សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃស្អែកនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការ បើទោះជាសាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បដិសេធមិនអនុញ្ញាតសមាជិកសមាគមមួយនេះធ្វើសកម្មភាពជួបជុំក្ដី។
ថ្លែងប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានលើកឡើងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រក្សាជំហរបន្តការប្រមូលផ្តុំសម្ដែងមតិនៅថ្ងៃស្អែកនេះដដែល ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងក្រុមគ្រូបង្រៀន និងអ្នកជាប់ឃុំមនសិការ មានដូចជា លោក កែវ ថៃ លោក ស៊ុន ធន់ កញ្ញា ឈឹម ស៊ីថរ និងកញ្ញា សេង ច័ន្ទធារី រួមទាំងអ្នកជាប់ឃុំមនសិការផ្សេងៗទៀតឱ្យមានសេរីភាពឡើងវិញ។
បើតាមលោកស្រី អ៊ុក ឆាយ៉ាវី មូលហេតុដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែបន្តប្រមូលផ្តុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ បើទោះបីជាខាងសាលាក្រុងមិនអនុញ្ញាត ព្រោះថា ការរៀបចំសម្ដែងមតិនេះ គឺជាសកម្មភាពស្របច្បាប់ និងថ្ងៃសុក្រស្អែកនេះជាវិសមកាលសម្រាប់គ្រូបង្រៀន។
លោកស្រីថ្លែងថា៖ «ដោយសារតែខ្ញុំជាគ្រូបង្រៀន ជិតដល់ពេលខ្ញុំចូលបវេសនកាលវិញ អ៊ីចឹងខ្ញុំអត់មានពេល លោកគ្រូ-អ្នកគ្រូយើងអត់មានពេលទៀត។ បើទៅចូលរួម ត្រូវចោលសិស្ស៥០ [ទៅ] ៦០នាក់ក្នុងមួយថ្នាក់។ ចំពោះគាត់ថាខុសច្បាប់នេះ គ្រាន់តែជាការគំរាមកំហែង។ បើច្បាប់នៅក្នុងប្រទេសកម្ពុជា គឺមានចែងរួចស្រេច ទាំងជាតិ និងអន្តរជាតិ បានផ្ដល់សច្ចាប័នរួចរាល់ហើយថាមានសិទ្ធិប្រមូលម្ដុំសម្ដែងមតិអ៊ីចឹងទៅ»។
ប្រធានសមាគមគ្រូបង្រៀនរូបនេះ អះអាងថា សមាគមនៅតែបន្តជួបជុំដដែល បើទោះបីជាអាចមានការគំរាមកំហែង ឬរារាំងពីសំណាក់អាជ្ញាធរក៏ដោយ។
លោកស្រីថា៖ «ចំពោះការគំរាម ទោះបីជាយើងមិនធ្វើ ក៏គេគំរាមកំហែងដែរ។ អ៊ីចឹងយើងត្រូវតែធ្វើ ព្រោះយើងធ្វើនេះអត់មានប្រើអាវុធ អត់មានប្រើអីដែលធ្វើឱ្យមានស្ថានភាពវឹកវរក្នុងសង្គមទេ។ យើងគ្រាន់តែទៅទាមទារ ដើម្បីទាមទារឱ្យមានការដោះលែង»។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានលើកឡើងថា ប្រសិនបើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែរក្សាជំហរធ្វើការប្រមូលផ្ដុំនៅថ្ងៃស្អែក លោកថា វានឹងខុសច្បាប់ និងខុសពីកិច្ចសន្យាដែលសមាគមគ្រូបង្រៀនមួយនេះមានជាមួយសាលាក្រុងភ្នំពេញ។
លោកបញ្ជាក់ថា៖ «ពូមិនដឹងថាឆ្លើយជាមួយក្មួយឯងយ៉ាងម៉េច បើកំណត់ហេតុ គាត់អ្នកព្រមព្រៀង មិនមែនខ្ញុំឱ្យផ្អាកទេ គាត់ព្រមព្រៀងផ្អាកខ្លួនគាត់។ រួចក្មួយឯងដឹងហើយថា គាត់ជាសមាគមគ្រូបង្រៀនទៀត ហើយនៅពេលដែលគាត់ជាអ្នកអប់រំគេហើយ ហើយនៅពេលដែលគាត់ព្រមព្រៀងចុះហត្ថលេខាហើយ ហើយក្មួយឯងមកសួរពូអ៊ីចឹង ពូឆ្លើយថាម៉េច!»
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិជួបជុំ ឬប្រមូលផ្ដុំតវ៉ា ទាមទារដំណោះស្រាយអ្វីមួយ ហើយសិទ្ធិនេះមានធានានៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផ្សេងៗ។
មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា បើសិនជាអាជ្ញាធររាជធានីភ្នំពេញហាមឃាត់មិនឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើការតវ៉ាដោយសន្តិវិធីទេ នោះគឺជាទម្រង់នៃការរឹតត្បឹតសិទ្ធិសេរីភាពលើពលរដ្ឋ។
លោកថា៖ «ជាការសង្កេតរបស់ខ្ញុំ ឃើញថាមានការកំណត់អំពីការរៀបចំការទាមទារតវ៉ាអីនេះ ខ្ញុំគិតថាជាការរារាំង ជាការរឹតត្បិតទៅលើសេរីភាព លើប្រជាពលរដ្ឋ ឬក្រុមគ្រូបង្រៀនហ្នឹង»។
បើតាមកំណត់ហេតុនៃកិច្ចប្រជុំរវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្អាកការរៀបចំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដោយលើកហេតុផលថា សំណើសុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ទុយទៅនឹងមាត្រា៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ និងស្នើឱ្យសមាគមគ្រូបង្រៀនមួយនេះដាក់សំណើកែសម្រួលកម្មវត្ថុនៃលិខិតស្នើសុំជួបជុំសម្តែងមតិឡើងវិញ។
ជុំវិញករណីនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានលើកឡើងថា សាលាក្រុងភ្នំពេញមិនអនុញ្ញាតឱ្យសមាគមធ្វើ ដោយសារតែការទាមទារឱ្យដោះលែងអ្នកទោសនយោបាយ គឺខុសពីបេសកកម្មសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ប៉ុន្តែលោកស្រីថា បើទោះបីជាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានកែសម្រួលនិងស្នើជាថ្មីក្ដី ក៏សាលាក្រុងភ្នំពេញនឹងមិនអនុញ្ញាតដដែល។
បន្ថែមពីនេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ថាការដែលអ្នកស្រីព្រមចុះហត្ថលេខាលើកំណត់ហេតុនោះគឺគ្រាន់តែជាភស្តុតាងបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានជូនដំណឹងទៅអាជ្ញាធររួចហើយ តែអាជ្ញាធរមិនអនុញ្ញាត៕