កម្មករ-កម្មការិនី២នាក់ទៀត បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូមីងដា ខេមបូឌា ខូអិលធីឌី (New MINGDA CAMBODIA Co.,Ltd)» ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែព្យួរការងារ ក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។
កាលពីថ្ងៃទី២ ខែវិច្ឆិកានេះ កម្មករ-កម្មការិនីប្រមាណ៨០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ញូមីងដា បានផ្ទុះការតវ៉ាទាមទារឱ្យតំណាងសហជីពម្នាក់ចូលធ្វើការងារវិញ ក្រោយថៅកែបញ្ឈប់ពីការងារដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។
ប្រធានសហជីពស្មារតីកម្មករ និងជាកម្មករបម្រើការងារនៅរោងចក្រ ញូមីងដា លោក ប៊ុន សុភី ប្រាប់វីអូឌីថា កម្មករ២នាក់ទៀតត្រូវបានថៅកែព្យួរការងារនៅថ្ងៃនេះ ដោយមិនកំណត់ពេលចូលវិញ។ លោកថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកានេះ មានកម្មករ៣នាក់ហើយដែលជាថ្នាក់ដឹកនាំសហជីពស្មារតីកម្មករប្រចាំរោងចក្រ ញូមីងដា ត្រូវថៅកែបញ្ចប់កិច្ចសន្យា និងព្យួរការងារ ក្រោយពួកគាត់នាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។
ប្រធានសហជីពរូបនេះបញ្ជាក់ថា ថ្នាក់ដឹកនាំសហជីពដែលថៅកែបញ្ឈប់ពីការងារនោះ មានរូបលោកជាប្រធានសហជីព លោក សាន់ ឡាហួត ជាអនុប្រធានសហជីព និងអ្នកស្រី ផាត ស្រីរ៉ុង ជាលេខាសហជីពស្មារតីកម្មករ។
លោក ប៊ុន សុភី បានឱ្យដឹងទៀតថា ពួកគាត់ប្រមាណ១៥នាក់បាននាំគ្នាចងក្រងបង្កើតសហជីពនៅក្នុងរោងចក្រ ញូមីងដា ជាង២ខែហើយ ដើម្បីការងារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ ក្រោយមើលឃើញថា រោងចក្រនេះបានគាបសង្កត់ និងកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករ រួមទាំងរំលោភច្បាប់ផងដែរ។ លោកថា ក្រោយបង្កើតសហជីពនេះ ថៅកែបានបញ្ចប់កិច្ចសន្យា និងព្យួរការងារកម្មករដែលជាថ្នាក់ដឹកនាំសហជីពជាបន្តបន្ទាប់។
លោកបន្ថែមថា៖ «ក្រុមហ៊ុនគាត់បានរំលោភច្បាប់ច្រើន ទាក់ទងការបញ្ចប់កិច្ចសន្យាការងារ និងការបញ្ឈប់កម្មករ គឺគាត់មិនអនុវត្តទៅតាមច្បាប់ទេ។ ពេលគាត់មិនពេញចិត្តកម្មករណា គាត់បញ្ឈប់ភ្លាមៗ គាត់មិនដែលដោះស្រាយតាមនីតិវិធីច្បាប់ទេ។ កន្លងមក ថៅកែបានបញ្ឈប់ជំនួយការ៥នាក់ចោលឆៅៗតែម្តង រហូតដល់មានការតវ៉ាពីក្រុមកម្មករ។ ដោយសារមើលបញ្ហាទាំងអស់នេះកើតឡើង បានជាពួកខ្ញុំនាំគ្នាបង្កើតសហជីពដែលបញ្ជិកាទទួល[ស្គាល់]ដោយក្រសួងការងារ ប៉ុន្តែក្រុមហ៊ុននៅតែរើសអើង និងបានទាមទារបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារជាបន្តបន្ទាប់»។
កម្មការិនីផ្នែកដេរម្នាក់ទៀត កញ្ញា ហ៊ន់ សុខខា ចាត់ទុកករណីថៅកែព្យួរការងារ និងបញ្ចប់កិច្ចសន្យាថ្នាក់ដឹកនាំសហជីពនេះ ថាជាការរើសអើងសហជីព និងជាទង្វើខុសច្បាប់ ដោយសារក្រុមហ៊ុនមិនបានជូនដំណឹងត្រឹមត្រូវដល់កម្មករឡើយ។
កម្មការិនីរូបនេះបន្តថា ក្រុមកម្មករនឹងគាំទ្រឱ្យសហជីពប្តឹងករណីនេះទៅក្រសួងការងារឱ្យជួយអន្តរាគមន៍ដោះស្រាយធ្វើយ៉ាងណាឱ្យថ្នាក់នាំសហជីពទាំង៣នាក់នោះបានចូលធ្វើការវិញ។
