មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បាននិយាយនៅថ្ងៃនេះថា ប្រទេសចិនបានបណ្ដេញបេសសាសនទូតគ្រីស្ដជាជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់ ចេញពីប្រទេសចិន ចំពេលដែលមានភាពតានតឹងផ្នែកកាទូតរវាងប្រទេសទាំងពីរ ជុំវិញផែនការដាក់ពង្រាយខែលការពារមីស៊ីលរបស់អាមេរិក នៅប្រទេសកូរ៉េខាងត្បូង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា ពលរដ្ឋកូរ៉េខាងត្បូង ៣២នាក់ ទៅបំពេញការងារផ្សព្វផ្សាយសាសនា នៅតំបន់យ៉ាន់ជី ស្ថិតនៅភាគឦសានប្រទេសចិន នៅជាប់ព្រំដែននឹងកូរ៉េខាងជើង ដែលភាគច្រើននៃពួកគេ បានធ្វើការអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃម្សិលមិញដោយខ្លីអំពីក្រុមសាសនទូតទាំងនោះ ដោយថា ពួកគេត្រូវបានអាជ្ញាធរចិនបណ្ដេញកាលពីខែមករាកន្លងមក។
ក្រសួងបន្ថែមថា ក្រសួងបានណែនាំក្រុមសាសនទូតទាំងនោះអំពីសារសំខាន់នៃការអនុវត្តតាមច្បាប់ និងប្រពៃណីក្នុងតំបន់ដែលពួកគេធ្វើការ។
នៅកូរ៉េខាងត្បូង ប្រទេសចិនត្រូវបានគេជឿយ៉ាងទូលំទូលាយថា កំពុងតែសងសឹកទៅនឹងផែនការរបស់កូរ៉េខាងត្បូង ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់យោធាអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងវាយប្រហារពីកូរ៉េខាងជើង៕