ជិត៥ឆ្នាំ ដែលរដ្ឋសភាអាណត្តិទី៦ បាត់បង់តុល្យភាពអំណាចទាំងស្រុងក្នុងការតាមដានការអនុវត្តច្បាប់ ក្រោយគណបក្សប្រឆាំងត្រូវបានរំលាយចេញពីសង្វៀននយោបាយ ហើយបទឧក្រិដ្ឋ រួមទាំងបទល្មើសបំផ្លាញធនធានធម្មជាតិ សំណុំរឿងបង្ខាំងមនុស្ស ចាប់ជំរិត គ្រឿងញៀន ការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការជួបជុំជាដើមនោះ ត្រូវបានគេរកឃើញថាកើតឡើងលើទឹកដីកម្ពុជាកាន់តែច្រើន ដែលការណ៍នេះបង្កើតជាការចោទសួរជុំវិញទំនួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះមុខម្ចាស់ឆ្នោតនិងរដ្ឋធម្មនុញ្ញ។
ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្អាងពីការរកឃើញបទឧក្រិដ្ឋជាច្រើនលើទឹកដីកម្ពុជា ដូចជា បទឧក្រិដ្ឋជួញដូរមនុស្សឆ្លងដែន ជួញដូរអាវុធ គ្រឿងញៀន អំពើឆបោក និងចាប់ជំរិតតាមប្រព័ន្ធអនឡាញ ដែលលោកថា កម្ពុជាបានក្លាយជាប្រទេសរងគ្រោះ។
ក្រោយមក បញ្ហាទាំងនេះ រដ្ឋាភិបាលប្រកាសបើកយុទ្ធនាការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស ដើម្បីទប់ស្កាត់បទល្មើសថ្មីៗលើដែនដីកម្ពុជាមិនធ្លាប់កើតមានទាំងនោះ។
ជាការកត់សម្គាល់ ការទម្លាយព័ត៌មាននេះ ក្រោយពីសហរដ្ឋអាមេរិកទម្លាក់ចំណាត់ថ្នាក់កម្ពុជាទៅក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្ស ខណៈកម្ពុជាមិនទាន់រើខ្លួនរួចពីបញ្ជីប្រផេះ ឬប្រទេសតាមដានការលាងលុយកខ្វក់រយៈពេល៤ឆ្នាំ ពីក្រុមហិរញ្ញវត្ថុអន្តរជាតិនៅឡើយ។
បន្ថែមពីនេះ កម្ពុជាក៏ត្រូវបានអង្គការតម្លាភាពអន្តរជាតិ វាយតម្លៃថា មានអំពើពុករលួយខ្ពស់ ខណៈគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បន្តដាក់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជា ជាប្រទេសគោរពនីតិរដ្ឋទាប ដោយឈរនៅលេខរៀងទី១៣៩ ក្នុងចំណោមប្រទេស១៤០លើពិភពលោកដែលបានធ្វើការវាយតម្លៃ។
បញ្ហាដាច់ដោយឡែកពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយជាសាធារណៈពីការរកឃើញបទល្មើសទ្រង់ទ្រាយធំ ជុំវិញការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លសាប រាប់ម៉ឺនហិកតា ព្រមទាំងថ្លែងចំឈ្មោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ថាគាត់ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ លើផ្ទៃដីទំហំជាង២ ០០០ហិកតា ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា គណបក្សប្រឆាំង ជាតួអង្គសំខាន់មួយក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ព្រោះជាតួអង្គតម្រង់ទិសបក្សកាន់អំណាច ឱ្យដើរលើគន្លងច្បាប់ ជំរុញតម្លាភាពសង្គម។
