មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងការងារគ្រូបង្រៀន លើកឡើងស្រដៀងគ្នាថា ការព្រមានចាត់វិធានការច្បាប់លើអ្នកសម្ដែងមតិដោយសន្តិវិធីពីសំណាក់សាលារាជធានីភ្នំពេញនោះ បានធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងផ្ទុយពីច្បាប់អន្តរជាតិ។
ការលើកឡើងនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញលិខិតមួយដោយបានព្រមាន ចាត់វិធានការតាមច្បាប់ចំពោះបាតុកម្មខុសច្បាប់របស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលធ្វើឡើងនៅក្បែរទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។
សាលាក្រុងថា ការដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានធ្វើបាតុកម្មលើ ទ្រូងផ្លូវសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យឫស្សីកែវ ហើយបន្តដើរដោយថ្មើរជើងតាមដងផ្លូវឆ្ពោះ ទៅសាលាដំបូងរាជធានីភ្នំពេញនោះ ថាជាសកម្មភាពមិនស្របច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
សកម្មភាពមិនស្របនឹងច្បាប់ដែលសាលារាជធានីភ្នំពេញលើកឡើងនោះ ដោយថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមិនជូនដំណឹងជាថ្មីទៀតមកអាជ្ញាធរ។
សាលារាជធានីភ្នំពេញថា៖«មិនស្របមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារលោក និងលោកស្រីមិនបានជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ សារជាថ្មីឡើយ។ មិនស្របមាត្រា ១៦ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារសកម្មភាពខាងលើ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា សមាគមបានជូនដំណឹងទៅសាលារាជធានីភ្នំពេញទៅតាមច្បាប់ស្ដីបាតុកម្មរួចហើយ ដូច្នេះ លោកស្រីគ្មានអ្វីត្រូវព្រួយបារម្ភចំពោះការព្រមានរបស់សាលារាជធានីភ្នំពេញឡើយ។
លោកស្រីថា៖«ចំពោះខ្ញុំសាលារាជធានីភ្នំពេញចេញសេចក្ដីព្រមានមកនេះ គឺផ្ទុយពីនាយករដ្ឋមន្ត្រីប្រកាសប៉ុន្មានថ្ងៃមុនថា កុំឱ្យយកប្រព័ន្ធតុលាការ កុំឱ្យយកតួនាទីបង្ខូចឈ្មោះរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីផ្ទាល់ ។ ជាធម្មតាគេតែងចោទប្រកាន់ថា មកពីនាយករដ្ឋមន្ត្រី នេះជាមុខមាត់រដ្ឋាភិបាលហើយ។ អ្វីដែលធ្វើគឺរំលោភបំពានមកលើសមាគហើយ។ អ៊ីចឹងក្នុងនាមខ្ញុំជាប្រធានសមាគមសូមឱ្យនាយករដ្ឋមន្ត្រីហ្នឹងជួយធ្វើយ៉ាងណាកុំឱ្យអាជ្ញាធរមកគំរាមកំហែងចំពោះការសម្ដែងមតិ ការតវ៉ា ទាមទារអ្វីមួយព្រោះអីមានចែងក្នុងច្បាប់រួចរាល់ហើយ»។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីម្សិលមិញបានប្រមូលផ្ដុំគ្នាសម្ដែងមតិនៅខាងមុខទៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែងអ្នកជាប់ឃុំមនសិការក្នុងនោះ មានគ្រូបង្រៀន ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ, មេធាវីអន្តរជាតិកញ្ញា សេងធារី លោក អៀ ចាន់ណា ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយជាច្រើនផ្សេងទៀត។
ការឈរជួបជុំគ្នា សម្ដែងមតិនៅខាងមុខនោះ បន្ទាប់ពីអាជ្ញាធរបានបរិវេទទីលានប្រជាធិបតេយ្យ។ ការបិទនេះ ក្រោយពីសាលារាជធានីភ្នំពេញស្នើឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្អាកការរៀបចំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដោយលើកហេតុផលថា សំណើសុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ទុយទៅនឹងមាត្រា៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។
