ក្រុមនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ បានប្រមូលផ្ដុំចងក្រងគ្នាជាក្រុម ដើម្បីសម្អាតបរិស្ថាននៅតាមទីសាធារណៈ និងបណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ដោយចេះបែងចែកទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ស្ថាបនិកក្រុមនិស្សិតប្លាស្ទិក លោក ហែម សុភេម វ័យ២១ឆ្នាំ កំពុងសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកចាប់ផ្ដើមបង្កើតក្រុមនិស្សិតប្លាស្ទិកនេះឡើង កាលពីខែមិថុនា ឆ្នាំ២០២២។ លោកសង្កេតឃើញថា ករណីសំរាមនៅតែជាបញ្ហាប្រឈមមួយក្នុងសង្គមកម្ពុជា ដែលមិនទាន់អាចដោះស្រាយឱ្យបានល្អប្រសើរនៅឡើយទេ។
ដោយមើលឃើញពីបញ្ហានេះ លោកចង់បណ្ដុះស្មារតីពលរដ្ឋឱ្យចេះស្រឡាញ់ និងសម្អាតបរិស្ថានឱ្យបានត្រឹមត្រូវ ជាពិសេសទុកដាក់សំរាមឱ្យបានល្អ ដោយផ្ដើមចេញពីសិស្សានុសិស្ស ទាំងនៅតាមសាលារដ្ឋ និងឯកជនជាមុន។
លោកបន្តថា៖ «យើងជានិស្សិត ហើយរៀនដល់និស្សិតហើយនៅតែបោះចោល យើងមើលឃើញកន្លែងហ្នឹង! ទម្រាំតែគ្នាអត់បានរៀនទៀត តើគ្នាគិតម៉េច? ឆ្នាំទី៣ ទី៤ហើយ អ្នកខ្លះញ៉ាំហើយបោះចោល»។
បើតាមលោក ហែម សុភេម ការកៀរគរក្រុមយុវជនជានិស្សិតនេះ គឺធ្វើឡើងតាមរយៈបណ្ដាញសង្គម ដោយបច្ចុប្បន្ននេះមានសមាជិកជិត១០០នាក់ហើយ ស្ម័គ្រចិត្តចូលរួមនៅក្នុងយុទ្ធនាការនេះ។ លោកបន្តថា សកម្មភាពដែលក្រុមយុវជនតែងតែធ្វើ គឺនៅរៀងរាល់ចុងសប្ដាហ៍។ ចំពោះទីតាំងដែលត្រូវសម្អាតវិញមានដូចជា សួនច្បារមុខព្រះបរមរាជវាំង សួនច្បារមាត់ទន្លេត្រើយខាងកើត និងនៅតំបន់បឹងកក់ ជាដើម។
ទំព័រហ្វេសបុកផ្លូវការរបស់ក្រុមនិស្សិតប្លាស្ទិក ដែលមានឈ្មោះថា «និស្សិតប្លាស្ទិក Nisset Plastic» តាមរយៈវីដេអូជិត១នាទីរបស់ខ្លួនដែលផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ បានបង្ហាញពីសកម្មភាពរបស់យុវជន ហែម សុភេម រើសសំរាមប្លាស្ទិកដែលនៅរាយប៉ាយតាមទីសាធារណៈ មានអ្នកទស្សនាប្រមាណ៣០ ០០០នាក់ និងអ្នកចែករំលែកបន្តជាង ៣០០នាក់។
ដោយឡែក គេហទំព័រផ្លូវការរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP ប្រចាំកម្ពុជាវិញ បង្ហាញថា ភ្នំពេញ មានថង់ប្លាស្ទិកប្រហែល១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ចំណែកឯកាកសំណល់កើតចេញពីប្លាស្ទិកនេះវិញ គេរកឃើញថាបានបង្កផលប៉ះពាល់ដល់បរិស្ថាន សេដ្ឋកិច្ច សុខភាពរបស់មនុស្ស និងអាចបង្កឱ្យកើតជាជំងឺមហារីក ដូចជាមានពិការភាពពីកំណើត ជំងឺរលាកពោះវៀន និងជំងឺផ្លូវដង្ហើម ជាដើម។
