ក្រុមគ្រួសារ និងសាច់ញាតិកម្មករនៅខេត្តកំពង់ស្ពឺ ដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន បានតវ៉ាទាមទាររកយុត្តិធម៌ជូនកម្មករដែលស្លាប់និងរបួស ក្រោយហេតុការណ៍នេះបានកើតឡើងរយៈពេល១ឆ្នាំហើយ ប៉ុន្តែជនបង្កមិនត្រូវបានតុលាការចាប់មកទទួលខុសត្រូវ និងផ្ដល់សំណងដល់ជនរងគ្រោះតាមផ្លូវច្បាប់។
ក្រុមគ្រួសារ និងសាច់ញាតិប្រហែល៣០នាក់របស់កម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលត្រលប់មកពីបំពេញការងារនៅរោងចក្រមួយនៅភ្នំពេញកាលពីឆ្នាំមុន បាននាំគ្នាទៅប្រមូលផ្តុំ លើកបដាតវ៉ា និងដាក់ញត្តិនៅសាលាដំបូងខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើដល់ស្ថាប័នទាំង២នេះជួយអន្តរាគមន៍រកយុត្តិធម៌ជូនប្រពន្ធ កូន និងសាច់ញាតិរបស់ពួកគេ។
ក្នុងញត្តិដាក់ទៅសាលាដំបូងខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ ប៊ឺរី អីភែរឹល (Berry Apparel) បានជួបគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវលេខ៤១ ស្ថិតនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មការិនីចំនួន៤នាក់ស្លាប់ របួសធ្ងន់៩នាក់ និងរបួសស្រាល២៧នាក់ ក្នុងនោះក៏មានកម្មករខ្លះត្រូវពិការផងដែរ។
ញត្តិដដែលនេះបន្តថា ចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង១ឆ្នាំហើយ គឺជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ និងសំណងពីជនបង្កនៅឡើយទេ។
តាមរយៈញត្តិនេះ ក្រុមគ្រួសារនិងសាច់ញាតិកម្មករបានស្នើដល់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ លោក ឡុង កេសភីរម្យ ជួយអន្តរាគមន៍ដោះស្រាយឱ្យជនរងគ្រោះទទួលបានសំណង និងយុត្តិធម៌ ខណៈជនបង្កដែលជាម្ចាស់រថយន្តឈ្នួលដឹកកម្មករ ជាអ្នករស់នៅក្នុងភូមិឃុំជាមួយកម្មកររងគ្រោះ ហើយកំពុងរស់នៅក្រៅឃុំជាមួយក្រុមគ្រួសារយ៉ាងសុខស្រួល និងមិនត្រូវបានដាក់ទោសតាមច្បាប់។
លោក សៀង សម្បត្តិ ជាប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ និងជាសាច់ញាតិជនរងគ្រោះមួយរូប បានឱ្យដឹងថា ប្អូនជីដូនមួយម្នាក់ និងម្តាយមីងរបស់លោកម្នាក់ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។ លោកបន្តថា ម្ចាស់រថយន្តដឹកកម្មករបានបើកបរក្នុងស្ថានភាពស្រវឹង និងល្បឿនលឿន ហើយទៅប៉ះជាមួយរថយន្តដឹកឥដ្ឋ បណ្តាលឱ្យរថយន្តដឹកកម្មករក្រឡាប់ និងមានកម្មករស្លាប់និងរបួសក្នុងចំនួនច្រើន។
លោកអះអាងថា រហូតមកដល់បច្ចុប្បន្ន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ តុលាការខេត្តកំពង់ស្ពឺ មិនទាន់បានកោះហៅសាច់ញាតិ និងជនបង្កដែលជាម្ចាស់រថយន្តដឹកកម្មករ ទៅរកដំណោះស្រាយនៅឡើយ។
លោកបន្ថែមថា៖ «បន្ទាប់ពីគាត់ [អ្នកបើករថយន្តដឹកកម្មករ] ធ្វើឱ្យមនុស្សស្លាប់ ហើយគាត់មិនត្រូវបានទទួលទោសទណ្ឌ ឬការឃុំខ្លួនទេ។ ធម្មតា នីតិវិធីនៃច្បាប់ កាលណាយើងធ្វើឱ្យមនុស្សស្លាប់ដោយចេតនាឬអចេតនាក៏ដោយ ក៏ត្រូវមានទោសទៅតាមច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដែរ ប៉ុន្តែគាត់នេះហាក់បីដូចជាគ្មានអ្នកចាត់វិធានការអីលើគាត់ទាំងអស់។ មិនត្រឹមតែអ៊ីចឹងទេ គាត់ប្រើពាក្យសម្តីមិនល្អទៅលើសាច់ញាតិបងប្អូនកម្មករដែលបានស្លាប់និងរបួសថែមទៀត»។
លោក ជុំ សាង ជាប្រជាពលរដ្ឋរស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ភរិយារបស់លោកបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដោយមិនទាន់ទទួលបានការដោះស្រាយ និងសំណងណាមួយនៅឡើយ។ លោកបន្តថា គ្រួសារលោកបានជួបការលំបាកក្នុងជីវភាព ក្រោយភរិយារបស់លោកបានស្លាប់ ខណៈលោកមានមុខរបរត្រឹមតែធ្វើស្រែចម្ការ និងសំណង់ ហើយត្រូវទទួលបន្ទុកចិញ្ចឹមកូនចំនួន ៤នាក់ តែម្នាក់ឯង។
ករណីនេះ លោកស្នើដល់តុលាការខេត្តកំពង់ស្ពឺ សើរើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះឡើងវិញ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។
លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យពន្លឿនការងារហ្នឹង ដោយដោះស្រាយឱ្យបានយុត្តិធម៌ដល់គ្រួសារពួកខ្ញុំ។ ពួកខ្ញុំកំពុងពិបាក ខ្ញុំចង់បានសំណង ហើយសុំឱ្យជនបង្កហ្នឹងគាត់ចេញមកទទួលខុស ព្រោះរឿងនេះបានកើតឡើង១ឆ្នាំជាងហើយ។ ឥលូវគ្រួសារជនរងគ្រោះទាំងអស់ហ្នឹងយ៉ាប់មែនទែន។ កាលពីមុន កូនខ្ញុំរៀនដល់សាកលវិទ្យាល័យដែរ តែលូវឈប់អស់ហើយ មូលហេតុពេលដែលគ្រួសារខ្ញុំស្លាប់ទៅហ្នឹង មានចំណូលអីណាឱ្យពួកគាត់រៀន បើខ្ញុំនៅតែឯងធ្វើតែស្រែហ្នឹង អត់មានពេលរកលុយផងហ្នឹង»។
វីអូឌី មិនអាចសុំការឆ្លើយតបពីលោក អឹម លន ដែលក្រុមគ្រួសារកម្មករប្រាប់ថាជាជនបង្កដែលជាម្ចាស់រថយន្តដឹកកម្មករ និងអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
ចំណែកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ មិនអាចឆ្លើយជុំវិញរឿងនេះបានទេ ដោយអះអាងថា នៅថ្ងៃនេះ លោកមានបេសកកម្មនៅខាងក្រៅ៕