នគរបាលជាតិកម្ពុជា បានឲ្យដឹងថា ពលរដ្ឋខ្មែរម្នាក់ នៅខេត្តព្រះវិហារ បានជាន់មីនផ្ទុះដាច់ជើង អំឡុងពេលឆ្លងដែនចូលទៅកាប់ឈើក្រញូងនៅក្នុងទឹកដីថៃ កាលពីថ្ងៃម្សិលមិញនេះ។
ទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ បានរៀបរាប់ថា កសិករឈ្មោះ ជី វង់ អាយុ ២៣ឆ្នាំ រស់នៅភូមិរំដោះស្រា ស្រុកជាំក្សាន្ត បានជាន់មីននៅជិតតំបន់ព្រំដែនច្រកអានសេះ នៅព្រឹកថ្ងៃម្សិលមិញនេះ អំឡុងពេលធ្វើដំណើរជាមួយអ្នកភូមិផ្សេងទៀត ឆ្លងដែនចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ។
នគរបាលជាតិ បានឲ្យដឹងទៀតថា បុរសរងគ្រោះនោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៦ មករា នៅក្នុងខេត្តព្រះវិហារ។
ពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ តែងតែរងគ្រោះជាញឹកញាប់ អំឡុងពេលពួកគេលួចឆ្លងដែន ចូលទៅកាប់ឈើប្រណិតនៅក្នុងទឹកដីថៃ៕