សមាជិកគណបក្សភ្លើងទៀននៅឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោក គង់ អួន ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញហើយនៅវេលាម៉ោង ៣រសៀល ថ្ងៃសុក្រនេះ ក្រោយពីត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
លេខាគណបក្សភ្លើងទៀនស្រុកខ្សាច់កណ្ដាល លោក ហាក់ ឈុនលី បានឱ្យវីអូឌីដឹងថា លោក គង់ អួន ត្រូវបានអាជ្ញាធរដោះលែងនៅថ្ងៃនេះ បន្ទាប់ពីឃុំខ្លួនអស់រយៈពេលពីរថ្ងៃមក។
លោកថា៖ «គាត់ត្រូវបានសម្រេចលើកលែងការចោទប្រកាន់ហើយ លើកលែងការចោទប្រកាន់ថ្ងៃមិញ ដោយសារមានអង្គការចុះទៅជួយធ្វើអន្តរាគមន៍ជាមួយក្រឡាបញ្ជីណា»។
ក្រុមគ្រួសាររបស់លោក គង់ អួន បានអះអាងកាលពីថ្ងៃទី៨ ខែធ្នូ ថា លោក គង់ អួន ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដោយពុំមានដីកា ក្រោយពីមានជម្លោះជាមួយអ្នកជិតខាងដែលជាសាច់ញាតិរបស់អធិការរងនគរបាលស្រុកខ្សាច់កណ្ដាល។ ទោះជាយ៉ាងណា អធិការនគរបាលស្រុកខ្សាច់កណ្ដាល លោក ម៉ែន សុឃឿន បានថ្លែងថា លោក គង់ អួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ប៉ុន្តែការអះអាងនេះត្រូវបានក្រុមគ្រួសាររបស់លោក គង់ អួន ច្រានចោល៕