មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ នឹងពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចក្នុងការថ្កោលទោសរុស្ស៊ី ចំពោះការដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ។
សមាជិកអង្គការសហប្រជាជាតិ ទាំង១៩៣ប្រទេស អាចបោះឆ្នោតបានមួយសំឡេងក្នុងមួយប្រទេស។
លោក អូឡូវ ស្កូគ (Olof Skoog) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិ ដែលបានធ្វើសេចក្ដីព្រាងលើសេចក្ដីសម្រេចនោះ ដោយសហការជាមួយអ៊ុយក្រែន និងប្រទេសដទៃទៀត បាននិយាយថា៖ «សេចក្តីសម្រេចនោះមានសារៈសំខាន់ណាស់»។
អ្នកការទូតស៊ុយអែត បានប្រាប់អ្នករាយការណ៍ព័ត៌មានថា៖ «នៅពេលដែលប្រព័ន្ធអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ តាមរយៈមហាសន្និបាតអង្គការសហប្រជាជាតិ មានប្រតិកម្មចំពោះការប៉ុនប៉ងខុសច្បាប់បែបនេះ នោះយើងកំពុងស្ថិតក្នុងស្ថានភាពមិនល្អទេ»។
ការបោះឆ្នោតត្រូវបានរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃពុធសប្តាហ៍នេះ។ លោកបន្ថែមថា ការបរាជ័យរបស់អង្គការសហប្រជាជាតិ ក្នុងការចាត់វិធានការ នឹងធ្វើឱ្យប្រទេសផ្សេងទៀតធ្វើអ្វីតាមអំពើចិត្ត ឬទទួលស្គាល់នូវអ្វីដែលរុស្ស៊ីបានធ្វើ។
សេចក្តីព្រាងនៃសេចក្តីសម្រេចនោះ ដែលទីភ្នាក់ងារសារព័ត៌មាន AFP ទទួលបាន គឺថ្កោលទោសរុស្ស៊ី ចំពោះការដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរបស់ខ្លួនដោយខុសច្បាប់ ដែលបណ្តាប្រទេសលោកខាងលិច ហៅថា ជាការធ្វើប្រជាមតិក្លែងក្លាយ មានការបង្ខិតបង្ខំ និងរំលោភច្បាប់អន្តរជាតិ។
សេចក្តីសម្រេចនោះអំពាវនាវឱ្យរដ្ឋ អង្គការអន្តរជាតិ និងទីភ្នាក់ងារទាំងអស់ មិនត្រូវទទួលស្គាល់ការដាក់បញ្ចូលនេះឡើយ និងទាមទារឱ្យរុស្ស៊ីដកទ័ពជាបន្ទាន់ចេញពីអ៊ុយក្រែន។
ជាការឆ្លើយតប រុស្ស៊ីបានផ្ញើលិខិតមួយទៅកាន់រដ្ឋសមាជិកទាំងអស់។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតរុស្ស៊ី លោក វ៉ាស៊ីលី ណេប៉ែនហ្សៀរ (Vassily Nebenzia) បានសរសេរថា៖ «ពួកគេគ្រាន់តែចង់សម្រេចបាននូវភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ»។
លោកបានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត កំពុងដាក់សម្ពាធលើរដ្ឋសមាជិកផ្សេងទៀត។
លោក Nebenzia បាននិយាយថា ដោយហេតុនេះ អង្គការសហប្រជាជាតិគួរតែរៀបចំការបោះឆ្នោតជាសម្ងាត់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានសម្រេចដាក់បញ្ចូលទឹកដីអ៊ុយក្រែនជាង១៥ភាគរយ មកជាទឹកដីរបស់ខ្លួនជាផ្លូវការ ដែលក្នុងនោះមានតំបន់ចំនួន៤ រួមមាន ដូណេតស្ក៍ (Donetsk) លូហាន់ស៍ (Luhansk) ខឺសុន (Kherson) និង ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)៕