អ៊ុយក្រែនបានថ្កោលទោសរុស្ស៊ីថាជា «រដ្ឋភេរវករ» ចំពោះការវាយប្រហារដោយមីស៊ីលលើទីក្រុងសំខាន់ៗ រួមទាំងរដ្ឋធានីកៀវ (Kyiv) នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។
លោក សឺជី គីស្លីតស៊ីយ៉ា (Sergiy Kyslytsya) ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «រុស្ស៊ីបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថា ខ្លួនជារដ្ឋភេរវករ និងត្រូវមានការរារាំងតាមគ្រប់មធ្យោបាយដែលម៉ឺងម៉ាត់បំផុត»។
លោកបន្ថែមថា គ្រួសាររបស់លោកក៏ជាជនរងគ្រោះក្នុងការវាយប្រហារនោះដែរ។
លោកបានបន្ថែមថា៖ «អ្នកស្ទើរតែមិនអាចទទួលបានសន្តិភាព ដរាបណាមានជនផ្តាច់ការនៅក្បែរខ្លួនអ្នក»។
ទោះយ៉ាងណា ជាការឆ្លើយតប លោក លោក វ៉ាស៊ីលី ណេប៉ែនហ្សៀរ (Vassily Nebenzia) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយការពារខ្លួនចំពោះការភ្ជាប់តំបន់ចំនួន៤របស់អ៊ុយក្រែនមកជាទឹកដីរុស្ស៊ីថា៖ «យើងរងការចោទប្រកាន់ ខណៈយើងកំពុងព្យាយាមការពារបងប្អូនប្រុសស្រីរបស់យើងនៅភាគខាងកើតអ៊ុយក្រែន»។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែនមួយថ្ងៃ បន្ទាប់ពីចោទប្រកាន់ថា ហេតុការណ៍ផ្ទុះលើស្ពានគ្រីមេ គឺជាអំពើភេរវកម្មដែលបង្កឡើងដោយ
អ៊ុយក្រែន៕