កញ្ញាបន្ថែមថា៖ «ពួកគាត់នេះអត់មានខុសអីនោះទេ។ បើថាពួកគាត់ខុសត្រង់មាត្រា៨៣ នៃច្បាប់ស្តីពីការងារ លុះត្រាយើងបានលួចរបស់ក្រុមហ៊ុន ឬមានកំហុសធ្ងន់ នោះគេអាចបញ្ឈប់យើង តែពួកគាត់នេះអត់មានកំហុសអីទេ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងរោងចក្រ ញូមីងដា បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
បើតាមលោក ប៊ុន សុភី គឺពួកគាត់កំពុងរៀបចំឯកសារប្ដឹងករណីនេះទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យជួយដោះស្រាយ។
យ៉ាងណា អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ូ រតនា មានប្រសាសន៍ថា ករណីនេះ ខាងក្រសួងការងារបានឱ្យមន្ត្រីចុះធ្វើអធិការកិច្ចពិសេសហើយ ដោយលោកមិនទាន់បានដឹងពីលទ្ធផលនៅឡើយទេ។
លោកបន្ថែមថា៖ «ខាងខ្ញុំទទួលបានព័ត៌មាននេះហើយ ហើយខាងមន្ត្រីអធិការកិច្ច គេចុះធ្វើអធិការកិច្ចពិសេសហើយដែរ តែខ្ញុំមិនទាន់ដឹងពីលទ្ធផលទេ អាចសួរបញ្ជាក់ទៅខាងអធិការកិច្ច»។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលឃ្លាំមើលរឿងនេះ មានប្រសាសន៍ថា នេះមិនមែនជាករណីលើកទី១នោះទេ ដែលថៅកែបានបញ្ឈប់កម្មករដោយសារតែពួកគាត់នាំគ្នាបង្កើតសហជីពនៅក្នុងរោងចក្រ គឺនៅមានរោងចក្រជាច្រើនផ្សេងទៀតដែលបានធ្វើបែបនេះ។ លោកថា ទង្វើនេះជាទង្វើខុសច្បាប់ និងរំលោភបំពានសិទ្ធិរបស់កម្មករធ្ងន់ធ្ងរ។
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងាររូបនេះបន្តថា ជុំវិញករណីនេះ រដ្ឋាភិបាល ជាពិសេសក្រសួងការងារ ហាក់ពុំបានជំរុញឱ្យថៅកែគោរពច្បាប់ និងចាត់វិធានការតឹងរ៉ឹងចំពោះម្ចាស់រោងចក្រ ឬថៅកែដែលរំលោភច្បាប់និងសិទ្ធិកម្មករនេះទេ។
លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំគិតថា ខាងក្រសួងការងារគួរតែអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព ចំពោះករណីនិយោជកដែលបានបញ្ឈប់តំណាងសហជីពនេះ ព្រោះនេះជាការរើសអើងនិងរំលោភច្បាប់ហើយ យើងអត់ចង់ឱ្យទិដ្ឋភាពនេះកើតឡើងទេ។ កាលណាកើតឡើង វាបាត់ផលប្រយោជន៍ទាំងសងខាង ទាំងកម្មករ និងនិយោជក។ អ៊ីចឹងក្នុងរឿងនេះ ខ្ញុំថាមានតែក្រសួងការងារហ្នឹងឯង ដែលដើរតួសំខាន់ក្នុងការជំរុញឱ្យភាគីនិយោជកគោរពលក្ខខណ្ឌច្បាប់ដែលតម្រូវមកនោះ»។
កាលពីខែសីហា ឆ្នាំ២០២២ កម្មករប្រមាណ៨០០នាក់របស់រោងចក្រ ញូមីងដា ដែលមានថៅកែជាជនជាតិចិន បានផ្ទុះការតវ៉ាម្តងហើយ ក្រោយពីថៅកែគ្រោងបញ្ឈប់តំណាងកម្មករចំនួន៥នាក់ពីការងារ ប៉ុន្តែកម្មករបានចូលធ្វើការងារវិញ បន្ទាប់ពីថៅកែលុបគម្រោងបញ្ឈប់កម្មករទាំងនោះ។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មានរោងចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីពក្នុងសហគ្រាសនិងគ្រឹះស្ថានដែលពួកគេកំពុងធ្វើការ។
មួយទៀតនោះ សហជីពថាសំណុំរឿងមួយចំនួនដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយ និងសម្រេចឱ្យកម្មករឈ្នះហើយ គឺមិនត្រូវបានថៅកែ ឬនិយោជកអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយ ដែលករណីនេះ សហជីពចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករ ដែលត្រូវបានហាមឃាត់ដោយច្បាប់ផងនោះ៕