ប៉ុន្តែលោកថា ការផាត់ចោលគណបក្សប្រឆាំងចេញពីសង្វៀននយោបាយជិត៥ឆ្នាំមកនេះ កម្ពុជាត្រូវបានឧក្រិដ្ឋជនប្រើប្រាស់ធ្វើជាដែនដីប្រតិបត្តិការបទឧក្រិដ្ឋច្រើនទម្រង់ រួមទាំងបទចាប់ជំរិតតាមប្រព័ន្ធអនឡាយ និងជួញដូរមនុស្ស និងជាប់ចំណាត់ថ្នាក់អាក្រក់ពីអំពើពុករលួយ រួមទាំងអយុត្តិធម៌សង្គម។
លោកថា បញ្ហាសិទ្ធិមនុស្សវិញ កម្ពុជាកំពុងរងការរិះគន់លើឆាកអន្តរជាតិ ដែលការណ៍នេះ រដ្ឋាភិបាលគួរពិចារណាកែលម្អ ដើម្បីស្តារមុខមាត់កម្ពុជា និងបញ្ហាផ្ទៃក្នុងជាតិ។
លោកថា៖ «យើងឃើញហើយ ដោយសារតែសង្គមយើងមិនមានគណបក្សប្រឆាំងហ្នឹងហើយ ទើបធ្វើឱ្យថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលមួយចំនួន គាត់មានឱកាសប្រើប្រាស់ផលប្រយោជន៍រួម ផលប្រយោជន៍ជាតិមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈធ្វើអនុបយោគដែលមានច្បាប់ការពារអីជាដើម ដូចជា តំបន់បឹងតាមោក ភ្នំតាម៉ៅ និងសៀមរាបអីជាដើម»។
លោកគិតថា បើគ្មានអ្វីកែលម្អទេ បញ្ហានេះ វានឹងបង្កឱ្យមានបញ្ហាធំពីរនៅពេលខាងមុខ គឺកម្ពុជាអាចនឹងត្រូវបានប្លុកលោកសេរីកាត់ផ្តាច់ទំនាក់ទំនងខាងពាណិជ្ជកម្ម និងបញ្ហាសង្គមមិនចេះចប់ បើរដ្ឋាភិបាលបរាជ័យពង្រឹងនីតិរដ្ឋ។
ជ្រុងមួយទៀតនៃបញ្ហា ៣១ឆ្នាំក្រោយពីកម្ពុជាប្តូររបបដឹកនាំពីរបបកុម្មុយនីស្ត មកអនុវត្តរបបប្រជាធិបតេយ្យ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយដែលការពារដោយរដ្ឋធម្មនុញ្ញ នៅតែរងការគំរាមកំហែងទៅលើអ្នកមាននិន្នាការផ្ទុយនឹងបក្សកាន់អំណាច។
ករណីនេះ មានជាង៣០ករណីហើយ ដែលជនមិនស្គាល់មុនបានលបវាយអតីតសកម្មជនបក្សប្រឆំាង ឱ្យរងរបួស ពិសេសផ្នែកក្បាល ចាប់តាំងពីចុងឆ្នាំ២០១៧ ក្រោយបក្សប្រឆាំងត្រូវបានរំលាយពីសង្វៀននយោបាយ តែមកដល់ពេលនេះ គ្មានជនដៃដល់ណាម្នាក់ត្រូវបាននាំខ្លួនយកមកផ្តន្ទាទោសទេ។
និន្នាការនយោបាយនេះធ្វើឱ្យក្រុមអ្នកមានជម្លោះដីធ្លី សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន រួមទាំងក្រុមអង្គការសង្គមស៊ីវិលខ្លះ ត្រូវបានរដ្ឋាភិបាលកំណត់មុខសញ្ញាជាក្រុមបដិវត្តពណ៌ ចង់ផ្តួលរំលំរដ្ឋាភិបាល ឬបម្រើឱ្យនិន្នាការគណបក្សប្រឆាំង ជាដើម ដែលការណ៍នេះជាដើមចមជំរុញឱ្យមានហានិភ័យជាតិផងដែរ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ប្រព័ន្ធនយោបាយកម្ពុជាដែលកំណត់ដោយរដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវមានពហុបក្ស ហើយសង្វៀនប្រកួតនយោបាយត្រូវសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងន័យនេះ លោកពន្យល់ថា គោលនយោបាយនៅថ្នាក់មូលដ្ឋាន ស្ដីអំពីវិមជ្ឈការ និងសហវិមជ្ឈការ រួមទាំងយន្តការអនុវត្តអភិបាលកិច្ចល្អ គេតម្រូវឱ្យមានពហុបក្ស រួមទាំងតួអង្គសង្គមស៊ីវិលដែលសកម្ម និងសំឡេងទាមទារនៅមូលដ្ឋាន ស្របនឹងស្មារតីរដ្ឋធម្មនុញ្ញ។ លោកថា បញ្ហានេះ អាជ្ញាធរគួរតែបង្កបរិយាកាសអំណោយផលដល់សំឡេងទាមទារ មិនគួរមានការចោទប្រកាន់ផ្លូវច្បាប់លើសំឡេងទាមទារនោះទេ។
