ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសវនាការសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ និងមនុស្ស១២នាក់ទៀត ក្រោមបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ទៅពេលក្រោយវិញ បន្ទាប់ពីមានសំណើពីជនជាប់ចោទ និងមេធាវី។
ការលើកពេលសវនាការ នៅថ្ងៃនេះ បន្ទាប់លោក កែត ឃី មេធាវីការពារសិទ្ធិឱ្យលោកស្រី នូ សិទ្ធារី និងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃុន សូណា អំឡុងពេលតុលាការបើកសវនាការ។
លោកមេធាវី កែត ឃី បានលើកឡើងក្នុងបន្ទប់សវនាការ ដោយស្នើទៅប្រធានប្រឹក្សាជំនុំជម្រះឱ្យពន្យារពេលសវនាការ ដោយសារមេធាវីការពារក្ដីលោក សៀម ភ្លុក ដែលជាជនជាប់ចោទ និងកំពុងជាប់ឃុំនៅពន្ធនាគារ បានអវត្តមាន ខណៈលោក សំ សុគង់ មេធាវីការពារក្តីឱ្យជនជាប់ចោទផ្សេងទៀត ក៏អវត្តមានដែរ។
លើសពីនេះ លោកថា ក្នុងចំណោមជនជាប់ចោទទាំង១៣នាក់ គឺមានតែ៣នាក់ប៉ុណ្ណោះដែលមានវត្តមានក្នុងសវនាការ ខណៈអ្នកផ្សេងទៀតមិនបានទទួលបានដីកាកោះហៅពីតុលាការ ហើយជនជាប់ចោទដែលបានដឹងព័ត៌មាន ក៏បានទៅកាន់តុលាការ ប៉ុន្តែត្រូវបានសមត្ថកិច្ចមិនអនុញ្ញាតឱ្យចូល ដោយសារមិនមានដីកាកោះ។ ករណីនេះ លោកស្នើទៅចៅក្រមជម្រះ ឱ្យពន្យារពេលសវនាការ និងរៀបចំចេញដីកាកោះហៅជាថ្មីទៀត។
យ៉ាងណា មុនពេលសម្រេចថាពន្យារពេលនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្ រះលោក ឃុន សូណា បានសួរទៅលោក សៀម ភ្លុក ថាតើតុលាការអាចបន្តសវនាការដោយមិនមានវត្តមានមេធាវីបានដែរឬយ៉ាងណា?
ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ លោក សៀម ភ្លុក បានស្នើទៅចៅក្រមជម្រះ ឱ្យពន្យារពេលសវនាការ ដើម្បីរង់ចាំមេធាវី ខណៈតំណាងអយ្យការ លោក សេង ហៀង បានលើកថា សំណុំរឿងនេះជារឿងមជ្ឈិម ដូច្នេះសវនាការមិនចាំបាច់មានមេធាវីចូលរួមក៏បានដែរ ប៉ុន្តែប្រសិនបើជនជាប់ចោទស្នើសុំ លោកឯកភាពនឹងពន្យារពេល។
លោក សេង ហៀង ក៏ចោទសួរទៅលោក សៀម ភ្លុក វិញថា បើសវនាការលើកក្រោយអវត្តមានមេធាវីទៀត តើលោក សៀម ភ្លុក យល់ព្រមឱ្យតុលាការបន្តសវនាការដែរឬទេ?
ឆ្លើយនឹងសំណួរតំណាងអយ្យការ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក លើកឡើងថា បើសវនាការក្រោយ គ្មានមេធាវីចូលរួមនោះ រូបលោកសម្រេចឱ្យតុលាការបន្តសវនាការ។
ក្រោយពីបានស្ដាប់ការលើកឡើងរបស់មេធាវី និងជនជាប់ចោទ រួមទាំងតំណាងអយ្យការនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្ រះលោក ឃុន សូណា សម្រេចលើកពេលសវនាការទៅថ្ងៃក្រោយវិញ ដោយមិនកំណត់ពេលជាក់លាក់នៅឡើយ។
សំណុំរឿង «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» នេះមានជនជាប់ចោទចំនួន១៣នាក់ និងសាក្សីចំនួន៣០នាក់។ ក្នុងចំណោមជនជាប់ចោទទាំង១៣នាក់ គឺមានតែលោក សៀម ភ្លុក ម្នាក់ទេដែលជាប់ពន្ធនាគារ ខណៈមនុស្ស១២នាក់ទៀតនៅក្រៅឃុំបណ្ដោះអាសន្ន។
លោក សៀម ភ្លុក ត្រូវបានតុលាការចោទប្រកាន់ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសភ្លាមៗនៅថ្ងៃដដែលនោះ។
លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃ រកឃើញថាមានជាប់ពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ ដើម្បីបង្កើតគណបក្សបេះដូងជាតិ កាលពីខែមិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
ចំណែកលោក សៀម ភ្លុក ធ្លាប់ប្រាប់វីអូឌីថា បើស្ថិតក្នុងមន្ទិលសង្ស័យស្នាមមេដៃក្លែងក្លាយ និងស្នាមមេដៃខូចគុណភាព ឬមានស្នាមមេដៃស្ទួនមែន ក្រសួងមហាផ្ទៃអាចមានសិទ្ធិបដិសេធឬទាត់ចោលបាន ដោយមិនត្រូវចាត់ទុកស្នាមមេដៃទាំងនោះប្រែក្លាយទៅជាបទល្មើសព្រហ្មទណ្ឌនោះទេ៕