លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចុះស្រាវជ្រាវពីការខូចខាតផលដំណាំផ្សេងៗ ហើយត្រូវត្រៀមពូជស្រូវនិងដំណាំផ្សេងទៀត ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។
តាមរយៈសារជាសំឡេងដែលផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៨ ខែតុលា លោក ហ៊ុន សែន មានប្រសាសន៍ថា គិតមកដល់ពេលនេះ តាមរបាយការណ៍របស់ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ដែលបានចុះជាប់ទៅនឹងបណ្ដាខេត្តដែលបានលិចលង់ដោយសារជំនន់ទឹកភ្លៀង មានចំនួន២២ ខេត្ត ៩៦ក្រុងនិងស្រុកខណ្ឌ ស្មើចំនួន ៧៧០ឃុំ ត្រូវបានលិចលង់ ហើយបណ្តាលឱ្យប្រជាពលរដ្ឋចំនួន៤នាក់ស្លាប់។
ចំណែក ហេដ្ឋានរចនាសម្ព័ន្ធឯណោះវិញ លោកនាយករដ្ឋមន្ត្រីបន្តថា បានធ្វើឱ្យលិចសាលារៀន និងប៉ះពាល់ដល់ដំណាំកសិកម្ម ដូចជា ស្រូវចំនួន ១៥១ ៤១២ហិកតា ត្រូវលិចទឹក និងដំណាំរួម ផ្សំ មានចំនួន ៤១ ០២៤ ហិកតា។ លោកថា បច្ចុប្បន្នទឹកនៅកន្លែងខ្លះស្រក និងកន្លែងខ្លះទៀតឡើង ដោយសារមានភ្លៀងធ្លាក់បន្ថែមទៀត ប៉ុន្តែលោកថា អាជ្ញាធរមូលដ្ឋានអាចគ្រប់គ្រងសភាពការណ៍បាន។
ករណីនេះ លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សហការគ្នាដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ ហើយចុះវាយតម្លៃពីផលប៉ះពាល់ឱ្យបានឆាប់ ពិសេសការខូចខាតដំណាំស្រូវ និងដំណាំផ្សេងទៀត ដើម្បីរាជរដ្ឋាភិបាលត្រៀមផ្តល់គ្រាប់ពូជទៅកាន់ពលរដ្ឋដែលជាក្រុមគោលដៅ សម្រាប់បង្កបង្កើនផលខ្លះឡើងវិញ។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កាលពីឆ្នាំ២០០០ កម្ពុជាជួបប្រទះគ្រោះទឹកជំនន់នេះ ហើយ រដ្ឋាភិបាលបានដកពិសោធន៍រួចមកហើយ។ កាលណោះខេត្តដែលមានផលប៉ះពាល់ខ្លាំងជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែឆ្នាំនេះ ខេត្តដែលរងគ្រោះខ្លាំងជាងគេ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារទៅវិញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ ចំណែក ការផ្តល់ពូជដំណាំ និងជំនួយផ្សេងទៀតជូនប្រជាពលរដ្ឋនោះ លោកជំរុញទៅរដ្ឋាភិបាលធ្វើឱ្យមានតម្លាភាព កុំមានការប្រកាន់បក្ខពួក ឬរើសអើងផ្នែកនយោបាយណាមួយ។
លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល និងអាជ្ញាធរមានកាតព្វកិច្ចជួយប្រជាពលរដ្ឋ ហើយការផ្តល់ពូជដំណាំជូនប្រជាពលរដ្ឋ ឬជំនួយផ្សេងៗ ដល់ពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង គឺរដ្ឋាភិបាលត្រូវផ្តល់ឱ្យមានតម្លាភាព ស្មើភាពគ្នា និងកុំឱ្យមានការរើសអើងនិន្នការនយោបាយជាដើម»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ធ្លាប់ប្រាប់វីអូឌីថា ជំនន់ទឹកភ្លៀងដែលរងផលប៉ះពាល់ខ្លាំងនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងកំពង់ធំ។ លោកថា ជំនន់ទឹកភ្លៀងចាប់ពីខែសីហា មកដល់ចុងខែកញ្ញា បណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ ក្នុងនោះភាគច្រើនជាកុមារដែលមានអាយុចាប់ពី៥ឆ្នាំ ដល់១១ឆ្នាំ៕