ក្រសួងការពារជាតិប្រកាសប្រឆាំងចំពោះជនណាដែលធ្វើឱ្យប៉ះពាល់កិត្តិយសកងទ័ព

(ឆ្វេង) លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (កណ្ដាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង (ស្ដាំ) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។ (ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

ក្រសួងការពារជាតិ ប្រកាសប្រឆាំងដាច់ខាតចំពោះជនណាដែល​ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ ខណៈបុរសម្នាក់បានរិះគន់​អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ថាបានអំណាចដោយសារឪពុក មិនមែនបានដោយសមត្ថភាព។

ការប្តេជ្ញានេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងការពារជាតិ បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៤ ខែមករា​ និងបន្ទាប់ពីថ្មីៗ មានការចែកចាយវីដេអូបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ករណីបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានកងកម្លាំងផ្កាយ៣ និងមានឈ្មោះនៅឡើងស្លាកអាវថា «ឡុង សុគន្ធារៈ» រិះគន់លោក ហ៊ុន ម៉ាណែត ថាបានអំណាចដោយសារឪពុកត្រួសត្រាយផ្លូវ មិនមែនបានពីសមត្ថភាពខ្លួនឯងផ្ទាល់។

បុគ្គលឈ្មោះ ឡុង សុគន្ធារៈ បានរៀបរាប់ក្នុងវីដេអូនោះថា លោក ហ៊ុន ម៉ាណែត បានរៀនសូត្រនៅសាលាបណ្ឌិតសភាយោធា West Point នៅសហរដ្ឋអាមេរិក និងបានរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេសថែមទៀត។ យ៉ាងណា លោកថា បើទោះទទួលបានការសិក្សាខ្ពស់ក៏ពិតមែន ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានឋានៈតួនាទី និងអំណាចតាមរយៈសមត្ថភាពខ្លួនឯងឡើយ ពោលគឺបានមកពីការបើកផ្លូវរបស់ឪពុក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកបន្តថា លោក ហ៊ុន ម៉ាណែត បានដាក់តួនាទីខ្លួនឯងជាឯកឧត្តមបណ្ឌិតជាដើម ទាំងដែលឪពុកជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម ដើរបង្ករឿង ចោទប្រកាន់ និងលាបពណ៌អ្នកដទៃ។

បុរសម្នាក់នេះបន្ថែមថា លោកមិនសរសើរនូវអំណាចដែលលោក ហ៊ុន ម៉ាណែត មានក្នុងដៃទេ ព្រោះអំណាចនេះបានពីឪពុកដែលដើរជិះជាន់អ្នកដទៃ គំរាមកំហែង ប្រមាថ និងចាប់គេដាក់គុក។

លោក ឡុង សុគន្ធារៈ ថា៖ « អញសួរឯង អាម៉ាណែត! បើសិនជា ហ៊ុន សែន ជាឪអញវិញណា ហើយអញរៀនដល់បណ្ឌិតដូចឯង ហើយអញរៀននៅ West Point អញប្រាប់ឪអញអត់ឱ្យធ្វើអ៊ីចឹងដើម្បីអញទេ ពីព្រោះវាបាបៗ។ ឯងយល់ទេ? ឱ្យឪទទួលកំហុសជំនួសឯងទាំងអស់ ដើម្បីឱ្យឯងធ្វើល្អ។ ឯងដើរតួធ្វើអាត្រឹមត្រូវ ឪឯនេះដើរបញ្ចោរគេ ជេរគេ ឈ្លោះគ្នា ដើរចាប់គេដាក់គុកច្រវាក់ សព្វបែបយ៉ាងទាំងអស់ ដើម្បីបើកផ្លូវឱ្យអាកូនចោលម្សៀត»។

ក្រោយវីដេអូនោះត្រូវបានចែករំលែកបន្តគ្នា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា បុគ្គលឈ្មោះ ឡុង សុគន្ធារៈ បានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរសក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។

ប្រភពដដែលថ្កោលទោសយ៉ាងដាច់អហង្ការ ដោយចាត់ទុកទង្វើរបស់បុគ្គលឈ្មោះ ឡុង សុគន្ធារៈ ជាបុគ្គលពាលក្រៅសង្គម ដោយញុះញង់ការគ្រងឯកសណ្ឋានយោធាដោយខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។ ក្រសួងការពារជាតិថា នេះជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងឱ្យបាន។

អ្នកនាំពាក្យក្រសួងការពារជាតិថា៖ «សូមប្រកាសប្រឆាំងដាច់ខាតចំពោះជនណាដែលព្យាយាមធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយមករំលោភបំពានបានឡើយ»។

អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជនកុំ​ចែកចាយបន្តនូវវីដេអូរបស់បុគ្គលរូបនេះ និងបានប្រាប់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការផ្តន្ទាទោសជននេះតាមផ្លូវច្បាប់។

វីអូឌី បានទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ ប៉ុន្តែទូរសព្ទចូល គ្មានអ្នកទទួល។

យ៉ាងណា ពាក់ព័ន្ធករណីនេះដែរ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក៏បានចេញញត្តិថ្កោលទោសចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃដដែលនោះ។

