កម្មករឱ្យដឹងថា ថៅកែរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) បានទទួលយកថ្នាក់ដឹកនាំសហជីព ៩នាក់ ឱ្យចូលធ្វើការងារវិញនៅសប្តាហ៍នេះ ក្រោយពួកគេប្តឹងទៅភាគីពាក់ព័ន្ធឱ្យជួយដោះស្រាយ ករណីថៅកែរោងចក្រនេះបញ្ចប់កិច្ចការងារដោយមិនត្រឹមត្រូវតាមច្បាប់។
កម្មករ-កម្មការិនីចំនួន ៩នាក់ ដែលជាថ្នាក់ដឹកនាំសហជីពឯករាជ្យប្រចាំរោងចក្រ អ៊ីស្តក្រោន ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែចេញលិខិតបញ្ចប់កិច្ចសន្យាការងារ ក្រោយកម្មករទាំងនោះនាំគ្នាបង្កើតសហជីពមួយឈ្មោះ «សហជីពឯករាជ្យ» នៅក្នុងរោងចក្រ ដើម្បីជួយតស៊ូមតិ និងការពារសិទ្ធិជូនកម្មករ ប៉ុន្តែត្រូវបានក្រុមកម្មករប្ដឹងករណីនេះ ទៅក្រសួងការងារ និងក្រុមហ៊ុនបញ្ជាទិញឱ្យជួយអន្តរាគមន៍ឱ្យពួកគេចូលធ្វើការងារវិញ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ថៅកែរោងចក្រ អ៊ីស្តក្រោន បានចេញសេចក្តីជូនដំណឹងមួយឱ្យតំណាងកម្មករ និងជាថ្នាក់ដឹកនាំសហជីពឯករាជ្យចំនួន ៩នាក់ ប្រចាំរោងចក្រនេះ រួមមាន អ្នកស្រី អៀម សំបាត់, អ្នកស្រី អាន យូសា, អ្នកស្រី ហ៊ន ស្រីនាង, លោក សួង សារិន, លោក សារ៉េត ថារ៉ីម, លោក ម៉ាត់ វី, លោក ឌួង តុលា, អ្នកស្រី ដួង សុខណា និងអ្នកស្រី ដួង សុកណាង ឱ្យចូលធ្វើការងារនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
ស្ថាបនិកសហជីពឯករាជ្យប្រចាំរោងចក្រ អ៊ីស្តក្រោន លោក ឌួង តុលា បញ្ជាក់ប្រាប់វីអូឌីថ្ងៃពុធនេះថា តំណាងកម្មករ និងថ្នាក់ដឹកនាំសហជីពទាំង៩នាក់នោះ ទើបតែចូលធ្វើការងារពេញលេញនៅថ្ងៃទី១០ ខែមករានេះទេ ដោយសារជាប់រវល់ធ្វើឯកសារផ្សេងៗតាមតម្រូវការរបស់ក្រុមហ៊ុន។
យ៉ាងណា វីអូឌី មិនអាចសុំការបញ្ជាក់ពីប្រធានផ្នែកធនធានមនុស្ស នៃរោងចក្រអ៊ីស្តក្រោន លោក វ៉ា អ៊ីហុង បានទេ ពាក់ព័ន្ធករណីនេះ។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ធ្លាប់បានចាត់ទុកករណីវិវាទការងារនៅរោងចក្រ អ៊ីស្តក្រោន នេះថា ជាការរើសអើងសហជីព ដោយលោកថា មុនបញ្ចប់កិច្ចសន្យាការងារកម្មករ គឺភាគីរោងចក្របានហៅកម្មករទាំង ៩នាក់ ទៅប្រាប់ឱ្យលាឈប់ពីសហជីព ដើម្បីទទួលបានការបន្តកិច្ចសន្យាការងារឡើងវិញ ហើយរដ្ឋបាលរោងចក្រក៏ធ្លាប់ផ្ញើសារទៅកម្មករថាពុំមានការបញ្ចប់កិច្ចសន្យាការងារផងដែរ។
បើតាមលោក រី សិទ្ធីណែត កន្លងមក សហជីពរបស់លោកបានប្តឹងករណីនេះទៅក្រសួងការងារ និងក្រុមហ៊ុនបញ្ជាទិញម៉ាកភូម៉ា (PUMA) ហើយក្រសួងការងារបានកោះហៅភាគីជម្លោះទៅផ្សះផ្សាជាច្រើនលើកច្រើនសា ប៉ុន្តែមិនមានដំណោះស្រាយនោះទេ និងបានឱ្យភាគីមិនពេញចិត្តប្តឹងទៅតុលាការបន្តផងដែរ។
ចំណែកតំណាងក្រុមហ៊ុនបញ្ជាទិញម៉ាកភូម៉ា (PUMA) បានប្រាប់វីអូឌីតាមរយៈប្រព័ន្ធអេឡេចត្រូនិចអ៊ីម៉ែលកាលពីថ្ងៃទី២៥ ខែតុលា ថា ក្រុមហ៊ុនមួយនេះបេ្តជ្ញាការពារសិទ្ធិកម្មករក្នុងការបង្កើតសហជីព ហើយមិនអត់ឱនចំពោះការរំលោភបំពានលើសេរីភាពសហជីពឡើយ។
បើតាមកម្មករ រោងចក្ រអ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) មានកម្មករប្រមាណ៣ ០០០នាក់ កំពុងបម្រើការងារ ដែលមានថៅកែជាជនជាតិចិន និងជារោងចក្រផលិតស្បែកជើងម៉ាក ភូម៉ា (PUMA)៕