ក្រុមកូដករណាហ្គាវើលដ៍ជិត១០០នាក់ នៅថ្ងៃសុក្រនេះ បាននាំគ្នាធ្វើពិធីកាន់ទុក្ខរដ្ឋសភា និងក្រសួងសរុប៦ស្ថាប័ន ដោយពួកគេថា ស្ថាប័នទាំងនេះអសមត្ថភាពក្នុងការដោះស្រាយវិវាទការងារជូនពួកគេ។
ក្រសួងស្ថាប័នទាំង៦នោះ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ សាលារាជធានីភ្នំពេញ និងរដ្ឋសភា។
ក្រុមកូដករទាំងនោះបានធ្វើពិធីកាន់ទុក្ខ ដោយដង្ហែស៊ុមដែលមានដាក់ឈ្មោះក្រសួងស្ថាប័នទាំង៦ និងភ្ជាប់ជាមួយបូពណ៌ស-ខ្មៅ ចេញពីក្រុមហ៊ុនណាហ្គាវើលដ៍២ ទៅកាន់ក្រុមហ៊ុនណាហ្គាវើលដ៍១ ដោយមានទាំងភ្លេងហែសព អមជាមួយនឹងបដាទាមទារដំណោះស្រាយផងដែរ។
កូដករណាហ្គា អ្នកនាង ចាន់ ស្រីរ័ត្ន បានប្រាប់អ្នកសារព័ត៌មាននៅមុខក្រុមហ៊ុនល្បែងមួយនេះថា ពួកគេធ្វើពិធីបែបសាសនានេះ ដោយបង្ហាញពីការសោកស្ដាយចំពោះក្រសួងនិងស្ថាប័នទាំង៦ ដែលមិនអាចជំរុញឱ្យមានដំណោះស្រាយវិវាទការងារជូនពួកគាត់បាន បើទោះបីវិវាទនេះបានអូសបន្លាយជាង១ឆ្នាំហើយក្ដី។
កូដករម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងដែរថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាមិនត្រូវបានក្រសួងទាំងអស់នេះចេញអន្តរាគមន៍ដោះស្រាយឡើយ ហើយអាជ្ញាធរនៅតាមមូលដ្ឋានបែរជាចុះទៅគំរាមកំហែងដល់ក្រុមគ្រួសាររបស់ពួកគាត់ទៀត។
ជាមួយគ្នានេះ កញ្ញាថា កូដករ២នាក់ដែលចេញធ្វើកូដកម្ម ត្រូវបានក្រុមហ៊ុនដាក់បណ្ដឹងទៅតុលាការ ដោយប្ដឹងពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» និង «ឃុំឃាំង និងបង្ខំាងដោយខុសច្បាប់» ថែមទៀត។ កូដកររូបនេះចាត់ទុកបណ្ដឹងរបស់ក្រុមហ៊ុនដែលប្ដឹងកូដករថាជារឿងអយុត្តិធម៌។
បើតាមដីកាកោះហៅ ចេញដោយព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង កាលពីចុងខែកញ្ញានេះ បានតម្រូវឱ្យឈ្មោះ នេត ចរិយា ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ខាងមុខនេះ តាមបណ្ដឹងរបស់ក្រុមហ៊ុន ខណៈកូដករម្នាក់ទៀតនៅពុំទាន់ដឹងថានឹងត្រូវចូលទៅបំភ្លឺនៅពេលណានោះទេ។
ពាក់ព័ន្ធនឹងរឿងវិវាទការងារនេះ កាលពីថ្ងៃទី១២ ខែតុលា មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លោក ហេង សួរ បានទទួលស្គាល់ថា ការអូសបន្លាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសាររឿងនេះមិនមែនជារឿងតូចតាច ហើយភាគីជម្លោះប្រកាន់យកជំហរដាច់ខាតរៀងខ្លួន ប៉ុន្តែក្រសួងអាចត្រឹមដើរតួជាអ្នកផ្សះផ្សាវិវាទ និងគ្មានសិទ្ធិដាក់សម្ពាធបង្ខំភាគីណាមួយឡើយ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជាង៩ខែមកនេះ អះអាងថា ការបញ្ឈប់នោះ ដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