លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្រោកឈរប្រឆាំងលោក សម រង្ស៊ី ក្រោមហេតុផលថា សហស្ថាបនិកគណបក្សសង្ក្រោះជាតិរូបនេះ បានប្រមាថអង្គព្រះមហាក្សត្រធ្ងន់ធ្ងរជាថ្មីទៀត។
ក្នុងពិធីប្រគល់ស្រូវពូជជូនកសិករដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកទាំងឡាយណាដែលបានផ្សារភ្ជាប់ជាមួយនឹងគណបក្សដឹកនាំដោយលោក សម រង្ស៊ី នោះ ត្រូវឆាប់ផ្ដាច់ខ្លួនចេញ បើមិនដូច្នេះទេ លោកព្រមានថា នឹងចាត់វិធានការលើពួកគេតែម្តង។
លោក ហ៊ុន សែន ថ្លែងថា៖ «គេ[សម រង្ស៊ី]មិនត្រឹមជេរខ្ញុំទេ គេជេរព្រះមហាក្សត្ររបស់យើង។ ដូច្នេះ ខ្ញុំអំពាវនាវទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដើម្បីប្រឆាំងជនក្បត់ជាតិ ហើយទាំងបក្សណាដែលផ្សារភ្ជាប់ជាមួយជនក្បត់ជាតិនេះ ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាពនៃទឹកដីរបស់យើង។ អ្នកទាំងឡាយដែលផ្សារភ្ជាប់ខ្លួនជាមួយគណបក្សដែលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រនេះ គួរតែផ្ដាច់ខ្លួន អំពីក្រុមក្បត់ជាតិនេះ បើមិនដូច្នេះ អ្នកអាចរងទទួលផលលំបាកផ្សេងៗ។ នេះមិនមែនជាការគំរាមកំហែងទេ ក៏ប៉ុន្តែវាជារឿងពិត នៅក្នុងប្រទេសមួយមិនអាចអនុញ្ញាតឱ្យមានបក្សក្បត់ជាតិបានទេ»។
លោក ហ៊ុន សែន ព្រមានថា បក្សណាក៏ដោយដែលបានផ្សាភ្ជាប់ជាមួយនឹងលោក សម រង្ស៊ី លោកថា គណបក្សទាំងអស់នោះ នឹងប្រឈមការរំលាយដោយប្រព័ន្ធតុលាការកម្ពុជា។ លោកក៏អំពាវនាវឱ្យអ្នកដែលគាំទ្រគណបក្សមួយដោយលោកមិនបញ្ចេញឈ្មោះនោះ ទៅចូលធ្វើនយោបាយជាមួយគណបក្សផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងលោក សម រង្ស៊ី ។
លោកនាយករដ្ឋមន្រ្តី បន្ថែមថា៖ «បើនៅជាមួយបក្សនេះមានហានិភ័យដែលនឹងឈានទៅដល់ការអនុវត្តច្បាប់។ ប្រសិនបើរកឃើញថា មានទំនាក់ទំនងជាមួយអាជនក្បត់ជាតិមួយនេះ។ ឥឡូវ ប្រជាពលរដ្ឋ និងព្រះសង្ឃកំពុងចេញសារថ្កោលទោសព្រោះវាចេញឃ្លីបវីដេអូនិយាយយ៉ាងច្បាស់ពាក់ព័ន្ធនឹងរឿងនេះ»។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងមក ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈដោយដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដើម្បីតាមកម្ទេចអ្នកដែលលោកហៅថា ជាក្រុមប្រឆាំងនៅតាមមូលដ្ឋាន ហើយគាំទ្រអង្គការចាត់តាំងដឹកនាំដោយលោក សម រង្ស៊ី។
លើសពីនេះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈ ដោយចោទលោក សម រង្ស៉ី ថាជា «ត្រកូលក្បត់ជាតិបីជំនាន់» និងមានគម្រោងផ្តួលរំលំរដ្ឋាភិបាលជាថ្មីទៀត តាមរយៈការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល។
ក្រោយពីមានការប្រកាសរបស់លោក ហ៊ុន សែន ដោយចោទលោក សម រង្ស៊ី រឿងក្បត់ជាតិនោះ ក្រសួង-ស្ថាប័ន ព្រមទាំងគណៈសង្ឃនាយកផង ក៏បានចេញញត្តិថ្កោលលោក សម រង្ស៊ី ជាបន្តបន្ទាប់ ខណៈសង្គមស៊ីវិលចាត់ទុកការចេញញត្តិថ្កោលទោសនោះថា ជាការដើរផ្ទុយពីគោលការណ៍អព្យាក្រឹតរបស់មន្ត្រីរាជការ។
ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី២២ ខែតុលា លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកដោយលើកឡើងពីសេចក្តីកែតម្រូវ របស់សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រខ្មែរ កាលនៅមានព្រះជន្ម ពីទីក្រុងប៉េកាំង ក្នុងឆ្នាំ២០០៣។ លោកបន្តថា ពេលនោះព្រះអង្គបញ្ជាក់ថា ឪពុករបស់លោកគឺ លោក សម សារី ជាអ្នកស្នេហាជាតិដ៏ឧត្តម និងបរិសុទ្ធ ដែលបានធ្វើការ មួយព្រះអង្គដើម្បីបម្រើមាតុភូមិយ៉ាងឧត្តុង្គឧត្តម ក្នុងឆ្នាំដ៏សំខាន់បំផុតនៃរាជកាលទីមួយរបស់ព្រះអង្គ និងនៅពេលចាប់ផ្តើមសម័យសង្គមរាស្ត្រនិយម។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា បច្ចុប្បន្ន គណបក្សនេះធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ហើយកន្លងមកក៏បានចេញសេចក្ដីថ្លែងការណ៍ចំនួន២លើករួចមកហើយ ដោយថាមិនពាក់ព័ន្ធលោក សម រង្ស៊ី នោះទេ។ ដូច្នេះ លោកថាមិនមានអ្វីគួរឱ្យបារម្ភឡើយចំពោះសារព្រមានរបស់លោក ហ៊ុន សែន ពេលនេះ។
លោកថា៖ «គណបក្សណាដែលគាត់បានទាក់ទង គាត់បានអីអាហ្នឹង ជារឿងរបស់គាត់ ចំពោះយើងអត់មានពាក់ព័ន្ធអ្វីទេ ហើយយើងបានណែនាំសកម្មជន ថ្នាក់ដឹកនាំយើងធ្វើបន្តសកម្មភាពយើងស្របតាមច្បាប់តែប៉ុណ្ណោះ។ យើងអត់មានអ្វីទំនាក់ទំនងនាំឱ្យមានការភ័យខ្លាចទេ។ លោក [ហ៊ុន សែន] អំពាវនាវហ្នឹង គឺគណបក្សណាដែលពាក់ព័ន្ធ ឬអ្នកណាដែលពាក់ព័ន្ធ អាហ្នឹងជារឿងការអំពាវនាវរបស់លោកចុះ ហើយរឿងដែលយើងមិនពាក់ព័ន្ធ យើងគ្មានអីត្រូវខ្វល់ខ្វាយ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ប្រសិនបើអ្នកនយោបាយឬបុគ្គលម្នាក់ធ្វើខុសច្បាប់ គួរអនុវត្តទៅតាមច្បាប់ ដោយសុំឱ្យរដ្ឋាភិបាលប្រទេសបារាំងផ្ដល់សច្ចាប័ន បញ្ជូនជនដែលប្រព្រឹត្តខុសច្បាប់នោះ ដើម្បីយកមកផ្ដន្ទាទោសនៅកម្ពុជា ជាជាងការអំពាវនាវបែបនេះ។
លោកថា៖ «វាមិនមានអ្វីធំដុំទេ ជាជម្លោះអ្នកនយោបាយបក្សប្រឆាំង និងអ្នកនយោបាយកាន់អំណាចទេ។ កាលណាបុគ្គលម្នាក់មិនគោរពច្បាប់ បានន័យថា រដ្ឋធម្មនុញ្ញយើង អង្គព្រះមហាក្សត្រមិនអាចប្រមាថ រំលោភបំពានអ៊ីចឹង។ លោក សម រង្ស៊ី ខុសច្បាប់អ៊ីចឹង កាត់ទោសតាមច្បាប់អ៊ីចឹងទៅ។ យើងមានច្បាប់ដែរ ទាមទារធ្វើម៉េចឱ្យពលរដ្ឋ ឬក៏បើសិនពលរដ្ឋគេមានសន្ដានចិត្តឬសុឆន្ទៈ គេជឿទៅប្រព័ន្ធតុលាការ ដែលអ្នកនយោបាយអស់វិធីហើយបានអំពាវនាវ នេះជាលក្ខណៈមួយធ្វើឱ្យចរន្តនយោបាយអាចនាំប្រជាពលរដ្ឋទៅចរន្តមួយទៀត វាផុតពីកត្តាច្បាប់វិញ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាលបន្តព្រមានដដែលៗបែបនេះ វាបង្ហាញឱ្យឃើញថា សេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយនៅប្រទេសកម្ពុជា មិនទាន់បើកចំហ ដែលធ្វើគណបក្សនយោបាយក្រៅរដ្ឋាភិបាលពិបាកក្នុងការចូលរួមការបោះឆ្នោតនៅពេលខាងមុខ៕