កម្មករឱ្យដឹងថា ថៅកែរោងចក្រ អ៊ីស្តក្រោន នៅតែបដិសេធទទួលយកថ្នាក់ដឹកនាំសហជីព ៩នាក់ ចូលធ្វើការងារវិញ ហើយក្រសួងការងារជំរុញឱ្យកម្មករដែលត្រូវបានបញ្ឈប់ប្ដឹងករណីនេះទៅតុលាការ។
គិតត្រឹមថ្ងៃទី១៩ ខែធ្នូនេះ កម្មករ-កម្មការិនីចំនួន៩នាក់ហើយ ដែលបម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែចេញលិខិតបញ្ចប់កិច្ចសន្យាការងារ ក្រោយកម្មករទាំងនោះនាំគ្នាបង្កើតសហជីពមួយឈ្មោះ «សហជីពឯករាជ្យ» នៅក្នុងរោងចក្រ ដើម្បីជួយតស៊ូមតិ និងការពារសិទ្ធិជូនកម្មករ។
ស្ថាបនិកសហជីពឯករាជ្យប្រចាំរោងចក្រ អ៊ីស្តក្រោន លោក ឌួង តុលា ដែលត្រូវបានថៅកែបញ្ឈប់ពីការងារ ប្រាប់វីអូឌីនៅចន្ទនេះថា កាលពីថ្ងៃទី១៦ ខែធ្នូនេះ ក្រសួងការងារបានហៅកម្មករចំនួន៣នាក់ទៀតទៅផ្សះផ្សាវិវាទការងារជាមួយភាគីរោងចក្រ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ ដោយភាគីរោងចក្រនៅរក្សាជំហរមិនព្រមទទួលយកកម្មករដែលជាថ្នាក់ដឹកនាំសហជីពឯករាជ្យប្រចាំរោងចក្រនេះឱ្យចូលធ្វើការងារវិញដដែល។
ស្ថាបនិកសហជីពរូបនេះបន្តថា ក្រោយសម្របសម្រួលផ្សះផ្សាមិនត្រូវគ្នា ខាងក្រសួងការងារបានជំរុញឱ្យកម្មករប្តឹងករណីនេះទៅតុលាការ ក្រោមហេតុផលថា វិវាទការងារនេះហួសពីដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការដោះស្រាយ។
លោកបន្ថែមថា៖ «ការផ្សះផ្សានៅថ្ងៃហ្នឹង [ថ្ងៃទី១៦ ខែធ្នូ] គឺខាងក្រុមហ៊ុនគេនៅតែនិយាយថា បញ្ចប់កិច្ចសន្យាការងារនេះមិនមែនជាការរើសអើងសហជីព ប៉ុន្តែពួកយើងនៅតែចាត់ទុកថាជាការរើសអើងសហជីព ដោយសារមុនពេលពួកយើងបង្កើតសហជីព គឺមិនមានបញ្ហាអ្វីទេ គឺខាងរោងចក្របានបន្តកិច្ចសន្យាការងារដល់ពួកយើងធម្មតា មិនមានរឿងអីជាមួយគ្នាទេ ប៉ុន្តែក្រោយពីដឹងថាពួកយើងជាស្ថាបនិកបង្កើតសហជីព គឺបានបញ្ឈប់ពួកយើង»។
ប្រធានរដ្ឋបាលរោងចក្រ អ៊ីស្តក្រោន លោក វ៉ា អ៊ីហុង សុំមិនឆ្លើយពាក់ព័ន្ធករណីនេះទេ ដោយលោកបង្វែរឱ្យទៅក្រសួងការងារវិញ។
វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អាំង សេងលី បានទេ ពាក់ព័ន្ធករណីនេះ។
យ៉ាងណា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារ បានចេញលិខិតមួយដោយលើកឡើងថា បន្ទាប់ពីបានផ្សះផ្សា និងពិនិត្យលើអង្គហេតុ និងអង្គច្បាប់នៃសំណុំរឿងវិវាទការងារនេះ គឺថ្នាក់ដឹកនាំសហជីពទាំងនោះពុំមែនជាកម្មករដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារនោះទេ ប៉ុន្តែជាការផុតរលត់នៃកិច្ចសន្យាការងាររវាងកម្មករ និងក្រុមហ៊ុន ដែលស្របទៅតាមច្បាប់ស្តីពីការងារ ត្រង់មាត្រា៧៣។
នាយកដ្ឋានវិវាទការងារ បញ្ជាក់ថា យោងតាមច្បាប់ស្តីពីសហជីព ត្រង់មាត្រា៦៧ គឺមិនអាចអនុវត្តចំពោះករណីបញ្ចប់កិច្ចសន្យាការងារតាមបញ្ញត្តិមាត្រា៧៣ នៃច្បាប់ស្តីពីការងារបានឡើយ។ នាយកដ្ឋានមួយនេះបន្តថា ប្រសិនបើភាគីណាមិនសុខចិត្ត អាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការ ដើម្បីដោះស្រាយបន្តបាន។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត បានបង្ហាញការសោកស្តាយចំពោះក្រសួងការងារដែលយល់ស្របតាមភាគីក្រុមហ៊ុនលើការបញ្ចប់កិច្ចសន្យាការងារកម្មករ។ លោកថា ការដោះស្រាយរបស់ក្រសួងនេះ គឺមានភាពលម្អៀងទៅខាងរោងចក្រ ដោយមិនបានពិនិត្យលើដើមហេតុនៃវិវាទឱ្យបានច្បាស់លាស់ឡើយ។
