នៅថ្ងៃអាទិត្យទី២៧កុម្ភៈនេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេសអាស៊ាននៅទីក្រុងវៀងច័ន្ទប្រទេសឡាវដោយពួកគេបានសម្ដែងក្ដីបារម្ភពីជម្លោះសមុទ្រចិនខាងត្បូង។
តាមបណ្ដាញផ្សាយព័ត៌មានម៉ាឡេស៊ី New Straits Times Press កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេសអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាដោយបង្ហាញក្ដីបារម្ភពីភាពតានតឹងកាន់តែខ្លាំងឡើងៗដោយសារជំលោះសមុទ្រចិនខាងត្បូង។
ជំលោះសមុទ្រចិនខាងត្បូងកើតឡើងរវាងប្រទេសចិនជាមួយហ្វីលីពីន ចិនជាមួយវៀតណាម និងប្រទេសពីរទៀតជាមួយនៃសមាគមនអាស៊ានគឺប្រទេសព្រុយណេនិងប្រទេសម៉ាឡេស៊ី រួមនិងកោះតៃវ៉ានផងដែរ។
កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាននៅឡាវលើកនេះពួករដ្ឋមន្ដ្រីបានដាក់ចេញនៅការព្រួយបារម្ភនៅពេលដែលពួកគេមើលឃើញថាប្រទេសដែលមានជំលោះបានបង្ហាញសក្ដានុពលកងទ័ពកាន់តែខ្លាំងឡើងៗជាពិសេសគឺប្រទេសចិនដែលជាប្រទេសមានប្រជាជនច្រើនលើសលប់។
ប្រទេសធំមួយនេះកាលថ្មីៗបានដាក់ពង្រាយកាំជ្រួចបាញ់យន្ដហោះនិងយន្ដហោះចម្បាំងនៅលើកោះ Woody នៅប្រជុំកោះប៉ារ៉ាហ្សែល។
ករណីនេះមិនមែនតែត្រឹមតែជំលោះក្នុងតំបន់តែមួយប៉ុណ្ណោះទេ គឺប្រទេសចិនកំពុងប្រឈមមុខជាមួយនិងសហរដ្ឋអាមេរិកផងដែរ។
សហរដ្ឋអាមេរិកបានព្រមានឲ្យចិនបញ្ឈប់ឬក៏ដកកាំជ្រួចចេញពីតំបន់នោះ។
បន្ថែមលើនេះអាមេរិកបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងបើកទៅកាន់តំបន់នោះទៀតផង៕
ប្រភព: New Straits Times Press