់ឱ្យពួកគេរុះរើ និងដោះដូរលំនៅឋានទៅទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក៕