ញត្តិថ្កោលទោសដែលមានខ្លឹមសារស្រដៀងគ្នានឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដែរនោះ លើកឡើងដោយចាត់ទុកទង្វើរបស់​បុគ្គល ឡុង សុគន្ធារៈ ​ថាបង្កអសន្តិសុខជាតិ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ ​មិនអាចលើកលែងឱ្យបាន។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ លោក ថោង សូលីម៉ូ ប្រាប់វីអូឌីនៅថ្ងៃទី ២៤ ខែមករា ​ថា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្កោលទោសចំពោះបុគ្គល ឡុង សុគន្ធារៈ ហើយថានឹងប្តឹងបុគ្គលរូបនេះទៅតុលាការផងដែរ។ ​

លោក ថោង សូលីម៉ូ ថា៖ «អគ្គមេបញ្ជាការ នឹងប្តឹងទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសជន[ឈ្មោះ ឡុង សុគន្ធារៈ] នេះទៅតាមផ្លូវច្បាប់»។

នៅពេលវីអូឌីសុំការបញ្ជាក់ថា តើបុគ្គលឈ្មោះ ឡុង សុគន្ធារៈ នេះ ធ្លាប់ជាកងកម្លាំង ឬមន្ត្រីកម្ពុជា ពីមុនមក ឬយ៉ាងណា? ប៉ុន្តែគេដឹងថា លោក សុគន្ធារៈ បច្ចុប្បន្នមានអាសយដ្ឋាននៅក្រៅប្រទេស។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន លោក ថោង សូលីម៉ូ អះអាងថា បុគ្គលនេះមិនធ្លាប់ជាកងកម្លាំងទេ។

លោក ថោង សូលីម៉ូ អះអាងថា៖ «អត់ទេ! ខោអាវនេះ វាទិញពីភ្នំពេញទៅ»។

​ជាមួយគ្នានេះ ប្អូនប្រុសបង្កើតរបស់លោក​ ហ៊ុន ម៉ាណែត គឺ លោក ហ៊ុន ម៉ានី បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃចន្ទ ដោយចាត់ទុកទង្វើនេះជាការប្រមាថ ដែលមិនអាចទទួលយកបាន។

លោកថា ក្នុងនាមជាប្អូន ពាក្យសម្ដីទាំងនេះបានប៉ះពាល់មកដល់អារម្មណ៍ និងមនោសញ្ចេតនាលោកផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ។

លោក ហ៊ុន ម៉ានី ថា៖ «ខ្ញុំសូមអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធាមកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា លោកគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បើសិនមានជនណាក្លែងបន្លំឯកសណ្ឋានកងកម្លាំង ហើយប្រព្រឹត្តអំពើមិនគប្បីណាមួយធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលនោះ។ លោកថា រឿងនេះគួរតែមានការចាត់វិធានការ។

យ៉ាងណា លោកស្នើក្រសួងការពារជាតិ គួរតែវែកមុខជនបរិហារនោះ ថាតើគាត់ជាអ្នកក្លែងបន្លំមែន ឬមានឋានន្តរសក្តិត្រឹមត្រូវក្នុងជួររដ្ឋាភិបាល ដើម្បីបកស្រាយបញ្ជាក់នូវសមាសភាពឱ្យបានច្បាស់លាស់។

អ្នកជំនាញផ្នែកការស្រាវជ្រាវរូបនេះថា បើសិនរកឃើញថា បុគ្គលនោះជាជនក្លែងបន្លំ វាជារឿងមួយដែលក្រសួងការពារជាតិ គួរពិចារណាពីមូលហេតុដែលនាំឱ្យបុគ្គលនៅក្រៅស្ថាប័នអាចប្រើប្រាស់នូវសម្លៀកបំពាក់ ឬសម្ភារជាអត្តសញ្ញាណរបស់ក្រសួងបានបែបនេះ។

លោក សេក សុជាតិ ថានេះមិនមែនជាលើកទី១ទេ ដែលមានគេប្រើឯកសណ្ឋានក្លែងបន្លំ ខណៈកន្លងទៅ បុគ្គលខ្លះបានប្រើអត្តសញ្ញាណនេះបោកប្រាស់ ដែលអាចបង្កហានិភ័យ ឬផលប៉ះពាល់ដល់ពលរដ្ឋ។ ដូច្នេះ គួរមានការបកស្រាយឱ្យច្បាស់នូវការប្រើឯកសណ្ឋាន កុំឱ្យមានការភ័ន្តច្រឡំ។

លោក សេក សុជាតិ ថា៖ «យើងគិតថា រឿងអីក៏ដោយ យើងគួរតែពិចារណា! ហើយយើងក៏ចង់ឃើញកងយោធពលខេមរភូមិន្ទកម្ពុជាមានភាពអព្យាក្រឹត ធ្វើយ៉ាងម៉េចគោរពទៅតាមរដ្ឋធម្មនុញ្ញ ហើយកុំប្រើប្រាស់ឥទ្ធិពលខុសអំពីអ្វីដែលមានចែងនៅក្នុងលក្ខន្តិកៈ ឬក៏បទបញ្ជារបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជារដ្ឋធម្មនុញ្ញ ពីព្រោះយើងដឹងហើយថា យើងជាកងទ័ពរបស់ជាតិ មិនមែនជាកងទ័ពរបស់ក្រុម ឬក៏បក្ខពួកណាមួយនោះទេ។ យើងគឺជាអ្នកការពារជាតិ យើងមិនមែនជាអ្នកការពារបុគ្គល ឬក៏អ្នកការពារគ្រួសារមួយនៅក្នុងចំណោមគ្រួសាររាប់លាននាក់នៅក្នុងប្រទេសកម្ពុជាយើងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