លោកយល់ថា បើបញ្ហានេះមិនត្រូវបានកែលម្អទេ វានឹងជំរុញឱ្យមានការរំលោភអំណាចកាន់តែធ្ងន់ធ្ងរក្រោមដំបូលរដ្ឋធម្មនុញ្ញ។
លោកថា៖ «គោលការណ៍អភិបាលកិច្ចល្អ គឺមិនមាននរណាម្នាក់ត្រូវបានបំភ្លេច ហើយគ្មាននរណាម្នាក់ត្រូវបានរើសអើង ហើយមានន័យថា ក្រុមប្រឹក្សាដែលជាប់ឆ្នោតត្រូវដោះស្រាយបញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋ នេះជាផ្នែកមួយនៃទំនាក់ទំនងរវាងតុល្យភាពនៃអំណាចទៅនឹងគោលការណ៍ដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ន។ ហើយនៅពេលអតុល្យភាពអំណាចនេះនៅមានរយៈពេលយូរ វានឹងអាចកើតឡើងនូវការរំលោភអំណាចចាប់ពីថ្នាក់មូលដ្ឋានឡើង»។
ដូចគ្នានេះដែរ នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ជាគោលការណ៍ច្បាប់ កម្ពុជាបានធានានូវលំហនយោបាយបែបចម្រុះបក្ស ដែលការណ៍នេះ វត្តមានគណបក្សប្រឆាំងលើសង្វៀននយោបាយជាការឆ្លើយតបទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ។
ដោយឡែក លោកស្រីថា បើគេមើលពីគោលការណ៍អភិបាលកិច្ច បក្សជំទាស់នេះហើយជួយជំរុញអភិបាលកិច្ចល្អនៅក្នុងសង្គម។
ដោយឡែកពីនេះ ចំពោះយន្តការដឹកនាំប្រទេស រដ្ឋាភិបាលជាអ្នកតាក់តែងគោលនយោបាយ តែបក្សជំទាស់ជាអ្នកចូលរួមធានាថា រាល់ការតាក់តែងច្បាប់ទាំងឡាយ គឺបានអនុលោមទៅតាមគោលការណ៍នីតិរដ្ឋនិងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់សកលនានាដែលកម្ពុជាទទួលស្គាល់ ដើម្បីធានាតម្លាភាពសង្គម និងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត។
លោកស្រីថា៖ «ការដែលមានចម្រុះបក្សនេះ វាជួយ! ប្រសិនបើគណបក្សជំទាស់មាននៅក្នុងរដ្ឋសភាហ្នឹងក៏ជួយដល់ការតាក់តែងច្បាប់ ហើយអាចមានឱកាសក្នុងការដេញដោលដល់ការបំពេញភារកិច្ចរបស់រដ្ឋាភិបាល ព្រោះយើងដឹងហើយថា តួនាទីតំណាងរាស្ត្រ គឺអាចមានសិទ្ធិ គឺអាចកោះហៅមន្ត្រីដែលទទួលបន្ទុកតាមផ្នែកនីមួយៗហ្នឹងមកឆ្លើយតបទៅនឹងចម្ងល់ និងបញ្ហាដែលបានកើតឡើងក្នុងសង្គម»។
ប៉ុន្តែផ្ទុយទៅវិញ លោកស្រីយល់ថា នៅពេលដែលគណបក្សមួយក្តោបក្តាប់ស្ថាប័នរដ្ឋទាំងមូល យន្តការសួរដេញដោលដើម្បីជំរុញការទទួលខុសត្រូវសង្គមនឹងមិនកើតឡើងទេ ហើយប្រព័ន្ធនេះនឹងជំរុញការធ្លាក់ចុះទំនួលខុសត្រូវសង្គមពីសំណាក់អាជ្ញាធររដ្ឋ។
ប៉ុន្តែយ៉ាងណា លោកស្រីចង់ឃើញរបត់នយោបាយនៅកម្ពុជាលុបបំបាត់ហិង្សាខាងនយោបាយ ដូចដែលបានកើតឡើងលើសកម្មជននយោបាយគណបក្សប្រឆាំង ហើយងាកមកគោរពរដ្ឋធម្មនុញ្ញ ធានាឱ្យមានលំហចម្រុះបក្ស លុបបំបាត់បាននូវវប្បធម៌គុំកួន ដើម្បីបញ្ចៀសហានិភ័យក្នុងសង្គមខ្មែរ៕