ប្រធានសហព័ន្ធសហជីពរូបនេះចាត់ទុកករណីថៅកែបញ្ចប់កិច្ចសន្យាការងារ ថាជាការរើសអើងសហជីព។ លោកថា មុនបញ្ចប់កិច្ចសន្យាការងារកម្មករ គឺភាគីរោងចក្របានហៅកម្មករទាំង ៩នាក់ ទៅប្រាប់ឱ្យលាឈប់ពីសហជីព ដើម្បីទទួលបានការបន្តកិច្ចសន្យាការងារឡើងវិញ ហើយរដ្ឋបាលរោងចក្រក៏ធ្លាប់ផ្ញើសារទៅកម្មករថាពុំមានការបញ្ចប់កិច្ចសន្យាការងារផងដែរ។
លោកបន្ថែមថា៖ «រដ្ឋបាលថា បើអ្នកឯងលាឈប់ពីការងារ នឹងបន្តកិច្ចសន្យាឱ្យ នេះទី១។ ទី២ នៅពេលដែលគាត់និយាយថាបញ្ចប់កិច្ចសន្យា ប៉ុន្តែគាត់បានផ្ញើសារថាគាត់អត់បានបញ្ចប់កិច្ចសន្យាទេ។ សារហ្នឹងយើងក៏បានដាក់ទៅក្រសួងការងារដែរ ប៉ុន្តែយើងសោកស្តាយដែរ ដែលក្រសួងបានឯកភាពទៅលើការឱ្យបញ្ឈប់កម្មករនិយោជិត ដោយក្រោមហេតុថាដល់កិច្ចសន្យា ដែលតាមពិតរោងចក្របានស្តែងបញ្ជាក់ហើយថា បើអត់ធ្វើសហជីព គេបន្តកិច្ចសន្យា ដែលស្តែងឱ្យឃើញពីការរើសអើងជីព»។
បើតាមលោក រី សិទ្ធីណែត សហព័ន្ធសហជីពរបស់លោកនឹងប្តឹងករណីនេះទៅរដ្ឋមន្ត្រីក្រសួងការងារ និងអ្នកបញ្ជាទិញបន្តទៀត ដើម្បីសុំអន្តរាគមន៍ឱ្យកម្មករបានចូលធ្វើការងារវិញ។
ក្នុងបណ្តឹងដាក់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាលអំឡុងខែសីហា ឆ្នាំ២០២២ កម្មករប្រមាណ១០នាក់បានបោះឆ្នោតបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ អ៊ីស្តក្រោន និងដាក់ពាក្យស្នើសុំទៅក្រសួងការងារ ដោយមន្ត្រីក្រសួងការងារបានចេញបង្កាន់ដៃទទួលស្គាល់ពាក្យស្នើសុំចុះបញ្ជីនោះពីកម្មករ។
បណ្តឹងដដែលបន្តថា ក្រោយមក នៅថ្ងៃទី៤ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថៅកែរោងចក្របានបញ្ឈប់កម្មករដែលជាថ្នាក់ដឹកនាំ និងសហស្ថាបនិកសហជីពចំនួន៩នាក់ជាបន្តបន្ទាប់ ក្រោយហេតុផលថាគ្មានការងារធ្វើ។
បើតាមកម្មករ រោងចក្រ អ៊ីស្តក្រោន មានកម្មករប្រមាណ៣ ០០០នាក់កំពុងបម្រើការងារ ដែលមានថៅកែជាជនជាតិចិន និងជារោងចក្រផលិតស្បែកជើងម៉ាក ភូម៉ា (PUMA)។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មានរោងចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីពក្នុងសហគ្រាស និងគ្រឹះស្ថានដែលពួកគេកំពុងធ្វើការ។
មួយទៀតនោះ សហជីពថា សំណុំរឿងមួយចំនួនដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយ និងសម្រេចឱ្យកម្មករឈ្នះហើយ គឺមិនត្រូវបានថៅកែ ឬនិយោជកអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយ ដែលករណីនេះ សហជីពចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករ ដែលត្រូវបានហាមឃាត់ដោយច្បាប់។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលើកឡើងថា នៅកម្ពុជា មានតែសហជីពដែលស្និទ្ធជាមួយថៅកែទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល៕