យុជនឈ្មោះ សំ ធូស៊ីដេ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគីមីវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ថា ខ្លួនក៏បានចូលរួមក្នុងការសម្អាតបរិស្ថាននេះជាមួយ «ក្រុមនិស្សិតប្លាស្ទិក» នេះដែរ។ លោកបន្តថា ការស្ម័គ្រចិត្តនេះ គឺតាមរយៈការទស្សនាពីដំបូងនូវសកម្មភាពរបស់ក្រុមយុវជននៅលើបណ្ដាញសង្គម ដែលពួកគេធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងចំពោះការទុកដាក់សំរាមមិនបានត្រឹមត្រូវ។
ប្រភពដដែលបន្តថា ការចូលរួមសម្អាតបរិស្ថាននេះ គឺលោកចង់បង្ហាញពីភាពជាគំរូល្អមួយក្នុងសង្គម ដើម្បីជំរុញឱ្យប្រជាពលរដ្ឋដទៃទៀតចេះគិតគូរពីបញ្ហាសំរាមដែលនឹងក្លាយជាបន្ទុកដ៏ធំនៅកម្ពុជានាពេលអនាគត ប្រសិនបើនៅតែមិនយល់ថាសំរាមជាផលលំបាកទេ។
លោកបន្តថា៖ «ខ្ញុំចូលរួមជាមួយក្រុមនិស្សិតប្លាស្ទិកនេះ ដោយសារតែខ្ញុំស្រឡាញ់បរិស្ថាន។ ខ្ញុំចង់ចូលរួមសកម្មភាពការងារក្នុងសង្គម ចង់ចូលរួមជួយសម្អាត[បរិស្ថាន]អ៊ីចឹងទៅ។ មួយទៀត ខ្ញុំចង់ធ្វើជាគំរូដល់អ្នកដទៃ ឱ្យគេយកគំរូតាម»។
ឆ្លើយតបរឿងនេះ ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី ចាត់ទុកសកម្មភាពរបស់និសិ្សតប្លាស្ទិកនេះថា គឺជាផ្នែកមួយដ៏សំខាន់ដែលបានសហការជាមួយអាជ្ញាធរ ដើម្បីជួយឱ្យរាជធានីភ្នំពេញមានបរិស្ថានកាន់តែស្អាត។
បើតាមលោក គាត រង្សី ក្នុងនាមមន្ទីរបរិស្ថានរាជធានីភ្នំពេញ គឺតែងតែគាំទ្ររាល់សកម្មភាពស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន ដែលចូលរួមធ្វើសកម្មភាពសម្អាតបរិស្ថាននៅទីតាំងសាធារណៈ នាពេលកន្លងមក។ ស្របពេលមានការលើកទឹកចិត្ត ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញរូបនេះ ក៏ចង់ឃើញក្រុមយុវជនសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការជូនដំណឹងជាមុនសិន មុននឹងចាប់ផ្តើមធ្វើសកម្មភាពទាំងនោះ។
លោកបន្តថា៖ «នេះជាសកម្មភាពគំរូមួយ ជាចំណុចដែលយើងតែងតែផ្ដល់ឱកាស និងសហការជានិច្ចសម្រាប់យុវជនដែលចូលរួមធ្វើបែបនេះ។ ហើយយើងក៏លើកទឹកចិត្តដែរថា បើមានបងប្អូនណាផ្សេងទៀតចង់ចូលរួមសហការសម្អាតបែបនេះ គឺត្រូវសហការជាមួយមន្ទីរបរិស្ថាន ឬអាជ្ញាធរដែនដី»។
របាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញថា ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានក្រុមហ៊ុនចំនួន៣ រួមមាន ក្រុមហ៊ុន Cintri (Cambodia), (Everbrigh china) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group CO,ltd ទទួលបន្ទុកក្នុងការប្រមូល និងដឹកជញ្ជូនសំរាមចេញ។
ជាមួយគ្នានេះដែរ របាយការណ៍ដែលចេញដោយក្រសួងបរិស្ថាន ដែលដាក់ចំណងជើងថា «រួមគ្នាកាត់បន្ថយប្លាស្ទិក » កាលពីខែធ្នូ ឆ្នាំ២០១៩ ឱ្យដឹងថា ការចោលសំណល់រឹងនៅទីលានចាក់សំរាម មានការកើនឡើង៥ដង ចាប់ពី៣១៨ ០០០តោន កាលពីឆ្នាំ២០០៤ ដល់ ១,៧លានតោនក្នុងមួយឆ្នាំ នៅឆ្នាំ២០១៨។