ក្រៅពីឈរសម្ដែងមតិហើយ សមាគមគ្រូបង្រៀនក៏បានដើរថ្មើរជើងពីទីលានប្រជាធិបតេយ្យកាន់សាលាដំបូងរាជធានីភ្នំពេញ និងគ្រោងទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីដាក់ញត្តិ ទាមទារដោះលែងអ្នកជាប់ឃុំមនសិការ។
ញត្តិដែលខាងសមាគមគ្រូបង្រៀនត្រូវបានមន្ត្រីតុលាការ និងមន្ត្រីខុទ្ទកាល័យមកទទួលនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរបានហាមមិនឱ្យដើរថ្មើរជើងទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីទៀតនោះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានទៅរំលោភឬ បំពានគោលការណ៍ច្បាប់ស្ដីពីបាតុកម្មឡើយ ផ្ទុយទៅវិញសាលារាជធានីភ្នំពេញទេដែលកំពុងរំលោភទៅលើច្បាប់ស្ដីពីបាតុកម្មនោះ។
លោកបញ្ជាក់ថា បើតាមលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលលោកបានឃើញនោះ គឺបានជូនដំណឹងទៅសាលារាជធានីភ្នំពេញហើយ ខណៈច្បាប់ស្ដីពីបាតុកម្ម បើជូនដំណឹងហើយ គឺអាចធ្វើបានហើយ ដោយមិនចាំបាច់ទៅជជែករហូតមានការឯកភាពីសាលាក្រុងឡើយ។
លោកថា៖«ក្រុមគ្រូបង្រៀនបានជូនដំណឹងម្ដងហើយ ប៉ុន្តែនៅពេលជូនដំណឹងទៅខាងសាលាក្រុងបានហៅទៅជជែកគ្នា អាហ្នឹងវាបង្ហាញពីការរឹតត្បិតមួយទៅហើយ។ យើងមិនចាំបាច់គិតអីទៅដល់វែងឆ្ងាយទេ ពីព្រោះនៅក្នុងគោលការណ៍ច្បាប់បាតុកម្មនៅពេលដែលគេធ្វើបាតុកម្មដែលមានគ្នាដូចជាក្រោម ២០០ នាក់ គេមិនចាំបាច់រហូតអីទៅដល់ថ្នាក់ទាល់តែមានការជជែកឯកភាពគ្នាហ្នឹងទេ គឺគ្រាន់តែជូនដំណឹងទៅគឺបានហើយ។ ប៉ុន្តែជាទូទៅសាលាក្រុងនៅតែព្យាយាមហៅក្រុមបាតុករទៅជជែក ដើម្បីរកការឯកភាព។
លោកថា៖«ដូច្នេះ កាលណារកការឯកភាពវាតែងមានបញ្ហា សាលាក្រុងប្រើប្រាស់គោលការណ៍នេះ គោលការណ៍នោះ ខុសនេះខុសនោះអ៊ីចឹងទៅ។ អាហ្នឹងវាជាការបង្ហាញពីការឹតត្បិតទៅហើយ ដូច្នេះយើងអត់មានអីទេ ។ ដូច្នេះការដែលសាលាក្រុងលើកឡើងនេះ វាគ្រាន់តែជាលេសមួយ ដើម្បីទម្លាក់បន្ទុក ទម្លាក់កំហុសទៅលើអ្នកធ្វើបាតុកម្ម ផ្ទុយទៅសាលាក្រុងខ្លួនកំពុងបង្ហាញពីការឹតត្បិតសេរីភាពីអ្នកធ្វើបាតុកម្មទាំងអស់ហ្នឹងហើយ ដែលកំពុងដើរប្រាស់ចាកពីគោលការប្រជាធិបតេយ្យផង និងច្បាប់យើងផង»។
លោក នី សុខា បន្តថា ប្រទេសកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរី ដូច្នេះ របបប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការ បញ្ចេញមតិ ក្នុងការជួបជុំដោយសន្តិវិធី ដែលនេះ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខណៈរដ្ឋធម្មនុញ្ញក៏បានធានាអំពើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិដែរ។
លោកចាត់ទុកការព្រមានរបស់សាលារាជធានីភ្នំពេញ ទៅកាន់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនោះ ជាការរឹតត្បិតសេរីភាព ក្នុងការជួបជុំសម្ដែងមតិដោយសន្តិវិធី បង្ហាញឆ្លុះបញ្ចាំឱ្យឃើញថា កម្ពុជាមិនទាន់បានអនុវត្តលទ្ធិប្រជាធិបតេយ្យស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញនោះទេ។
មាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