ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃម្សិលមិញថា គោលនយោបាយ “ចិនតែមួយ” របស់ខ្លួន គឺជាមូលដ្ឋានដែលមិនអាចចរចាបាន សម្រាប់ទំនាក់ទំនងចិន-អាមេរិក ហើយក្រុងប៉េកាំងបានជំរុញទៅភាគពាក់ព័ន្ធនៅអាមេរិក ឲ្យទទួលស្គាល់បញ្ហាកោះតៃវ៉ាន់។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters ក្រសួងការបរទេសចិនបានថ្លែងដូច្នេះនៅលើវេបសាយរបស់ខ្លួន ដែលជាការឆ្លើយតបទៅនឹងសម្ដីរបស់អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងក្នុងកិច្ចសម្ភាសជាមួយកាសែត Wall Street Journal ថា គោលនយោបាយ “ចិនតែមួយ” អាចចរចាបាន។
ចាប់តាំងពីឆ្នាំ១៩៧៩មក សហរដ្ឋអាមេរិកបានទទួលស្គាល់កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ប៉ុន្តែ លោក ត្រាំ បានបញ្ឆេះឲ្យមានការតវ៉ាផ្នែកកាទូតពីសំណាក់ក្រុងប៉េកាំង បន្ទាប់ពីជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី សៃ អ៊ឹងវ៉េន កាលពីដើមខែធ្នូឆ្នាំមុន៕