របាយការណ៍ដដែលបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ១០លានថង់កំពុងប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែក ប្រជាពលរដ្ឋកម្ពុជាម្នាក់ដែលរស់នៅក្នុងទីក្រុងនានារបស់ប្រទេសកម្ពុជា ត្រូវគេរកឃើញថាបានប្រើប្រាស់ថង់ប្លាស្ទិក២ ០០០ថង់ក្នុងមួយឆ្នាំ។ ជាងនេះទៀត បរិមាណប្លាស្ទិកនេះនឹងកើនឡើងរង្វង់ ៨,៣ពាន់លានតោន កាលពីឆ្នាំ២០១៥ នឹងបន្តកើនឡើងដល់ ១២ពាន់លានតោន នៅឆ្នាំ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកដូចបច្ចុប្បន្ននៅតែបន្តបែបនេះទៀត។
យ៉ាងនេះក្ដី សម្រាប់មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា យល់ឃើញថា យន្តការរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ នៅមិនទាន់បានល្អប្រសើរនៅឡើយនោះទេ។ លោកបន្តថា បើឥរិយាបថនៃការទុកដាក់សំរាមមិនបានត្រឹមត្រូវបែបនេះ ក្រៅពីបង្កផលប៉ះពាល់សុខភាពមនុស្សហើយ វានឹងជះឥទ្ធិពលអាក្រក់ទៅដល់សោភ័ណភាពទីក្រុងទាំងមូលថែមទៀតផង។
លោកបន្តថា៖ «បើយើងនិយាយពីទីក្រុងទាំងមូលឃើញថា បញ្ហាសណ្ដាប់ធ្នាប់អនាម័យសំរាមនេះនៅបន្តពាសវាលពាសកាល។ គេយកចិត្តទុកដាក់តែតំបន់គោលដៅទេសចរណ៍ ទីប្រជុំជនធំៗប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីទីក្រុងទាំងមូល គឺមានការខ្វះចន្លោះខ្លាំង»។
ជាមួយគ្នានេះ លោក សាន់ ម៉ាឡា ក៏ជំរុញឱ្យរដ្ឋាភិបាលគួររៀបចំយុទ្ធសាស្រ្តនៃការគ្រប់គ្រងសំរាមឡើងវិញឱ្យបានហ្មត់ចត់ ជាពិសេសការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ទើបអាចដោះស្រាយបញ្ហាសំរាមនេះបាន។
កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយដាក់បញ្ចូលកិច្ចការថែរក្សាបរិស្ថាន ដើម្បីគ្រប់គ្រងសំរាម ថែរក្សាអនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ នៅក្នុងកម្មវិធីនយោបាយរំកិលដែរ។
តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលមានសុទិដ្ឋិនិយមថានឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទនៅទូទាំងប្រទេសបានល្អ។ ជាងនេះទៀត ការដាក់ចេញនូវគោលនយោបាយដែលជាយុទ្ធសាស្រ្តនេះ ដោយរំពឹងថានឹងជួយឱ្យការរស់នៅរបស់ពលរដ្ឋប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ និងមានអនាគតរុងរឿង។ ក៏ប៉ុន្តែក្រុមយុវជនដែលប្រឆាំងកាកសំណល់ប្លាស្ទិកនេះ នៅតែសង្កេតឃើញថា ឥរិយាបថនៃការទុកដាក់សំរាមរបស់ពលរដ្ឋ ជាពិសេសក្នុងទីក្រុងភ្នំពេញ មានការកែប្រែយឺតយ៉ាវនៅឡើយ៕